កម្ពុជា-វៀតណាម ឯកភាពបើកទ្វារទេសចរណ៍ផ្លូវគោក និងផ្លូវអាកាស

12/05/2022 3:00 pm ភ្នំពេញ


ដោយ៖ ជឿន ស្រីណយ
កម្ពុជា និង​វៀតណាម បានឯកភាពគ្នាបើកទទួលទេសចរ តាមផ្លូវគោក និងផ្លូវអាកាស។ ប៉ុន្តែវៀតណាមនៅមានតម្រូវការលក្ខខណ្ឌធ្វើដំណើរខ្លះៗ ខណៈកម្ពុជាលើកលែងលក្ខខណ្ឌធ្វើដំណើរសម្រាប់ទេសចរអន្តរជាតិមានវ៉ាក់សាំងកូវីដ-១៩ គ្រប់គ្រាន់។ សម្ដេច ហ៊ុន សែន​ នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងដូច្នេះក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅអាម៉េរិក។



សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្វើការជាមួយរដ្ឋមន្ត្រីទេសចរណ៍វៀតណាម ពាក់ព័ន្ធនឹងលក្ខខណ្ឌនៃការទទួលទេសចរ រវាងប្រទេសទាំងពីរ។ បច្ចុប្បន្ន កម្ពុជាបានបើកទទួលទេសចរណ៍វ៉ាក់សាំងដោយទូលាយ តែវៀតណាមមានលក្ខខណ្ឌមួយចំនួនសម្រាប់ទេសចរអន្តរជាតិ។

ក្នុងពិធីជួបសំណេះសំណាលប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាម៉េរិក សម្ដេច ហ៊ុន សែន ថ្លែងដូច្នេះ៖ «ខ្ញុំឯកភាពជាមួយនាយករដ្ឋមន្រ្តីវៀតណាម។ ខ្ញុំគ្រាន់តែសំណូមពរគាត់បើកទេសចរណ៍ផ្លូវគោក ចម្លើយរបស់គាត់ថាសុំបើកទាំងផ្លូវគោក និងផ្លូវទឹក។ ខ្ញុំថាឯកភាព។ ឱ្យរដ្ឋមន្ត្រីទាំងពីរធ្វើការជាមួយគ្នា»។

សម្ដេច ហ៊ុន សែន បន្តថា បើសិនវៀតណាមនៅរឹតបន្តឹងការធ្វើដំណើរដល់ទេសចរអន្តរជាតិ នោះទេសចរកម្ពុជា នឹងមិនទៅវៀតណាមច្រើននោះទេ តែទេសចរវៀតណាមអាចមកកម្ពុជាព្រោះលក្ខខណ្ឌធ្វើដំណើរងាយស្រួល។ ការណ៍នេះអាចធ្វើឱ្យទេសចរជាតិ ជ្រើសរើសដើរកម្សាន្តក្នុងស្រុក ហើយផ្ដល់ផលចំណេញដល់វិស័យទេសចរណ៍កម្ពុជា។

សូមជម្រាបថាសម្រាប់ទេសចរចង់ទៅប្រទេសវៀតណាមត្រូវចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ២ដូស និងត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ ទាំងមុនធ្វើដំណើរ និងទៅដល់ប្រទេសវៀតណាម។ ទេសចរត្រូវចត្តាឡីស័ក មួយថ្ងៃដើម្បីរង់ចាំលទ្ធផលតេស្តជំងឺកូវីដ-១៩។ លើសពីនេះទេសចរត្រូវទិញបណ្ណធានារ៉ាប់រងពេលដើរកម្សាន្តនៅប្រទេសវៀតណាម។ នេះបើតាមគេហទំព័រ​​ E-Visa Vietnam ៕

 

ព័ត៌មានទាក់ទង