
ដោយ៖ ជឿន ស្រីណយ
ភ្នំពេញ៖ ក្រសួងទេសចរណ៍នឹងបើកវគ្គបណ្ដុះបណ្ដាលជំនាញដុតនំ ដោយឥតគិតថ្លៃតាមរយៈអនឡាញ និងសិក្សាដោយផ្ទាល់។ វគ្គបណ្ដុះបណ្ដាលនេះ បើកទូលាយសម្រាប់សាធារណជនទាំងអស់ ដែលមានចំណាប់អារម្មណ៍លើជំនាញដុតនំ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នៅថ្ងៃ៦ឧសភា។
យោងតាមក្រសួងទេសចរណ៍ វគ្គបណ្ដុះបណ្ដាលជំនាញដុតនំនេះ គឺដើម្បីបណ្ដុះបណ្ដាលជំនាញបន្ថែមសម្រាប់អ្នកមានបំណងប្រកបការងារក្នុងវិស័យម្ហូបអាហារ។ វគ្គបណ្ដុះបណ្ដាលនេះ នឹងចាប់ផ្ដើមពីថ្ងៃទី៣ខែមិថុនា ឆ្នាំ២០២២។
វគ្គបណ្ដុះបណ្ដាលនេះ នឹងបែងចែកជាពីរប្រភេទផ្សេងគ្នា។ ជម្រើសទីមួយ សាធារណជន អាចសិក្សាដោយផ្ទាល់។ អ្នកមានបំណងសិក្សាអាចទំនាក់ទំនងដាក់ពាក្យ តាមនាយកដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ ។ សាធារណជនក៏អាចទាក់ទងតាមលេខទូរស័ព្ទ ០៧៨ ៨៩៩ ៩១៩ ឬ ០៩៦ ៤៩៥ ២៧៩១។
ចំណែកជម្រើសទីពីរ សាធារណជនអាចរៀន វគ្គបណ្ដុះបណ្ដាលដុតនំតាមប្រព័ន្ធអនឡាញបាន។ អ្នកចូលរួមត្រូវសិក្សាតាមរយៈអនឡាញ រៀងរាល់ថ្ងៃពុធ ចាប់ពីម៉ោង ៩:០០ ដល់ម៉ោង ១០:០០ព្រឹក និងចាប់ពីម៉ោង ២:៣០នាទីដល់ម៉ោង៤:៣០នាទី។ សាធារណជនអាចចុះឈ្មោះតាមគេហទំព័រ https://www.tptd.org ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

