វិហារបុរាណរកាកណ្ដាល មានអាយុកាលជាង២០០ឆ្នាំ

18/03/2023 11:00 am ក្រចេះ

ដោយ៖ ឈន សុផាត 

ក្រចេះ៖ ពេលធ្វើដំណើរតាមផ្លូវជាតិលេខ៧៦ ចម្ងាយ២ គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ យើងនឹងឃើញវិហារបុរាណរកាកណ្ដាលនៅស្របមាត់ទន្លេមេគង្គ ដែលកំពុងឈរយ៉ាងល្អឯក។ វិហារនេះ ត្រូវបានកសាងឡើងក្នុងសតវត្សទី១៨ និងជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តមួយស្ថិតនៅភូមិរកាកណ្ដាលទី១ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ។





 ថ្វីដ្បិតវិហារបុរាណនេះ មានអាយុកាលជាង២០០ឆ្នាំ តែនៅបន្តឈរយ៉ាងរឹងមាំ និងមានក្បូរក្បាច់យ៉ាងស្រស់ស្អាត រាប់តាំងពីហោជាង រហូតដល់ផ្នែកខាងក្នុង។ វិហារនេះ មានពណ៌ពងមាន់ស្រាល ដំបូលប្រក់ក្បឿង អមដោយដើមឈើជាច្រើនជុំវិញ។ ដើមឈើទាំងនេះ ទំនងមានអាយុកាលមិនចាញ់វិហារនេះឡើយ ដ្បិតដើមនីមួយៗ មានកំពស់ខ្ពស់ និងធំៗត្រឈឹងត្រឈៃ។ វិហារបុរាណរកាកណ្ដាល មាន៤ជ្រុង មានទ្វារចំនួន ៥ គឺផ្នែកខាងមុខចំនួន២ ខាងក្រោយ២ និងខាងស្ដាំដៃចំនួន១ ។  បង្អួច មានចំនួន ១៤។ បង្អួត និងទ្វារ ធ្វើឡើងពីឈើ ដោយមានក្បាច់យ៉ាងប្រណីត។ 




ដើរចូលក្នុងវិហារ  យើងឃើញមានព្រះបដិមា ដូចទៅនឹងវិហារឯទៀតដែរ ដែលភ្ញៀវទេស និងពលរដ្ឋ តែងថ្វាយបង្គំ ពេលចូលមកដល់។ ខាងក្នុងវិហារនេះ ក្រាល់ដោយការ៉ូពណ៌ ក្រហម ដែលទំនងត្រូវបានរៀបថ្មី ។ រីឯ ផ្នែកខាងលើនៃជញ្ជាំង ត្រូវបានតាំងដោយរូបថតដែលបង្ហាញពីជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ នាសម័យដើម។ 



អ្វីដែលកាន់តែចាប់អារម្មណ៍នោះ វិហារនេះ មានសសរឈើជាច្រើន នៅតែរឹងមាំ និងស្រោបដោយក្បាច់យ៉ាងរស់រវើក។ ធ្នឹមវិហារ  ក៏ចម្រុះដោយក្បាច់ក្បូរយ៉ាងចំណានទៀតផង។





គួរជម្រាបថា   នៅឆ្នាំ២០០១ វិហារបុរាណរកាកណ្ដាល ត្រូវបានប្រទេសអាល្លឺម៉ង់ ជួសជុលកែលម្អឡើងវិញតាមលំនាំចាស់ទាំងស្រុង៕


 

ព័ត៌មានទាក់ទង