សាលាបារាំងចុងបូព៌ា ប្រគល់វត្ថុបុរាណ១៤៦កេស ឱ្យអាជ្ញាធរជាតិអប្សរារក្សាទុក

14/05/2022 11:00 am ភ្នំពេញ


ដោយ៖ ប៉ូ សុភា 
ភ្នំពេញ៖​​​ សាលាបារាំងចុងបូព៌ា បានប្រគល់វត្ថុបុរាណចំនួន១៤៦កេស រួមមានសិលាចារឹក ព្រះពុទ្ធរូបសរសរឈើជាដើមប្រគល់ជូនអាជ្ញាធរជាតិអប្សរារក្សាទុក។ វត្ថុទាំងនេះ​បានពីការធ្វើកំណាយ នៅប្រាសាទមេបុណ្យខាងលិច ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧។


 
សាលាបារាំងចុងបូព៌ា (EFEO) បានប្រគល់បុរាណវត្ថុចំនួន១៤៦កេស ដែលបានរកឃើញក្នុងពេលធ្វើកំណាយស្រាវជ្រាវក្នុងឆ្នាំ២០១២ដល់ឆ្នាំ២០១៧ ​អំឡុងពេលជួសជុលប្រា​សាទមេបុណ្យខាងលិច ដល់អាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុក។

វត្ថុទាំងនោះរួមមាន កំណាត់សរសរឈើ ចំនួន១១ដើម និងសិលាចារឹក១ផ្ទាំង។ វត្ថុផ្សេងទៀត ភាគច្រើនជាបំណែកភាជន៍ដែលមានស្រទាប់រលោង និងពុំមានស្រទាប់រលោង, វត្ថុសំណាក
(ដីសម្រាប់វិភាគ) បំណែកចម្លាក់ថ្មភក់ និងថ្មភក់បំណែកលោកហៈធាតុ  ដូចជាដែក ស្ពាន់ លង្ហិន​​  ជាពិសេសជាងនេះគឺព្រះពុទ្ធរូបធ្វើពីក្រមួនចំនួន១អង្គដាក់ក្នុងឆ្នាំងដីធំមួយជាមួយអំបោះឆៅបញ្ចុះក្នុងដី។ ការប្រគល់វត្ថុទាំងនេះ ធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា​តាមរយៈមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ។


 រូបភាពដោយ អាជ្ញាធរជាតិអប្សរា

នេះមិនមែនជាលើកទី១ទេ ដែលសាលាបារាំងចុងបូព៌ា បានប្រគល់បុរាណវត្ថុ រកឃើញនៅប្រាសាទមេបុណ្យខាងលិច ជូនអាជ្ញាធរជាតិអប្សរា គ្រាន់តែលើកនេះ​ វត្ថុបុរាណដែលបានប្រគល់ជូនមានចំនួនច្រើនជាង​ពេលមុនៗ។ នេះបើតាមលោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ។
 
រូបភាពដោយ អាជ្ញាធរជាតិអប្សរា

លោក ទិន ទីណា អះអាងទៀតថា ក្រៅពីសាលាបារាំងចុងបូព៌ា ស្ថាប័នផ្សេងៗក៏តែង​ប្រគល់វត្ថុបុរាណ ឱ្យអាជ្ញាធរជាតិអប្សរាដែរ បន្ទាប់ពីបានរកឃើញក្នុងអំឡុងពេលជួសជុល និងស្រាវជ្រាវក្នុងរមណីយដ្ឋានអង្គរ​។ ទន្ទឹមនឹងនេះ ស្ថាប័នអន្តរជាតិទាំងអស់ដែលកំពុងបំពេញការងារជួសជុលប្រាសាទ និងសិក្សាស្រាវជ្រាវនៅតំបន់អង្គរ តែងប្រគល់បុរាណវត្ថុ ដែលរកឃើញជូនមកអាជ្ញាធរជាតិអប្សរា ក្រោយពេលសិក្សារួច។ បើស្ថាប័នអន្តរជាតិ មាន​ចង់សិក្សាពីវត្ថុសិល្បៈទាំងនោះបន្ថែម គឺតម្រូវឱ្យស្នើសុំការអនុញ្ញាតសិន។ នេះបើតាមការ​បន្ថែមរបស់ លោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ ឯកសារអង្គរ។


រូបភាពដោយ អាជ្ញាធរជាតិអប្សរា
សូមបញ្ជាក់ថា ប្រាសាទមេបុណ្យខាងលិច ត្រូវបានកសាងឡើងនៅពាក់កណ្តាលសតវត្សទី១១ ដោយព្រះបាទឧទយាទិត្យវរ្ម័នទី២ ចន្លោះឆ្នាំ១០៤៩-១០៦៦ នៅលើកោះតូចមួយកណ្តាលបារាយណ៍ទឹកថ្លា ដើម្បីឧទ្ទិសថ្វាយព្រះនរាយណ៍៕
 
 
 

ព័ត៌មានទាក់ទង