លោក វេង សាខុន៖ ការយកដីភ្នំតាម៉ៅ ទៅដូរយកដីកន្លែងផ្សេង «មិនប៉ះពាល់សួនសត្វ» ឡើយ

20/05/2022 9:00 am តាកែវ

ដោយ៖ ទេពញាណ 
 
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ អះអាងថា ការយកដីនៅតំបន់ភ្នំតាម៉ៅ ក្នុងខេត្តតាកែវ ទៅដោះដូរយកដីនៅតំបន់ផ្សេង «មិនប៉ះជាន់លើផ្ទៃដីឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ» នោះទេ។ ការអះអាងរបស់លោករដ្ឋមន្រ្តីកសិកម្ម ធ្វើឡើងតាមរយៈលិខិត១ច្បាប់ ដែលលោក ឆ្លើយតបនឹងលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីនៃទីស្តីការគណៈរដ្ឋមន្រ្តី។

ក្នុងលិខិត ដែលចុះកាលបរិច្ឆេទតាំងពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ លោក វេង សាខុន បានជម្រាបជូនលោក ប៊ិន ឈិន ដូច្នេះថា៖«ការដោះដូរផ្ទៃដីតំបន់ភ្នំតាម៉ៅ ជាការចាំចាច់របស់រាជរដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងផ្តល់បន្ថែមទៀតនូវទុនសម្រាប់ការអភិវឌ្ឍគម្រោងយុទ្ធសាស្រ្តនានា ជំរុញ និងកែលម្អឧទ្យានសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ អាចប្រកួតប្រជែងក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន ព្រមទាំងជំរុញកំណើនចំណូលធានានិរន្តរភាពផងដែរ»។  
 
លិខិតរបស់លោក វេង សាខុន បានឲ្យដឹងថា ផ្ទៃដីឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ មានទំហំជាង៤០០ហិកតា ដែលមានរបងព័ទ្ធជុំវិញ។ 
 
កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញសេចក្តីជូនដំណឹង (សជណ) ស្តីពីការសម្រេចរបស់រដ្ឋាភិបាល ក្នុងការផ្តល់ដី៨០០ហិកតានៅតំបន់ភ្នំតាម៉ៅ ទៅឲ្យក្រុមហ៊ុនខ្មែរ ហ្រ្វេស មីល ឯ.ក (Khmer Fresh Milk) ដើម្បីអភិវឌ្ឍ ហើយរដ្ឋាភិបាល បានទទួលមកវិញនូវដី១១២២ហិកតា នៅតំបន់ផ្សេង។ សជណនោះ ត្រូវបានបញ្ជូនទៅកាន់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និង លោក អ៊ូច ភា អភិបាលខេត្តតាកែវ។ ការចេញលិខិតពីសំណាក់លោក វេង សាខុន គឺជាការឆ្លើយតបនឹងសជណរបស់ទីស្តីការគណៈរដ្ឋមន្រ្តី។ បើតាមសជណ ដីទាំង៨០០ហិកតា នៅតំបន់ភ្នំតាម៉ៅ ដែលត្រូវបានប្រគល់ឲ្យក្រុមហ៊ុនខ្មែរ ហ្វ្រេស មីល មាន២ទីតាំង។ 
 
ទីតាំងទី១ មានទំហំ៣០០ហិកតា គឺជាទីតាំងស្ថានីយ៍ចិញ្ចឹមគោពូជភ្នំតាម៉ៅ ដែលគ្រប់គ្រងដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម។ តំបន់ដែលរដ្ឋាភិបាល បានមកវិញពីការកាត់តំបន់ដី៣០០ហិកតានេះ ទៅឲ្យក្រុមហ៊ុនខ្មែរ ហ្រ្វេស មីល គឺមានទំហំ៤០០ហិកតា ដែលស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ សជណ មិនបញ្ជាក់ថា រដ្ឋាភិបាល នឹងទុកតំបន់ដី៤០០ហិកតានោះ សម្រាប់អភិវឌ្ឍអ្វីនោះទេ។ 
 
ទីតាំងទី២ មានទំហំ៥០០ហិកតា គឺជាទីតាំងឧទ្យានសួនសត្វ និងជាមជ្ឈមណ្ឌលសង្គ្រោះសត្វភ្នំតាម៉ៅ។ ការប្រគល់តំបន់ដី៥០០ហិកតានេះ ទៅឲ្យក្រុមហ៊ុនខ្មែរ ហ្វ្រេស មីល ធ្វើឲ្យរដ្ឋាភិបាល ទទួលបានមកវិញនូវតំបន់ដី២កន្លែង ដោយតំបន់ដី១កន្លែង មានទំហំ២៥០ហិកតា ស្ថិតក្នុងស្ថានីយ៍អភិវឌ្ឍន៍ព្រៃឈើបន្ទាយស្រី នៃស្រុកបន្ទាយស្រី និងស្រុកស្វាយលើ ខេត្តសៀមរាប ហើយតំបន់ដី១កន្លែងទៀត មានទំហំជាង ៤៧២ហិកតា ស្ថិតក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី។ 
 
សជណ បញ្ជាក់ថា តំបន់ដី២៥០ហិកតា ក្នុងខេត្តសៀមរាប នឹងត្រូវប្រើប្រាស់សម្រាប់បង្កើតសួនសត្វ Safari Angkor ហើយតំបន់ដីជាង៤៧២ហិកតា នៅខេត្តមណ្ឌលគិរី នឹងត្រូវទុកសម្រាប់បង្កើតសួនភូតគាមមណ្ឌលគិរី៕ 

ព័ត៌មានទាក់ទង