ក្រុងកំពង់ឆ្នាំង ​ត្រូវបាន​ទទួលស្គាល់​ជា​ក្រុង​បញ្ចប់​ការ​បន្ទោបង់ពាសវាលពាសកាល

19/05/2022 10:00 am កំពង់ឆ្នាំង

ដោយ: អ៊ូ សុខមាន (OU Sokmean)

ក្រុងកំពង់ឆ្នាំង ​ត្រូវបាន​ទទួលស្គាល់​ជា​ក្រុង​បានបញ្ចប់​ការ​បន្ទោបង់ពាសវាលពាសកាល(ODF)។ ក្រុងនេះ ក្លាយជាក្រុងគំរូដំបូងគេក្នុងចំណោមក្រុង-ស្រុកទាំង៨ នៃខេត្តកំពង់ឆ្នាំង។



ក្រសួង​អភិវឌ្ឍន៍​ជនបទ ​ប្រកាស​ទទួលស្គាល់​​ក្រុង​កំពង់ឆ្នាំង ដែល​បានបញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​ (ODF) ដំបូង​គេ​បង្អស់ ក្នុងចំណោមក្រុង-ស្រុក​ទាំង​ ៨ នៅ​ខេត្តកំពង់ឆ្នាំង។  ​លទ្ធផល​​ដែលសម្រេចបាននេះ គឺជាការ​រួម​ចំណែក​យ៉ាង​ធំ ​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការផ្គត់ផ្គង់​ទឹក ការសម្អាត និង​អនាម័យ​ជនបទ​។
 
នាពិធី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការក្រុង​កំពង់ឆ្នាំង​ជា​ក្រុង​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​ នាថ្ងៃទី១៧ឧសភា ឆ្នាំ២០២២ លោក​ ស៊ុន សុវណ្ណារិទ្ធ អភិបាល​ខេត្តកំពង់ឆ្នាំង ​បានថ្លែងថា  លទ្ធផល​ដែល​ខេត្តទទួល​បាន​នេះ បង្ហាញ​ឱ្យ​ឃើញ​ពី​ការយកចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ក្នុងការ​លើកទឹកចិត្ត​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ​ឱ្យ​កាន់តែ​មាន​កម្លាំងចិត្ត​កាន់តែ​ខ្លាំងក្លា​ថែមទៀត ក្នុងការ​បំពេញ​តួនាទី​ភារកិច្ច​លើកកម្ពស់​សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។
 
អភិបាលខេត្តកំពង់ឆ្នាំងបន្តនិយាយដូច្នេះ៖ « ខ្ញុំសូមចូលរួមសាទរយ៉ាងក្រៃលែង ជាមួយបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងក្រុងកំពង់ឆ្នាំង​ ដែលត្រូវបានគណៈកម្មការវាតតម្លៃទទួលស្គាល់ជាផ្លូវការ ក្លាយជាក្រុង/ស្រុកគំរូទីមួយ ក្នុងខេត្តកំពង់ឆ្នាំង ដែលសម្រេចបានបញ្ចប់បន្ទោបង់ពាសវាលពាសកាល នាថ្ងៃនេះ»។ 


 ពិធីប្រកាសទទួលស្គាល់ជាផ្លូវការក្រុងកំពង់ឆ្នាំងជាក្រុងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នាថ្ងៃទី១៧ឧសភា ឆ្នាំ២០២២។ រូបថត៖ ក្រសួងអភិវឌ្ឍន៍ជនបទ​

បើតាមលោក​ ស៊ុន សុវណ្ណារិទ្ធ​ ក្រៅពីក្រុងកំពង់ឆ្នាំងបានសម្រេចការបញ្ចប់បន្ទាបង់ពាសវាលពាសកាលនេះ ក៏មានឃុំចំនួន២៣ និងភូមិ ២១៩នៅទូទាំងខេត្ត ក៏បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល​នេះ ផងដែរ។​ លោក បានបញ្ជាក់ថា៖«តាមរយៈការប្រកាសទទួលបានក្រុងកំពង់ឆ្នាំងមានODFនេះ  នឹងជំរុញការងារផ្គត់ផ្គង់ទឹកស្អាត សុខភាព អនាម័យជនបទក្នុងខេត្តកំពង់ឆ្នាំងទាំងមូលកាន់តែមានការអភិវឌ្ឍរីកចម្រើនខ្លាំងថែមទៀត។ ជាពិសេសការពង្រីកវិសាលភាពភូមិ ឃុំ ស្រុកគោលដៅបន្ថែមទៀត  ដើម្បីឈានទៅសម្រេចបានខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នៅឆ្នាំ២០៣០ ដែលបានគ្រោងទុក»។​
 
បច្ចុប្បន្ននៅទូទាំងខេត្តកំពង់ឆ្នាំង អត្រាពលរដ្ឋមានប្រភពទឹក​ប្រើប្រាស់ចំនួន៧៦ភាគរយ ស្មើនឹង ១០៦ ៨៩៨ខ្នងផ្ទះ និងពលរដ្ឋដែលមានបង្គួនអនាម័យប្រើប្រាស់ មាន៨០ភាគរយ ស្មើនឹង ១០០ ៤១០ខ្នងផ្ទះ។ នេះជារៀបរាប់បន្ថែមរបស់លោកស៊ុន សុវណ្ណារិទ្ធ​។ 
 
កាលពីថ្ងៃទី២៧មេសា ឆ្នាំ២០២២ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​ ប្រកាសថា ខេត្តស្វាយរៀង បានក្លាយជា​ខេត្ត​ទី​១​ ដែលបាន​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​ទាំងស្រុង(ODF)១០០ភាគរយ ដែលគ្រប់​ខ្នង​ផ្ទះ​ទាំងអស់នៅខេត្តស្វាយរៀង គឺ​សុទ្ធ​តែមាន​បង្គន់​អនាម័យ​ប្រើប្រាស់​។ ​ខេត្តនេះ ស្ថិតនៅក្នុងគោដៅ ដែលក្រសួងអភិវឌ្ឍន៍ជនបទ កំណត់យកខេត្តចំនួន៥ ក្នុងចំណោមរាជធានី-ខេត្តទាំង២៥ ឱ្យរួចផុតពីការបន្ទោបង់ពាសវាលពាសទាំងស្រុង កាលនៅត្រឹមឆ្នាំ២០២៣។ 
 
លោក អ៊ុក រ៉ាប៊ុន​​ បានបញ្ជាក់នៅក្នុងពិធី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការក្រុង​កំពង់ឆ្នាំង​ជា​ក្រុង​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​ នាថ្ងៃទី១៧ឧសភា ថា ខេត្តគោលដៅODFទាំង៥នោះ ក្រៅពីខេត្តស្វាយរៀង គឺមានខេត្តកំពង់ឆ្នាំង កែប ព្រៃវែង និងខេត្តកំពង់ស្ពឺ៕ 
 

ព័ត៌មានទាក់ទង