អ្នកនាំពាក្យបរិស្ថាន៖ «សាច់សត្វព្រៃគ្មានអ្វីល្អទេ ហើយវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកបរិភោគ»

19/05/2022 9:00 am ព្រះវិហារ

ដោយ៖ ញឹក សំអូន

ព្រះវិហារ៖ សាច់សត្វព្រៃគ្មានអ្វីល្អទេ ហើយវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកបរិភោគទៀតផង។ នេះបើតាមលោក នេត្រ ភក្រ្តា ដែលបានបនន្ថែមថា ការសិក្សាស្រាវជ្រាវរកឃើញសត្វព្រៃមានមេរោគជាច្រើន ហើយពេលខ្លះ អាចសម្លាប់ជីវិតមនុស្សបានយ៉ាងលឿន។



លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងបែបនេះ ជារៀងរាល់ថ្ងៃ សត្វព្រៃដ៏មានតម្លៃ ត្រូវបានសម្លាប់ដោយសារអន្ទាក់គ្រប់ប្រភេទ និងគ្រាប់កាំភ្លើងកែច្នៃរបស់ព្រានព្រៃ ដើម្បីយកទៅធ្វើជាម្ហូបសម្រាប់គ្រួសារ និងលក់នៅលើទីផ្សារ សម្រាប់អ្នកដែលចូលចិត្តបរិភោគសាច់សត្វព្រៃ។
  

Insert (កណ្ដាល) លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ដឹកនាំការផ្សព្វផ្សាយយុទ្ធនាការអន្ទាក់សូន្យ នៅក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី១៦ ឧសភា ២០២២ ។ រូបពីក្រសួងបរិស្ថាន

ថ្លែងក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យនៅសហគមន៍តំបន់ទេសចរណ៍ធម្មជាតិត្មាតប៉ើយ នៅថ្ងៃទី១៦ ខែឧសភា លោក នេត្រ ភក្រ្តា បាននិយាយថា ៖«សាច់សត្វព្រៃដែលបងប្អូនខ្លះហូប បានត្រឹមឆ្អែតមួយបប្រិចភ្នែកប៉ុណ្ណោះ តែវាពិតជាខាតបង់ច្រើនសម្រាប់ជីវៈចម្រុះភពផែនដីរបស់យើង។ សត្វមួយក្បាលដែលអ្នកបានសម្លាប់ នៅរស់វិញ វានឹងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីយើងកាន់តែល្អប្រសើរ។ កម្ពុជាសម្បូណ៌ជីវៈចម្រុះ និងអាចទាញចំណូលបានច្រើន ជាងតម្លៃសាច់សត្វដែលបានលក់វានៅលើទីផ្សាររាប់រយពាន់ដង»។ 
 
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបន្តថា សត្វព្រៃមួយក្បាលៗ ដែលត្រូវបានសម្លាប់ បើគិតជាប្រាក់លក់បានមិនច្រើនទេ ហើយបើគិតពីរសជាតិ ក៏មិនឆ្ងាញ់ដូចសត្វស្រុកដែរ។ ម្យ៉ាងទៀត ពេលហូបទៅមិនអាចធ្វើឱ្យសុខភាពល្អ ដូចពាក្យចចាមអារាមនោះទេ។ 
 
លោក ភក្ត្រា បានបន្ថែមថា បើគិតពីតម្លៃជីវៈចម្រុះប្រព័ន្ធអេកូឡូស៊ី សត្វព្រៃមួយក្បាលៗ ពិតជាមានតម្លៃធំធេង ដែលជាប្រភពថវិកាមិនចេះរីងស្ងួតពីចំណូលលើវិស័យទេសចរណ៍។
 
លោក កែន សេរីរដ្ឋា នាយកអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) បានថ្លែងថា យុទ្ធនាការអន្ទាក់សូន្យ នឹងមិនមានប្រសិទ្ធភាពទេ បើគ្មានការចូលរួមពីសាធារណជន។ បើតាមលោក កែន សេរីរដ្ឋា យុទ្ធនាការនេះ ជាយន្តការមួយប្រកបដោយប្រសិទ្ធភាពសម្រាប់ការផ្សព្វផ្សាយសារបន្ទាន់ទៅកាន់សាធារណជន ដើម្បីបញ្ឈប់ការចរាចរទីផ្សារ និងបរិភោគសត្វព្រៃ ។
មន្ត្រីអង្គការ WCSរូបនេះ ទទូចស្នើឱ្យអ្នកពាក់ព័ន្ធចូលរួមអនុវត្តយុទ្ធនាការអន្ទាក់សូន្យ ព្រោះសត្វព្រៃ ជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ី។ 


 
លោក Jackson Frechette នាយកកម្មវិធីនៃមហាតំបន់មេគង្គនៃអង្គការ CI បានថ្លែងថា ចំណុចសំខាន់ដែលនាំឱ្យយុទ្ធនាការនេះទទួលជោគជ័យ គឺគេត្រូវទទួលស្គាល់ថា ការទិញនិងបរិភោគសាច់សត្វព្រៃ គឺជាបុព្វហេតុនាំឱ្យមានទីផ្សារជួញដូរសត្វព្រៃ ដែលនាំឱ្យមានការបំផ្លិចបំផ្លាញព្រៃឈើ  និងបង្កឱ្យឆ្លងជំងឺផ្សេងៗពីសត្វព្រៃ។ 
 
សូមជម្រាបថា យុទ្ធនាការអន្ទាក់សូន្យ គ្រោងរៀបចំរយៈពេល ៦ខែ ដោយអនុវត្តទៅលើខេត្តចំនួន ៦ រួមមានខេត្តខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ រតនគិរី និងបញ្ចប់នៅភ្នំពេញនាខែតុលា ឆ្នាំ២០២២នេះ៕
 

ព័ត៌មានទាក់ទង