ស្រូវជាង២ពាន់ហិកតា នៅបន្ទាយមានជ័យ ត្រូវជន់លិចដោយសារជំនន់ទឹកភ្លៀង

19/05/2022 5:00 pm ភ្នំពេញ


ដោយ៖ ឈុំ ចន្ថា
ភ្នំពេញ៖ ស្រូវជាង ២ពាន់ហិកតា នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវរងការជន់លិចធ្ងន់ធរ ដោយសារជំនន់ទឹកភ្លៀង។ អាជ្ញាធរ បារម្ភថា ស្រូវទាំងនេះ អាចនឹងខូចខាត ប្រសិនបើ ភ្លៀងបន្តធ្លាក់ថែមទៀត។



លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ភ្លៀងធ្លាក់ជាប់គ្នាជាងមួយសប្ដាហ៍មកនេះ បានធ្វើឱ្យស្រូវពង្រោះជាង២ពាន់ហិកតារបស់កសិករស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ រងការជន់លិចធ្ងន់ធ្ងរ។ ក្នុងនោះ មានឃុំចំនួន២ រងផលប៉ះពាល់ខ្លាំងជាងគេ គឺឃុំរហាត់ទឹក និងបន្ទាយនាង ខណៈមន្រ្តីនៃមន្ទីរធនធានទឹកខេត្ត បានចុះមកស្ដារប្រឡាយ ដើម្បីរំដោះទឹកឱ្យស្រកលឿន។

ប្រធានមន្ទីរកសិកម្មរូបនេះ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ២៥ ដូច្នេះ៖«មកដល់ពេលនេះ មានខាងធនធានទឹកគាត់ចុះមកស្ដារប្រឡាយ ដើម្បីធ្វើទឹកហ្នឹងស្រកចុះទៅលឿន តាមប្រឡាយនោះ។ អ៊ីចឹង ដូចជាមិនសូវមានផលប៉ះពាល់ធ្ងន់ធ្ងរពេកទេ»។

ក្រោយក្រសួងធនធានទឹក និងឧតុនិយម ព្យាករថា កម្ពុជា នឹងមានភ្លៀងបន្តទៀត ក្នុងកម្រិតខ្សោយទៅច្រើនចាប់ពីថ្ងៃទី១៨ ដល់២៤ ខែឧសភា លោក ប៉ាង វណ្ណាសេដ្ឋ ព្រួយបារម្ភថា ប្រសិនបើ ភ្លៀងធ្លាក់បន្ថែមទៀត នឹងអាចធ្វើឱ្យស្រូវជាង២ពាន់ហិកតានេះ ខូចខាត ព្រោះស្រូវពង្រោះទាំងនេះ ទើបតែមានអាយុកន្លះខែ។ លោក បន្ថែមបែបនេះ៖«ដើមស្រូវខ្លះចាស់ខែ ដើមខ្ពស់ផុតទឹក អ៊ីចឹង វាអាចរស់។ តែប្រសិនបើ ភ្លៀងលិចខ្លាំង អាចនឹងខូចខាតបន្តិចបន្តួច តែកសិករ អាចពង្រោះសារឡើងវិញត្រង់ចំណុចដែលខូចហ្នឹង»។

យោងតាមការព្យាកររបស់ក្រសួងធនធានទឹក ភ្លៀងនឹងបន្តធ្លាក់ ចាប់ពីថ្ងៃទី១៨ ដល់២៤ ខែឧសភា ក្នុងកម្រិតខ្សោយទៅច្រើន។ ស្ថានភាពបែបនេះ បណ្ដាលពីឥទ្ធិផលជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតមធ្យម និងខ្យល់មូសុងនីរតីកម្រិតបង្គួរទៅខ្លាំង៕

 

ព័ត៌មានទាក់ទង