ពលរដ្ឋសហគមន៍សម្រស់កោះហាន មានជំនឿជ្រាលជ្រៅលើ«ព្រៃអ្នកតា»

23/09/2022 9:00 am ភ្នំពេញ


ដោយ៖ ស៊ុល រ៉វី 
ស្ទឹងត្រែង៖ប្រជាសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន មានជំនឿយ៉ាងជ្រាលជ្រៅលើ «ព្រៃអ្នក តា» ដែលជា ទីតាំងកោះមួយ មានដើមឈើធំៗ ខ្ពស់ៗ នៅក្នុងសហគមន៍។ «ព្រៃអ្នកតា»នៅសហគមន៍នេះ មានទំហំ ប្រមាណ១គីឡូម៉ែត្រការ៉េ។ ក្រៅពីរៀបចំពិធីសែនអ្នកតា មួយឆ្នាំ២ដង ដែលជាទំនៀមទម្លាប់ពីដូនតាមក ពលរដ្ឋក្នុងសហគមន៍នេះ ​ក៏តែងតែមកបន់ស្រន់នៅពេលមានជំងឺឈឺថ្កាត់ និងបន់ស្រន់សុំសេចក្ដីសុខជាដើម។



សូមលោក អ្នកនាង ទស្សនាបទសម្ភាសរវាង លោក ស៊ុល រ៉វី ជាមួយ លោក វ៉ាត សំណាង ជាពលរដ្ឋរស់នៅក្នុងសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន ដូចតទៅ៖
 


«ព្រៃអ្នកតា» ជាកោះមួយស្ថិតនៅសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន ដែលមានទីតាំងនៅក្នុងឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ «ព្រៃអ្នកតា» មានទំហំប្រមាណ១គីឡូម៉ែត្រការ៉េ ​មានដើមឈើធំៗ ខ្ពស់ៗ ផ្តល់ជាម្លប់ត្រឈឹងត្រឈៃ គួរជាទីគយគន់ និងស័ក្តិសមសម្រាប់អ្នកចូលចិត្តដើរព្រៃ។ 

ក្រៅពីទាក់ទាញផ្នែកទេសចរណ៍ កោះមួយនេះ ក៏ជាកន្លែងប្រតិបត្តិជំនឿអរូបី របស់ពលរដ្ឋក្នុងឃុំកោះស្នែង តកូនតចៅ រហូតដល់បច្ចុប្បន្នដែរ។ ស្ថិតលើដីប្រមាណ១គីឡូម៉ែត្រ គឺមានខ្ទមតូចមួយ សង់អំពីឈើ ប្រក់ដោយស័ង្កសី ដែលសង់ដោយពលរដ្ឋផ្ទាល់ ដើម្បីគោរពបូជាអ្នកតា លើកោះមួយនេះ។ 

​លោក វ៉ាត សំណាង ដែលកើតក្នុងសហគមន៍នេះផ្ទាល់ បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ទីតាំងព្រៃនេះ អ្នកស្រុកមានជំនឿ និងប្រតិបត្តិជំនឿនេះ តាំងពីដូនតាមក ដល់បច្ចុប្បន្ន។ លោក វ៉ាត សំណាង ពន្យល់ពីជំនឿរបស់អ្នកភូមិ លើព្រៃនេះដូច្នេះ៖ «អ្នកភូមិស្រុក គាត់មានជំនឿខ្លាំងណាស់​! ដល់ពេលឈឺថ្កាត់ មានឧបសគ្គណាមួយ ដែលកើតឡើងក្នុងគ្រួសាររបស់គាត់ អាចបែរបន់អី អាចបាន»។ 

នៅ «ព្រៃអ្នកតា»នេះ ចាស់ៗជំនាន់មុន ផ្ដែផ្ដាំឱ្យកូនចៅជំនាន់ក្រោយ មិនឱ្យកាប់បំផ្លាញព្រៃឈើលើកោះមួយនេះឡើយ ដោយពួកគាត់សំអាងថា​ជាកន្លែងរបស់អ្នកតា និងត្រូវបានហៅតំបន់មួយនេះថា «ព្រៃអ្នកតា»ជាប់រហូតមក។ ក្រៅពីបួងសួងសុំសេចក្ដីសុខ ជៀសពីឧបសគ្គ និងជំងឺឈឺថ្កាត់នានា នៅទីតាំងព្រៃនេះ អ្នកភូមិតែងយកតង្វាយមកសែន ជារៀងរាល់ឆ្នាំ។ 

ការសែនព្រេននេះ អ្នកភូមិតែងប្រមូលផ្ដុំគ្នា ដោយរៃអង្គាសថវិកា ដើម្បីប្រារព្ធធ្វើឡើង ពីរដងក្នុងមួយឆ្នាំ គឺនៅខែមាឃ និងខែពិសាខ ក្នុងគោលបំណងដើម្បីឱ្យអ្នកតា ជួយថែរក្សាអ្នកភូមិ។ ចំណែកឯគ្រឿងតង្វាយ ដែលយកមកសែននោះរួមមាន មាន់ ជ្រូក និងស្រា ជាដើម​។ ទំនៀមទម្លាប់សែននេះ ត្រូវបានអ្នកភូមិ ប្រតិបត្តិបន្តរហូតមកដល់បច្ចុប្បន្ន​ មិនដែលខកខានឡើយ៕

 

ព័ត៌មានទាក់ទង