មហោស្រពភាពយន្តអន្តរជាតិកម្ពុជា បើកដំណើរការឡើងវិញ ក្រោយខកខាន២ឆ្នាំ

27/05/2022 5:34 pm ភ្នំពេញ

ដោយ៖ ហេង ស្រីលីន 

ភ្នំពេញ​៖ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) លើកទី១១ នឹងបើកដំណើរការឡើងវិញពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដាខាងមុខ ក្រោយបិទទ្វារក្នុងឆ្នាំ២០២០ ដោយសារជំងឺកូវីដ-១៩។ នេះបើតាមការចុះផ្សាយរបស់មហោស្រពភាពយន្តអន្តរជាតិកម្ពុជា។



មហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានចាប់កំណើតឡើងកាលពី១២ឆ្នំាមុន នៅពេលដែលឧស្សាហកម្មភាពយន្តទើបនឹងចាប់ផ្តើមជាមួយនឹងការបង្កើតមជ្ឈមណ្ឌលបុប្ផាណា។ មជ្ឈមណ្ឌលបុប្ផាណា ជាអង្គការភាពយន្តតែមួយគត់នៅកម្ពុជា ដែលបណ្តុះបណ្តាលជំនាញ និងទទួលថតភាពយន្តបរទេសនៅកម្ពុជា (CFC)។ 

 លោក Cedric Eloy នាយកនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) បានលើកឡើងថា៖ «២ឆ្នាំចុងក្រោយនេះ ជាពេលវេលាដ៏លំបាកចំពោះវិស័យទាំងឡាយ ដែលពាក់ព័ន្ធនឹងការច្នៃប្រឌិតរបស់សិល្បករ និងស្ថាប័នវប្បធម៌។ ដូច្នេះយើងចង់ថ្លែងអំណរគុណអ្នកទាំងគ្នា និងចង់ឱ្យមានការគាំទ្រទាំងអស់គ្នា។ ថ្ងៃនេះ គឺជាក្តីសង្ឃឹមរបស់ពួកយើង និងជាក្តីសោមនស្សធំបំផុត ដែល CIFF នឹងនាំកម្លាំងនៃក្រុមច្នៃប្រឌិតទាំងអស់ឱ្យមកជួបជុំគ្នាជាថ្មី។ ឆ្នាំទី១១នេះ នឹងដើរតួរសំខាន់ ក្នុងការបញ្ឆោះម៉ាស៊ីនរបស់ឧស្សាហកម្មភាពយន្តជាថ្មី នៃការទស្សនាភាពយន្តលើផ្ទាំងសំពត់ស»។

ជាមួយគ្នានេះ លោក ជា សុភាព ​នាយកមជ្ឈមណ្ឌលបុប្ផាណា ពន្យល់ថា វប្បធម៌ភាពយន្ត បានចាក់ឫសនៅកម្ពុជាតាំងពីទសវត្សឆ្នាំ១៩៥០​ ហើយបានក្លាយជាព្រឹត្តិការណ៍វប្បធម៌ នៅទសវត្សឆ្នាំ១៩៦០ និងដើមទសវត្សឆ្នាំ១៩៧០។ ទោះវិស័យភាពយន្តត្រូវកាត់ផ្តាច់ ឬបំផ្លាញក្នុងសម័យខ្មែរក្រហម ក៏សព្វថ្ងៃតែគេសង្កេតឃើញថា យុវជនចូលចិត្តស្វែងយល់ពីសិល្បៈភាពយន្ត និងបង្ហាញខ្លួនឯងតាមភាពយន្តផងដែរ។

នាយកមជ្ឈមណ្ឌលបុប្ផាណារូបនេះ បញ្ជាក់ថា៖ «ជំងឺកូវីដ-១៩ បានប៉ះពាល់យ៉ាងខ្លាំងដល់វិស័យភាពយន្តនៅកម្ពុជា និងទូទាំងពិភពលោក។ សកម្មភាពវប្បធម៌ និងភាពយន្តនៅកម្ពុជាត្រូវបានបិទ ​និងរឹតត្បិតរយៈពេលពីរឆ្នាំ។ ដូច្នេះយើងពិតជារីករាយណាស់ ដែលអាចនាំយកព្រឹត្តិការណ៍ភាពយន្តដ៏ធំបំផុតមួយ នៅកម្ពុជាដើម្បីបង្ហាញជូនទស្សនិកជនឡើង​វិញ»។

សម្រាប់លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ​បានលើកឡើងថា ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ ខែកុម្ភៈមក រដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទប់ស្កាត់ជំងឺកូវីត-១៩។ តាមការសង្កេតរបស់លោក ប៉ុក បូរក្ស ការប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យឧស្សាហកម្មភាពយន្ត រដ្ឋាភិបាលនិងក្រសួងវប្បធម៌បានខិតខំជួយដោះស្រាយបញ្ហាប្រឈម ដោយលើកទឹកចិត្តផលិតករ អាជីវករក្នុងវិស័យភាពយន្តផងដែរ។ 

លោក ប៉ុក បូរក្ស បន្ថែមថា៖ «តាងនាមឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ មាន​ភាពត្រេកត្រអាលយ៉ាងខ្លាំង ដែលក្រុមប្រឹក្សាភិបាលរបស់ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានសម្រេចនាំយកមហោស្រពភាពយន្តដ៏ធំក្នុងប្រទេសកម្ពុជានេះ ត្រលប់មកវិញ ក្នុងខែមិថុនានេះ។ យើងសង្ឃឹមថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា នឹងជួយនាំយកមកវិញនូវស្មារតីនៃ​វិស័យភាពយន្តកម្ពុជា»។

គួរបញ្ជាក់ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) លើកទី១១នេះ នឹងដាក់បង្ហាញនៅសាលសន្និសីទចតុមុខ រោងភាពយន្តMajor Cineplex រោងភាពយន្តLegend Cinema សណ្ឋាគារRosewood មជ្ឈមណ្ឌលបុប្ផាណា វិទ្យាស្ថានបារាំង Java Creative​ និង Factory Phnom Penh៕


 

ព័ត៌មានទាក់ទង