Thmey Thmey 25
ក្រុមហ៊ុនចិន ចង់វិនិយោគដាំ និងកែច្នៃ ដំណាំកាហ្វេនៅកម្ពុជា
13/05/2022 5:00 pm មណ្ឌលគីរី

ដោយ៖ ឈុំ ចន្ថា 

ភ្នំពេញ៖ ក្រុមវិនិយោគិនចិន ចាប់អារម្មណ៍វិនិយោគលើការដាំ និងកែច្នៃ ដំណាំកាហ្វេ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅបរទេស។ ខេត្តមណ្ឌលគិរី ទំនងក្លាយជាគោលដៅវិនិយោគធំ ព្រោះខេត្តភាគឦសានមួយនេះ មានលក្ខខណ្ឌអំណោយលើដំណាំកាហ្វេខ្ពស់។ 

នៅក្នុងជំនួបពិភាក្សាជាមួយក្រុមវិនិយោគិនចិនស្ដីអំពី «កាលានុវត្ត​ភាព ​និង​សក្តានុពល​នៃ​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​នាពេល​អនាគត» លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា គោលបំណងរបស់ក្រុមវិនិយោគិនចិន គឺចង់ស្វែងយល់ពីកសិកម្មសក្ដានុពលរបស់កម្ពុជា។ លើសពីនេះ ក្រុមអ្នក​វិនិយោគ ក៏បានស្នើឱ្យសុំការណែនាំបន្ថែម ពាក់ព័ន្ធនឹងការវិនិយោគដំណាំកាហ្វេនៅកម្ពុជា ដែលផ្ដោតសំខាន់លើការដាំ កែច្នៃ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។

ជំហានដំបូង លោក វេង សាខុន ចង់ឱ្យវិនិយោគិនទាំងនោះ ទៅសិក្សាពីសក្ដានុពលកាហ្វេនៅខេត្តមណ្ឌលគិរី ព្រោះខេត្តនេះមានសហគមន៍កាហ្វេ ដែលអាចសហការជាមួយក្រុមហ៊ុនបណ្ដាក់ទុនបាន។ លោក ថ្លែងដូច្នេះថា៖« កាហ្វេ មានសក្តានុពលនៅខេត្តមណ្ឌលគិរី ដូច្នេះ បើក្រុមវិនិយោគិន មានឱកាសអញ្ជើញទៅសិក្សាពីលក្ខខណ្ឌអំណោយនៅទីនោះ និងពិភាក្សាជាមួយសហគមន៍កាហ្វេ អំពីកិច្ចសហការរវាងក្រុមហ៊ុន ធ្វើការអនុវត្តផលិតកម្មកសិកម្មតាមកច្ចសន្យា»។

លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី គាំទ្រឱ្យមានការវិនិយោគលើដំណាំកាហ្វេក្នុងខេត្តរបស់លោក ព្រោះការវិនិយោគនេះ អាចប្រយោជន៍ច្រើនដល់កសិករ ជាពិសេសពង្រីកផ្ទៃដីដាំដុះកាហ្វេបន្ថែមទៀត។ 

បច្ចុប្បន្ន ខេត្តមណ្ឌលគិរី មិនទាន់មានរោងចក្រកែច្នៃគ្រាប់កាហ្វេនៅឡើយ តែមានមួយចំនួន ជាសិប្បកម្មកែច្នៃកាហ្វេខ្នាតតូច។ ប្រធានមន្ទីរកសិកម្ម បន្តថា ប្រសិនបើ មានការបង្កើតរោងចក្រ កែច្នៃ ឬដាំកាហ្វេ នឹងផ្ដល់ការងារដល់ពលរដ្ឋ និងបង្កើតទីផ្សារដល់សហគមន៍ដាំកាហ្វេចំនួន២ផងដែរ។

លោក សុខ ឃាង ប្រាប់សារព័ត៌មានថ្មីៗ២៥ ថា៖«ខ្ញុំសប្បាយរីករាយនឹងដំណឹងវិនិយោគមួយនេះ ព្រោះខេត្តមណ្ឌលគិរីមានសក្ដានុពលដំណាំកាហ្វេនេះខ្លាំង។ អ៊ីចឹង ប្រសិនបើ ក្រុមហ៊ុនវិនិយោគ​ជួយពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត ហើយអាចបង្កើតទីផ្សារដល់កសិករ ឱ្យមានលទ្ធភាពដាំដុះកាហ្វេបន្ថែម»។

មណ្ឌលគិរី មានផ្ទៃដីដាំដុះកាហ្វេចំនួន៣៦៤ ហិកតា ដែលអាចផលិតគ្រាប់កាហ្វេបានប្រមាណ ៦០០តោនក្នុងមួយឆ្នាំ។ បច្ចុប្បន្ន កាហ្វេ មានតម្លៃចន្លោះពី៨ ពាន់ទៅ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម​សម្រាប់គ្រាប់កាហ្វេស្រស់៕ 
 
 
 
 
 


 

ដោយ៖ ឈុំ ចន្ថា  © រក្សាសិទ្ធិដោយ thmeythmey25.com