លោក គង់ វិបុល៖  GDP Lucky Draw App នឹងបង្កើនប្រសិទ្ធភាពប្រមូលពន្ធជាតិ

06/05/2022 11:00 am ភ្នំពេញ

ដោយ៖ អ៊ូ សុខមាន

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារប្រកាសដាក់ឱ្យប្រើប្រាស់នូវកម្មវីធីវិក្កយបត្រនាំសំណាង(GDP Lucky Draw App) ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រមូលពន្ធឱ្យអស់លទ្ធភាពសម្រាប់ចូលជាតិ។  លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការ GDP Lucky Drawនេះ គឺផ្តល់លទ្ធភាពឱ្យពលរដ្ឋទូទៅចូលរួមចំណែកកសាងជាតិទាំងអស់គ្នា តាមរយៈការថតវិក្កយបត្រទំនិញនានា បញ្ជូនទៅអគ្គនាយកដ្ឋានពន្ធដារ។

 

កម្មវីធីវិក្កយបត្រនាំសំណាងរបស់អគ្គនាយកដ្ឋានពន្ធដារ(GDP Lucky Draw App) ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ ចាប់ពីថ្ងៃទី៥ឧសភា ឆ្នាំ២០២២តទៅ។ បើតាមលោក គង់ វិបុល ការដាក់ឱ្យប្រើប្រាស់កម្មវិធីថ្មីនេះ ក៏ផ្ដល់ឱកាសឱ្យពលរដ្ទទទួលបានរង្វាន់រថយន្ត ម៉ូតូ និងទូរសព្ទដៃទំនើប ហើយថែមទាំងរួមចំណែកក្នុងការពង្រឹងនៃការប្រមូលចំណូលចូលជាតិផងដែរ។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានពន្ធដាររូបនេះ បានបញ្ជាក់ថា គោលដៅរួមនៃការឱ្យប្រើប្រាស់កម្មវិធី GDP Lucky Draw Appនេះ ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូល និងគាំទ្រការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល ជាពិសេសការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបរិយាកាសធុរកិច្ចល្អ ខណៈវិស័យទេសចរណ៍និងវិស័យមួយចំនួនទៀត ត្រូវបានបន្តលើកទឹកចិត្តផ្នែកពន្ធដារ។

«ពន្ធអត់បានដំឡើង អត់បង្កើតពន្ធថ្មី តែសុំប្រមូលពន្ធឱ្យបានអស់[លទ្ធភាព]»។ នេះជាការលើកឡើងរបស់លោកគង់ វិបុល នៃការសម្រេចដាក់ឱ្យប្រើប្រាស់កម្មវិធីGDP Lucky Draw Appនេះឡើង។  

លោកបានបញ្ជាក់ថា៖«GDP Lucky Draw App ដែលដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្ងៃនេះ វាគ្រាន់តែយុទ្ធការមួយ នៅក្នុងវិធានការរាប់សិបដទៃទៀតរបស់ពន្ធដារ ដើម្បីពង្រឹងនូវអនុលោមភាព ពង្រឹងនូវការប្រមូលចំណូលឱ្យមានចីរភាព។  Appនេះ ក៏ជាព្រួយមួយបាញ់បានសត្វច្រើន ដោយទីមួយ៖ គឺអាចពង្រឹងការប្រមូលចំណូល និងទីពីរ ក៏ពង្រឹងទៅលើការអនុវត្តនៃវិធានវិក្កយបត្រ ដែលបានណែនាំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាពន្ធដារ»។

ជាមួយគ្នានេះ លោក គង់ វិបុល លើកទឹកចិត្តដល់ពលរដ្ឋគ្រប់រូបឱ្យប្រើប្រាស់កម្មវិធីនេះ ដើម្បីបានឱកាសឈ្នះរង្វាន់ពីអគ្គនាយកដ្ឋានពន្ធដារ ដោយពលរដ្ឋគ្រាន់តែថតវិក្កយបត្រទិញទំនិញឬសេវា ហើយ Upload ចូលក្នុងApp និងវាយឈ្មោះសម្គាល់ខ្លួន គឺជាការសម្រេច។  លោក បានបន្ថែមថា ៖« នៅពេលពលរដ្ឋចូលរួមធ្វើបែបនេះ នោះយើងខ្ញុំនឹងដឹងថាម្ចាស់អាជីវកម្មឬសហគ្រាសណា ចេញវិក្កយបត្រខុសវិធាន ឬមិនបានចុះបញ្ជីអាជីវកម្មនៅអគ្គនាយកដ្ឋានពន្ធដារ។ ដូច្នេះ ខាងយើងនឹងចុះណែនាំ ឬអនុវត្តតាមច្បាប់ដល់ម្ចាស់អាជីវកម្មនិងសហគ្រាសទាំងអស់នោះ»។

សូមជម្រាបថា ៣ខែដើមឆ្នាំ២០២២ កម្ពុជាទទួលបានចំណូលពីពន្ធដារ ប្រមាណជាង១ ២០០លានដុល្លារ។ ចំណូលដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាននេះ គឺមានការកើនឡើងចំនួន ២២,២៥ភាគរយ បើធៀបនឹងគ្រាដូចគ្នា កាលឆ្នាំ២០២១៕ 




 

ព័ត៌មានទាក់ទង