ជាង១០ថ្ងៃ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ប្រទះឃើញត្រីបបែលយក្សញីពីរក្បាល នៅទន្លេមេគង្គ

11/05/2022 3:00 pm ស្ទឹងត្រែង

ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ ត្រីបបែលយក្សញីចំនួនពីរក្បាលបានបង្ហាញខ្លួននៅក្នុងខេត្តស្ទឹងត្រែង ក្នុងរយៈពេលជាង១០ថ្ងៃប៉ុណ្ណោះ។ វត្តមានរបស់ត្រីប្រភេទនេះ កំពុងទាញចំណាប់អារម្មណ៍ពីស្ថានភាពជម្រក ការរស់នៅ ការរកស៊ីរបស់ពួកវាក្នុងទឹកទន្លេមេគង្គ ឱ្យអ្នកស្រាវជ្រាវ អ្នកអភិរក្ស ធនធានកម្រៗនៅក្នុងទឹកសាប បន្តសិក្សាស្រាវជ្រាវបន្ថែម។



ក្នុងឆ្នាំ២០២២នេះ ត្រីបបែលយក្សញីចំនួនពីរក្បាល បានបង្ហាញខ្លួនពីរលើកនៅក្នុងទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្រ្ត ភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២កន្លងទៅ អ្នកនេសាទបានប្រទះឃើញត្រីបបែលញីមួយក្បាល ទម្ងន់ ១៣៩គីឡូក្រាម ប្រវែងទទឹងដងខ្លួន ១៨១សង់ទីម៉ែត្រ ប្រវែងបណ្តោយដងខ្លួន ១៩១សង់ទីម៉ែត្រ និងប្រវែងដងខ្លួនពីចុងច្រមុះដល់ចុងកន្ទុយ ៣៩១សង់ទីម៉ែត្រ បានងាប់នៅភូមិកោះព្រះ។

ចំណែកឯមួយក្បាលទៀត ត្រូវបានប្រទះឃើញនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។ ត្រីបបែលញីនេះ មានទម្ងន់១៨០គីឡូក្រាម ដោយប្រវែងទទឹងដងខ្លួន១៨៥សង់ទីម៉ែត្រ ប្រវែងបណ្តោយដងខ្លួន ២០០សង់ទីម៉ែត្រ និងប្រវែងដងខ្លួនពីចុងច្រមុះដល់ចុងកន្ទុយ ៣៩៣សង់ទីម៉ែត្រ។ ត្រីបបែលនេះត្រូវបានលែងចូលក្នុងទឹកទន្លេមេគង្គវិញ ដោយក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដើម្បីវិលរកកន្លែងសុវត្ថិភាព និងជាកិច្ចការពារអភិរក្ស ប្រភេទសត្វកម្រក្នុងទឹកសាបនៃទន្លេមេគង្គ។


លោកស្រី សីលា អ្នកគ្រប់គ្រងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ លើកឡើងថា វត្តមានត្រីបបែលទាំងពីរដែលបង្ហាញខ្លួននៅខេត្តស្ទឹងត្រែងនេះ ជាសញ្ញាបង្ហាញថាក្នុងទឹកសាបរបស់កម្ពុជានាពេលបច្ចុប្បន្ន ជាជម្រកដ៏សំខាន់សម្រាប់ពួកវា។ ទោះបីជាពេលបច្ចុប្បន្ន មិនទាន់មានការសិក្សា អ្នកជំនាញ អាចសន្និដ្ឋានថា ជម្រករបស់ត្រីបបែលគឺនៅក្នុងអន្លង់ទឹកជ្រៅក្នុងទន្លេមេគង្គខេត្តក្រចេះ និងស្ទឹងត្រែង។ 

អ្នកគ្រប់គ្រងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ពន្យល់ដូច្នេះ៖« ត្រីបបែលគេច្រើនឃើញពួកវានៅរដូវប្រាំង នៅពេលទឹករាក់ៗ។ មួយវិញទៀត អាចនៅរដូវប្រាំងមិនសូវសម្បូរចំណីទើបបណ្ដាលឱ្យវាចេញពីជម្រកសុវត្ថិភាព។ ពពួកត្រីធំៗបែបនេះ បើតាមការសិក្សាអាចរស់នៅកន្លែងដែរមានទឹកជ្រៅៗ ភាគតិចណាស់មានវត្តមាននៅទឹករាក់ៗនោះ»។

ក្រោយឃើញវត្តមានរបស់ត្រីប្រភេទកម្របង្ហាញខ្លួនជាបន្តបន្ទាប់ អ្នកស្រាវជ្រាវ រីករាយ និងមានសង្ឃឹមចំពោះកិច្ចការពារ និងការស្រាវជ្រាវនៅក្នុងអន្លង់ជ្រៅៗក្នុងអាងទន្លេមេគង្គ។ បើតាមលោកស្រី សីលា ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថា លទ្ធផលនៃការសិក្សានៃអន្លង់ជ្រៅជាកន្លែងអាថ៌កំបាំងនៅក្នុងទន្លេមេគង្គ នឹងត្រូវបានបង្ហាញពេលបន្ទាប់។

ដោយឡែក ត្រីបបែលយក្សញីមួយក្បាលដែលប្រទះឃើញងាប់នៅខែមេសា ក្រុមការងារនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ ជលផលទឹកសាប បានយកត្រីបបែលនោះ រៀបជាសំណាក ដើម្បីទុកតាំងបង្ហាញសាធារណជនស្វែងយល់បន្ថែម។

លោក ថាច ថាណារ៉ា ប្រធានមន្ទីរពិសោធនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ ជលផលទឹកសាប បានរៀបរាប់ដូច្នេះ៖ « មូលហេតុវិទ្យាស្ថានរបស់យើងយកត្រីបបែលយក្សនោះ មកធ្វើសំណាក ក៏ព្រោះវាកម្រមាន។ ពលរដ្ឋខ្លះមិនជឿផងថា ក្នុងទឹកសាបមានបបែលយក្សធំបែបនេះទេ។ នេះហើយជាវត្ថុតាងដែលអាចបញ្ជាក់ថា នៅក្នុងទន្លេមេគង្គមានត្រីកម្រៗជាច្រើន ដែលពិភពលោកគ្មាន ហើយពួកយើងគួរនាំគ្នាថែរក្ស និងអភិរក្សបន្ត»។

ត្រីរាជ ត្រីគល់រាំង និងត្រីបបែលយក្ស ត្រូវបានគេចាតទុកជា ប្រភេទត្រីទឹកសាបមានទំហំធំជាងគេបំផុតនៅកម្ពុជា។ ត្រីបបែលយក្ស មានឈ្មោះវិទ្យាសាស្រ្ត (Urogymnus polylepis) និងឈ្មោះជាភាសាអង់គ្លេស Giant freshwater whipray។ វាអាចធំលូតលាស់ដល់ប្រវែងទទឹងដងខ្លួន ២៤០សង់ទីម៉ែត្រ និងទម្ងន់រហូតដល់ ៦០០គីឡូក្រាម។ ត្រីបបែលយក្សនេះ អាចមានប្រវែងរហូតដល់ជាង៥ម៉ែត្រ បើគិតរួមទាំងកន្ទុយវា។ ត្រីបបែល ក៏ជាត្រីមួយនៅក្នុងចំណោមត្រីមានទំហំធំបំផុតនៅលើផែនដីផងដែរ។
បច្ចុប្បន្នត្រីបបែលយក្សប្រភេទនេះ ស្ថិតនៅក្នុងចំណាត់ថ្នាក់ជាប្រភេទត្រីបបែល «កំពុងរងគ្រោះថ្នាក់ជិតផុតពូជ Endangered (EN)» ក្នុងបញ្ជីក្រហម របស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ IUCN Red List៕

 

ព័ត៌មានទាក់ទង