សត្វស្លាបកម្រ៩៦ប្រភេទ បង្ហាញខ្លួនក្នុងសៀវភៅសត្វស្លាបបឹងព្រែកល្ពៅរបស់អង្គការBirdLife

12/05/2022 9:00 am ភ្នំពេញ

ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ សៀវភៅសត្វស្លាបក្នុងតំបន់ការពារបឹងព្រែកល្ពៅ ត្រូវបានបោះពុម្ពលើកដំបូងក្នុងឆ្នាំ២០២២ ដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា សហការជាមួយក្រសួងបរិស្ថាន បន្ទាប់ពីចំណាយពេល១៥ឆ្នាំការពារអភិរក្សនៅក្នុងបឹងព្រែកល្ពៅ។ ជំហានដំបូងសៀវភៅនេះ ត្រូវបានបោះពុម្ព១០០ក្បាល ដើម្បីចែកជូនក្រុមគោលដៅនៅតំបន់បឹងព្រែកល្ពៅ និងដៃគូ។



លោក ប៊ូ វរសក្ស ប្រធានអង្គការ Birdlife និងNaturelife បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា សៀវភៅសត្វស្លាបតំបន់ការពារទេសភាពបឹងព្រែកល្ពៅត្រូវបានបោះពុម្ពចេញ ជាលើកដំបូងសម្រាប់កិច្ចការងារថែរក្សា និងអភិរក្សសត្វស្លាបនៅតំបន់បឹងព្រែកល្ពៅ។ សៀវភៅនេះមានរូបភាពសត្វស្លាប និងព័ត៌មាននៃសត្វស្លាបចំនួន៩៦ប្រភេទក្នុងចំណោម ១៣២ប្រភេទ ដែលមានវត្តមានក្នុងតំបន់ការពារខេត្តតាកែវ។ សត្វទាំងនេះ ត្រូវបានអង្កេតតាមដានដោយក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជាដោយសហការជាមួយមន្រ្តីឧទ្យានុរក្សប្រចាំនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅអស់រយះពេលជាង១៥ឆ្នាំមកហើយ។



ប្រធានអង្គការ Birdlife និងNaturelife រូបនេះ អះអាងដូច្នេះ៖ «ថវិកាយើងមានកម្រិត ដូច្នេះជាលើកដំបូងអាចបោះចេញត្រឹម១០០ក្បាលប៉ុណ្ណោះ។ (យើង) អាចមិនទាន់មានលទ្ធភាពចែកជូនជាសាធារណៈទេ បានត្រឹមចែកសម្រាប់គោលដៅសំខាន់សិន»។

សៀវភៅចំណងជើង «សត្វស្លាបក្នុងតំបន់ការពារបឹងព្រែកល្ពៅ» នឹងចែកជូនដល់គោលដៅមួយចំនួនដូចជា សិស្សសាលានៅតំបន់ការពារបឹងព្រែកល្ពៅ មន្ទីរបរិស្ថាន ដៃគូពាក់ព័ន្ធ និងអ្នកសិក្សាស្រាវជ្រាវទាក់ទងសត្វមួយចំនួនផងដែរ។ បើតាមលោក ប៊ូ វរសក្ស សៀវភៅនេះ អាចនឹងកែសម្រួលជាថ្មី ដោយសារប្រភេទសត្វមួយចំនួនមិនទាន់ត្រូវបានបញ្ចូល និងប្តូររូបសត្វមួយចំនួនដែលមិនសូវច្បាស់ចេញ។ លោក សង្ឃឹមថា គម្រោងនៃការបោះពុម្ពលើកទីពីរអាចនឹងមានប្រភេទសត្វច្រើនដែលត្រូវបានបញ្ចូល ចំណែកឯរូបភាពអាចនឹងច្បាស់ជាងមុន។

គោលបំណងធំបំផុតនៃការបោះពុម្ពសៀវភៅសត្វស្លាបនៅតំបន់ការពារបឹងព្រែកល្ពៅ គឺដើម្បីផ្សព្វផ្សាយអំពីប្រភេទសត្វស្លាបនៅក្នុងតំបន់ការពារ។  សៀវភៅនេះ អាចជាផ្នៃកមួយជួយបញ្ជា្របចំណេះដឹងដល់សាធារណជន ជាពិសេសសិស្សានុសិស្សនៃសាលាក្នុងមូលដ្ឋាន និងជុំវិញតំបន់ការពារខាងលើ។ លើសពីនេះ សម្រាប់អ្នកសិក្សាស្រាវជ្រាវ ភ្ញៀវទេសចរ អាចធ្វើសេចក្តីសម្រេចចិត្ត ដើម្បីរៀបចំផែនការគ្រប់គ្រង់ និងអភិរក្សនាពេលអនាគត។

សៀវភៅនេះបណ្តុំដោយរូបភាព ព័ត៌មានសំខាន់ៗទាក់ទងនឹងរបាយប្រជាសាសន៍ ពេលវេលា ព័ត៌មានមូលដ្ឋានក្នុងការធ្វើអត្តសញ្ញាណ និងចំណាត់ថ្នាក់សម្រាប់ការអភិរក្សនៃប្រភេទសត្វស្លាបនីមួយៗដូចជាប្រភេទសម្បូរ បង្គួរ ប្រភេទជិតរងការគំរាមកំហែង ប្រភេទងាយរងគ្រោះ ប្រភេទជិតផុតពូជ និងប្រភេទជិតផុតពូជបំផុត។

គួររម្លឹកផងដែរថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតក្នុងស្រុកបុរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ។ តំបន់ការពារនេះ មានផ្ទៃដីទំហំ ៨៣០៥ហិកតា និងសម្បូរទៅដោយជីវៈចម្រុះជាច្រើនប្រភេទ រួមមានសត្វស្លាបចំនួន១៣២ប្រភេទ មច្ឆជាតិចំនួន១៣៨ប្រភេទ និងរុក្ខជាតិទឹក៣០ប្រភេទ៕
 

 

ព័ត៌មានទាក់ទង