ព្រៃភ្នំតាម៉ៅជាទីសុវត្ថិភាពសម្រាប់សត្វព្រៃដែលបានលែង

03/08/2022 10:00 am ភ្នំពេញ

ដោយ៖ ប៉ូ សុភា 

តាកែវ៖ ព្រៃភ្នំតាម៉ៅ ត្រូវការពារ និងថែរក្សាឱ្យក្លាយជាជម្រកសុវត្ថិភាពសត្វនានា ដែលត្រូវបានដោះលែងបន្ទាប់ពីបានស្ដារនីតិសម្បទា និងសង្គ្រោះពីព្រៃនានានៅជុំវិញប្រទេសកម្ពុជា។ បច្ចុប្បន្នព្រៃនេះ មានសត្វច្រើនប្រភេទអាស្រ័យនៅ និងអាចរស់ដោយភាពរីករាយក្នុងធម្មជាតិ។

 

ព្រៃភ្នំតាម៉ៅនៅក្នុងខេត្តតាកែវ សម្បូរដើមឈើតូចៗ មិនសូវមានដើមឈើធំៗដូចព្រៃផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្ដែព្រៃនេះអាចចាត់ទុកជាកន្លែងសម្បូរសត្វព្រៃរស់នៅ។ ព្រៃនេះ អាចជាទីតាំងធម្មជាតិតែមួយគត់ នៅជិតទីក្រុងភ្នំពេញ ដែលមានព្រៃភ្នំ និងមានវត្តមានសត្វព្រៃរស់នៅតាមបែបធម្មជាតិច្រើន។ វត្តមានសត្វព្រៃទាំងនោះ មិនមែនកើតឡើងដោយឯងៗ ឬនៅសេសសល់កាលពីជំនាន់មុននោះឡើយ ភាគច្រើននៃសត្វទាំងនោះ ត្រូវបានលែងចូលព្រៃវិញ បន្ទាប់ពីសង្គ្រោះពីទីតាំងនានានៅកម្ពុជា។
 
លោក និក ម៉ាក ​នាយកសង្រ្គោះ និងថែរក្សាសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានប្រាប់ThmeyThmey25ថា  ព្រៃភ្នំតាម៉ៅមានផ្ទៃដីសរុបចំនួន ២៣០០ហិកតា ក្នុងនោះដីសម្រាប់សួនសត្វមានប្រហែល៤០០ទៅ៥០០ហិកតា។ បន្ទាប់ពីបានបង្កើតសួនសត្វភ្នំតាម៉ៅនៅឆ្នាំ១៩៩៥មក ក្រុមការងាររបស់រដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានសហការដោះលែងសត្វព្រៃចូលព្រៃធម្មជាតិភ្នំតាម៉ៅចាប់ពីឆ្នាំ២០០២​ បន្តរហូតមកដល់ពេលបច្ចុប្បន្ន។ 


លោក និក ម៉ាក នាយកសង្រ្គោះ និងថែរក្សាសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ

បើតាមនាយកសង្រ្គោះ និងថែរក្សាសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ព្រៃភ្នំតាម៉ៅជាទីតាំងធម្មជាតិនៅជិតក្រុងភ្នំពេញតែមួយគត់ដែលសម្បូរដោយសត្វព្រៃរស់នៅ និងជាព្រៃធម្មជាតិខុសពីកន្លែងផ្សេងទៀតនៅជិតរាជធានី។ «​ ឆ្មាំព្រៃនៅទីនោះកម្ររកឃើញអន្ទាក់ណាស់។ ខ្ញុំនិយាយបែបនេះ មិនមែនមានន័យថា អន្ទាក់នៅព្រៃភ្នំតាម៉ៅសូន្យនោះទេ គ្រាន់មានតិចណាស់។ មួយទៀតសត្វយើងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ នេះហើយទើបខ្ញុំថាព្រៃភ្នំតាម៉ៅ ជាព្រៃដ៏ល្អបំផុតសម្រាប់សត្វព្រៃ»។ នេះជាការបញ្ជាក់របស់លោក និក ម៉ាក។ 
ក្នុងដំណើរចូលព្រៃក្នុងបរិវេណព្រៃភ្នំតាម៉ៅ ​លោក និក ដើរបណ្ដើរនិយាយបណ្ដើរថា ព្រៃទាំងនេះមើលទៅមិនមានដើមឈើធំៗទេ ប៉ុន្ដែពិតជាមានសត្វច្រើនរស់នៅទីនេះ។ ជាក់ស្ដែង ក្រុមការងារអាចដឹងថាសត្វមានឬអត់ក៏ដោយសារមានដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិដើម្បីអង្កេតសត្វព្រៃជាប្រចាំ។ 


រូបភាពដោយ លោក ទ្រី ស៊ីថេង 

នៅក្នុងព្រៃភ្នំតាម៉ៅ បានដាក់កាំមេរ៉ាចំនួន១៨គ្រឿង ដោយមួយគ្រឿង ថតជាប់សត្វមិនក្រោមប្រាំក្បាលទេ។ សត្វដែលសម្បូរនៅក្នុង​ព្រៃនេះ ​រួមមាន ប្រើស ឈ្លូស ជ្រូកព្រៃ ស្វា និងសត្វស្លាប។ 

ធម្មជាតិរបស់សត្វរស់នៅក្នុងព្រៃកម្រជួបបញ្ហាណាស់ ប្រសិនបើមិនមានមនុស្សទៅរំខានពួកវា។ លោក និក បានបញ្ជាក់ច្បាស់ៗ៖ « ព្រៃគ្រប់កន្លែងសុវត្ថិភាពបាន លុះត្រាគ្មានអន្ទាក់ និងការបៀតបៀនពីផ្នែកខាងក្រៅ។ ខ្ញុំក៏សំណូមពរឱ្យប្រជាពលរដ្ឋ ​និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួម ការពារនិងអភិរក្សព្រៃ ឱ្យបានគង់វង្សសម្រាប់ទុកជាជម្រក សម្រាប់សត្វព្រៃបានរស់នៅបន្តពូជពង្សតទៅ»៕ 

ព័ត៌មានទាក់ទង