សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា៖ ជ្រូកខុសច្បាប់នាំចូលពីវៀតណាមកើនឡើងជាង១ពាន់ក្បាលក្នុងមួយថ្ងៃ

18/05/2022 4:00 pm ភ្នំពេញ


ដោយ៖ ឈុំ ចន្ថា 

ភ្នំពេញ៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា ករណីលួចនាំចូលជ្រូកខុសច្បាប់ពីវៀតណាមកើនឡើងជាង១ពាន់ក្បាលក្នុងមួយថ្ងៃ ក្រោយមានឈ្មួញ និងមន្រ្តីច្រកព្រំដែនគប់គិតគ្នា បើកឱ្យមានការនាំចូលតាមច្រករបៀងតូចៗ ជាពិសេសផ្លូវទឹក។

 

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ​ បានលើកឡើងថា ការលួចនាំចូលជ្រូកពីវៀតណាម កំពុងកើនឡើងគួរឱ្យព្រួយបារម្ភ ទោះបី លោក បានដាក់លិខិតស្នើឱ្យបណ្ដាខេត្តជាប់ព្រំដែនជួយអន្តរាគមន៍ តែពុំសូវទទួលបានការសហការឡើយ។ 

បច្ចុប្បន្ន ខេត្តដែលមានសកម្មភាពនាំចូលច្រើនជាងគេ​ គឺខេត្តត្បូងឃ្មុំ ព្រោះនៅទីនោះ មានមន្រ្តីខិលខូច គប់គិតជាមួយឈ្មួញ បើកឱ្យមានការនាំចេញទាំងពេលយប់ និងថ្ងៃ។ លោក ស៊្រុន ពៅ បារម្ភថា ប្រសិនបើ សកម្មភាពនាំចូលនេះនៅតែបន្ត នឹងធ្វើឱ្យប៉ះពាល់ដល់កសិករចិញ្ចឹមជ្រូកក្នុងស្រុក សេដ្ឋកិច្ចជាតិ ជាពិសេសបង្កហានិភ័យដល់សុខភាពអ្នកបរិភោគ។

លោក ប្រាប់ដូច្នេះថា៖«សព្វថ្ងៃប្រទេសកម្ពុជាយើង នាំចូលជ្រូកខុសច្បាប់ពីវៀតណាមមិនក្រោម ១ពាន់ក្បាលទេក្នុងមួយថ្ងៃៗ។ ភាគច្រើន នាំចូលតាមច្រកត្នោត អន្លង់ជ្រៃ និងច្រកជាច្រើនទៀត ក្នុងខេត្តត្បូងឃ្មុំ»។ 


សកម្មភាពលួចនាំចូលពីវៀតណាម តាមច្រកព្រំដែនត្បូងឃ្មុំ និងវៀតណាម (រូបភាពផ្ដល់ដោយ លោក ស្រ៊ុន ពៅ

លោក ស្រ៊ុន ពៅ ធ្លាប់ក្រើនរំលឹកថា ការនាំចូលជ្រូក ឬសាច់សត្វខុសច្បាប់ នឹងបង្កហានិភ័យចំពោះសុខភាពអ្នកបរិភោគ និងវិស័យចិញ្ចឹមសត្វនៅកម្ពុជា ដោយសារគ្មានការត្រួតពិនិត្យ​ ឬការបញ្ជាក់ពីសុវត្ថិភាពឱ្យបានត្រឹមត្រូវ។ ប្រសិន បើសត្វរស់ ឬសាច់បង្កក មានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិកទៀតនោះ នឹងធ្វើឱ្យប្រជាកសិករ ឬកសិដ្ឋានចិញ្ចឹមជ្រូកមួយចំនួននៅកម្ពុជា រងការបំផ្លាញ។

សារព័ត៌មានថ្មីៗ២៥ ពុំទទួលបានការឆ្លើយតបពីលោក តាន់ ផាន់ណារ៉ា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានទេ ដោយសារទូសព្ទទៅគ្មានអ្នកទទួល។ តែយ៉ាងណា ថ្មីៗនេះ ខេត្តតាកែវ និងស្វាយរៀង ក៏បានចេញវិធានការទប់ស្កាត់ការនាំចូលជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសជិតខាង តាមច្រករបៀងមួយចំនួន ដែលពុំឆ្លងកាត់ការត្រួតពិនិត្យសុខភាពសត្វត្រឹមត្រូវ៕  

ព័ត៌មានទាក់ទង