សារៈសំខាន់ចំពោះការប្រារព្ធទិវាពិភពលោកនៃការធ្វើចរាចរផ្លាស់ទីរបស់មច្ឆជាតិ

ដោយ: Chhut Chheana /USAID Wonders of the Mekong
ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ រដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានប្រារព្ធទិវានៃការផ្លាស់ទីមច្ឆជាតិពិភពលោក ២០២២ នៅក្នុងទន្លេចតុមុខ ទីប្រសព្វនៃទន្លេទាំងបួន គឺទន្លេសាប ទន្លេបាសាក់ ទន្លេមេគង្គលើ និងទន្លេមេគង្គក្រោម ក្នុងរាជធានីភ្នំពេញ ។ ក្នុងនោះ គឺមានការលែងកូនត្រីដែលមានបំពាក់ស្លាកសញ្ញាដើម្បីតាមដាន ដូចជា កូនត្រីគល់រាំងចំនួន ១០០ក្បាល ត្រីគល់រាំងជំទង់ ៤ក្បាល ត្រីប្រាធំជំទង់ចំនួន១០០ ក្បាល។ បន្ថែមពីលើនេះ ក៏មានកូនត្រីឆ្ពិនចំនួន ២០០០ក្បាល កូនត្រីប្រាចំនួន ២០០០ក្បាលទៀតផងដែរ។

គោលបំណងនៃការប្រារព្ធទិវានៃការផ្លាស់ទីមច្ឆជាតិពិភពលោកនេះឡើង គឺដើម្បីលើកកម្ពស់ការយកចិត្តទុកដាក់ជាសកល ចំពោះតម្រូវការសម្រាប់ការស្តារឡើងវិញ នូវការតភ្ជាប់ទន្លេ សម្រាប់ការធ្វើចរាចរផ្លាស់ទីរបស់មច្ឆជាតិ ដើម្បីទទួលបានបរិមាណត្រីប្រកបដោយគុណភាព និងទន្លេដែលមានផលិតភាពកាន់តែប្រសើរ។

លោក ឆេង ផែន អនុប្រធានរដ្ឋជលផល បានឱ្យដឹងថា ការប្រារព្ធទិវានៃការផ្លាស់ទីមច្ឆជាតិពិភពលោកនេះមានសារៈសំខាន់ណាស់។ កម្មវិធីនេះ បានក្រើនរំឮកដល់យើងទាំងអស់គ្នាថា មច្ឆជាតិត្រូវការ ការធ្វើចរាចរផ្លាស់ទី ដើម្បីបំពេញវដ្តជីវិតរបស់វា។ លោក ឆេង ផែន បានបន្តថា៖ «ចំពោះប្រទេសកម្ពុជា យើងមានត្រីចំនួន ៤៧៧ ប្រភេទ ក្នុងនោះ ៣៥ ភាគរយ ជាពពួកត្រីដែលធ្វើបម្លាស់ទីផ្លូវឆ្ងាយ ៤៥ ភាគរយ ជាត្រីដែលធ្វើចរាចរផ្លាស់ទីផ្លូវជិត។ ដូច្នេះ យើងទាំងអស់គ្នា ចាំបាច់ត្រូវតែការពារផ្លូវធ្វើចរាចរផ្លាស់ទីរបស់វា ដើម្បីធានាថា ត្រីអាចធ្វើចរាចរផ្លាស់ទី ពីតំបន់មួយទៅតំបន់មួយទៀត ដើម្បីបំពេញវដ្តជីវិតរបស់វាដោយជោគជ័យ។
លោក ឆេង ផែន បានអំពាវនាវ ដល់ប្រជានេសាទទាំងអស់ សូមធ្វើការនេសាទដោយភាពទទួលខុសត្រូវ និងទៅតាមច្បាប់កំណត់។ « ខ្ញុំក៏សូមអំពាវនាវ ដល់ប្រជានេសាទ និងប្រជាជនទូទាំងប្រទេស ព្រមទាំងអ្នកធ្វើសេចក្ដីសម្រេចចិត្ត ចំពោះគម្រោងផ្សេងៗ ដែលមានជាប់ពាក់ព័ន្ធទៅនឹងផ្លូវធ្វើចរាចរផ្លាស់ទីរបស់មច្ឆជាតិ សូមមេត្តាពិចារណាដាក់សារសំខាន់នៃធនធានជលផល ចូលទៅក្នុងការធ្វើការសម្រេចចិត្តនានា»។
_1653538459.jpg)
លោកស្រី ឡូរ៉ា ស៊ីស្មូ ប្រធានការិយាល័យស្តីទី ការិយាល័យកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព របស់ទីភ្នាក់ងារជំនួនសហរដ្ឋអាមេរិកប្រចាំកម្ពុជា បាសម្តែងក្តីសោមនស្សរីករាយ ដែលលោកស្រីមានកិត្តិយស បានចូលរួមក្នុងកម្មវិធីនេះ។ លោកស្រី ស៊ីស្មូ បានថ្លែងថា៖ «ក្នុងកម្មវិធីនេះ យើងមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីទន្លេ ដែលមានលំហូរដោយសេរី និងសារៈសំខាន់នៃប្រភេទត្រីដែលធ្វើចរាចរផ្លាស់ទី និងប្រភេទជិតផុតពូជ។ ខ្ញុំសូមថ្លែងអំណរគុណដល់រដ្ឋបាលជលផល ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការងារអភិរក្សប្រភេទត្រីសំខាន់ និងជិតផុតពូជ»។
តាមរយៈគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong ) របស់ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក (USAID) យើងបានលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីការការពារ និងអភិរក្ស ព្រមទាំងអត្ថប្រយោជន៍នៃប្រព័ន្ធអេកូឡូស៊ីដែលទន្លេមេគង្គ និងទន្លេសាបបានផ្តល់ឱ្យ។ ប្រជាជនកម្ពុជាជាង 70 ភាគរយទទួលបានប្រភពអាហារូបត្ថម្ភរបស់ពួកគេពីបឹងទន្លេសាប ដែលជាប្រព័ន្ធអេកូឡូស៊ីចម្រុះ និងផលិតភាពបំផុតមួយរបស់ពិភពលោក។ លោកស្រី ឡូរ៉ា ស៊ីស្មូ បន្តថា៖ «បឹងទន្លេសាប គឺជាប្រភពសំខាន់នៃការផ្គត់ផ្គង់ស្បៀងនៅក្នុងប្រទេសកម្ពុជា។ ឥឡូវនេះបឹង និងប្រព័ន្ធអេកូឡូស៊ីជុំវិញបឹង កំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងៗ ពីការទាញយកផលហួសហេតុ ការបំផ្លាញទីជម្រក និងការបាត់បង់ព្រៃលិចទឹក។
លោកស្រី ឡូរ៉ា ស៊ីស្មូ ក៏បានថ្លែងពីមោទកភាពចំពោះគម្រោងកអច្ឆរិយភាពនៃទន្លេមេគង្គ ក្នុងការដើរតួ ដើម្បីលើកកម្ពស់ការគ្រប់គ្រងប្រកបដោយនិរន្តរភាព នៃធនធានជលផលទន្លេមេគង្គ ដ៏សំខាន់ទាំងនេះ។ លោកស្រីបន្តថា៖ «យើងសង្ឃឹមថា ការងាររបស់យើងនឹងបានចូលរួមចំណែកដល់លំហូរទឹកដោយសេរីរបស់ទន្លេមេគង្គ ដើម្បីការអភិរក្សធនធានជលផលទាំងនេះ និងអនុញ្ញាតឱ្យត្រីធ្វើចរាចរផ្លាស់ទី ពងកូន និងញាស់ ហើយលូតលាស់ ធំធាត់នៅក្នុងជម្រកធម្មជាតិរបស់វាបានកាន់តែច្រើនឡើង៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

