វ័យ៨១ឆ្នាំ លោកយាយ ចេង ត្រដរធាក់កង់ខ្មែរលក់នំតាមរមណីយដ្ឋាន

25/06/2022 1:00 pm ក្រចេះ


ដោយ៖ អ៊ុត រស្មី 
ក្រចេះ៖ លោកយាយ យឹង ចេង មានវ័យ៨១ឆ្នាំទៅហើយ នៅតែដើរលក់នំបំពួនស្ករ នំល្ពៅ និងនំចេកបុក  ដើម្បីចិញ្ចឹមជីវិត និងទុកធ្វើបុណ្យ ដ្បិតមិនចង់ផ្ដេកផ្ដួលលើកូនចៅចិញ្ចឹម។ លោកយាយ ចេង ត្រូវក្រោកពីម៉ោង៥ ព្រឹក ដើម្បីធ្វើនំដោយខ្លួនឯង និងដើរលក់នៅរមណីយដ្ឋានព្រែកកាំពី ក្នុងខេត្តក្រចេះ។ ក្នុងមួយថ្ងៃ លោកយាយ ចេង អាចរកចំណូលបានប្រមាណ ២-៣ ម៉ឺនរៀល។


 

ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នក ទស្សនាវីដេអូខាងក្រោម៖ 
 


ដំណើរយឺតៗ ដៃម្ខាងកាន់កញ្ជើនំ ដែលកំពុងទូល។ ចៅអើយទិញនំទេ! ចៅ អើយជួយទិញនំយាយទៅ នំមួយ ១ពាន់រៀលទេ!។  ជាសំឡេងរបស់លោកយាយ ចេង បានហៅភ្ញៀវឱ្យជួយទិញនំ ដែលដើរលក់ តាមតូបសម្រាកពីមួយទៅមួយ​នៅរមណីយដ្ឋានព្រែកកាំពី ដែលស្ថិតក្នុងឃុំសំបុក ស្រុកចិត្របូរី ខេត្តក្រចេះ។

នាវេលាប្រមាណ ៣ និង៣០រសៀល  នំក្នុងកញ្ជើរបស់ដូនចាស់ ចេង សល់នំផ្លែអាយ តែ៧ នំប៉ុណ្ណោះ។ មានវ័យ៨១ឆ្នាំទៅហើយ មើលទៅដូនចាស់នេះ  ហាក់មានកម្លាំងមាំមួន មិនទ្រុឌទ្រោមតាមវ័យឡើយ ។  លោកយាយចេង ត្រូវក្រោកម៉ោង៥ ព្រឹក ធ្វើនំម្នាក់ឯង រហូតដល់ម៉ោង១១ ថ្ងៃត្រង់ ត្រូវធាក់កង់ចម្ងាយប្រមាណ១គីឡូម៉ែត្រ  លក់នំតាមភូមិ និងនៅរមណីយដ្ឋានកាំពី រហូតដល់ម៉ោង ៤ រសៀល ទើបត្រឡប់ទៅផ្ទះវិញ។  ពេលសួរថា ហេតុអ្វីលោកយាយ អាយុ៨១ឆ្នាំទៅហើយ នៅដើរលក់នំត្រុកៗទៀត? 

លោកយាយចេង ឆ្លើយតបហាក់គ្មានកង្វល់ថា គាត់ទើបចាប់ផ្ដើមលក់រយៈពេល៣ឆ្នាំនេះប៉ុណ្ណោះ ដ្បិតកាន់តែចាស់គ្មានកម្លាំងធ្វើស្រែ ចម្ការទៀត។  ម៉្យាងបើធ្វើចម្ការ ត្រូវបាញ់ថ្នាំសម្លាប់សត្វល្អិត លោកយាយកាន់សីលទៅហើយ មិនចង់សម្លាប់សត្វមានជីវិតទៀតទេ ។ លោកយាយចេង បន្ថែមថា  របរលក់នំនេះ ប្រៀបដូចជាការហាត់ប្រាណ ព្រោះជួយសម្រួលសរសៃ ពេលធាក់កង់ និងថ្មើរជើងលក់ចុះឡើង។  



ដូនចាស់នេះ បន្ថែមទៀតថា ចំណូលពីការលក់នំ ទុកគ្រាន់ទិញម្ហូប និងថ្នាំសង្កូវ  ពិសេសគ្រាន់ធ្វើបុណ្យបន្តិចបន្តួច ។ លោកយាយចេង  បានរៀបរាប់ដូច្នេះ៖ «ធ្វើម្នាក់ឯងទេ កូនចៅចិញ្ចឹមជីវិតគេ ធ្វើរបស់គេ ខ្ញុំរកស៊ីទៅចិញ្ចឹមជីវិតខ្លួនឯងផង ធ្វើបុណ្យធ្វើទានតិចតួច»។ 

លោកយាយចេង រស់នៅជាមួយកូនប្រុសតែម្នាក់។ មិនមែនកូនចៅចិត្តមិនបាននោះទេ តែលោកយាយ ចេង ជាមនុស្សមិនចេះនៅទំនេរ តែងធ្វើនេះ ធ្វើនោះ តាមទម្លាប់ចាស់ៗ។ ដូនចាស់វ័យ៨១ឆ្នាំរូបនេះ បានបន្ថែមថា កូនរបស់លោកយាយ ផ្ដល់លុយម្ដងម្កាលដែរ ។ លោកយាយ ចេង អះអាងដូច្នេះ៖ «ពឹងគេម្ដងៗដែរ បើគេរកបានគេឱ្យ បើគេអត់ក៏អត់ទៅណា។ យើងរករបស់យើងទៅ យើងចាយរបស់យើងទៅ ទិញម្ហូបទិញអីខ្លះៗទៅ»៕​
 
 

ព័ត៌មានទាក់ទង