ហ៊ីង​ស្រស់ កំពុងមាន​ទីផ្សារ និង​តម្លៃ​ថ្លៃ​!

21/04/2022 5:00 pm ភ្នំពេញ

​ដោយ​៖ ផាត ដា​ណេ​

​ភ្នំពេញ​៖ រយៈពេល​ជាង​១​ឆ្នាំ​ហើយ ដែល​អាជីវករ​មួយចំនួន​បាន​យក​ហ៊ីង​ស្រស់​មក​លក់​លើ​ទីផ្សារ​។ ទន្ទឹមនឹងនេះ ហ៊ីង​ស្រស់ ក៏មាន​ទីផ្សារ សម្រាប់​ពលរដ្ឋ​ចំនួន ពិសេស​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​។ តាម​ការអះអាង​ពី​អាជីវករ​ទាំងនោះ ហ៊ីង​ស្រស់​លក់បាន​តម្លៃ​ថ្លៃ ហើយ​មួយថ្ងៃ​ពួកគេ​អាច​លក់បាន​ចន្លោះ​ពី​២០-៣០​គីឡូក្រាម​ឯណោះ​។​



​ហ៊ីង ជា​សត្វ​មួយ​ប្រភេទ ដែលមាន​សន្ដាន​កង្កែប តែ​សណ្ឋាន​មាឌ​ត្រមុល និង​បំប៉ោង​ខ្លួន​បាន​។ បច្ចុប្បន្ន សត្វ​ហ៊ីង កំពុងមាន​ទីផ្សារ និង​មានតម្លៃ​ខ្ពស់​នៅ​រាជធានី​ភ្នំពេញ ដោយសារ​អតិថិជន​ទិញ​ទៅធ្វើ​ម្ហូប​។ អ្នកស្រី ថន ស្រីមុំ ជា​អាជីវ​ករលក់​ហ៊ីង​ស្រស់ និង​ហ៊ីង​ប្រឡាក់​គ្រឿង នៅ​ផ្សារ​សំណង់​១២ ក្នុង​រាជធានី​ភ្នំពេញ បាន​លើកឡើងថា ហ៊ីង​មាន​ទីផ្សារ​ល្អ ហើយក៏​លក់បាន​តម្លៃ​ថ្លៃ​គួរសម​ផងដែរ​។ 

​អាជីវករ​ស្រីមុំ លក់​ហ៊ីង​ស្រស់ បាន​តម្លៃ​៣៥០០០​រៀល​ក្នុង​មួយ​គីឡូក្រាម និង​ហ៊ីង​ប្រឡាក់​គ្រឿង តម្លៃ​៣៨០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ អាជីវក​រវ័យ​៣៣​ឆ្នាំ​រូបនេះ លើកឡើងថា​៖«​ហ៊ីង​របស់ខ្ញុំ​លក់​គឺ​ទិញ​ពី​កសិករ​ខេត្តព្រះវិហារ និង​ក្រចេះ​។ ហ៊ីង​ហ្នឹង​ក៏​មិនមែន​ហ៊ីង​ចិញ្ចឹម​ដែរ ពួកគាត់​ដើរ​ចាប់​តាម​ភ្លឺស្រែ ព្រោះ​យកមក​ហ្នឹង​មាន​តូច​មាន​ធំ អត់​ធំៗ​ស្មើគ្នា​ទេ​»​។ 


រូបភាពពីហ្វេសប៊ុក Srey Tuch Online Shop 

​ងាក​មក​អាជីវករ​លក់​ហ៊ីង​ម្នាក់ទៀត អ្នកស្រី ស្រ៊ុន លាង​ហ៊​ន ក៏​អះអាងថា ហ៊ីង​កំពុងមាន​ទីផ្សារ​នាពេល​បច្ចុប្បន្ន​ផងដែរ​។ អ្នកស្រី លាង​ហ៊​ន អាច​លក់​ហ៊ីង​ស្រស់​នេះ បាន​តម្លៃ​៦​ម៉ឺន​រៀល​ឯណោះ ក្នុង​មួយ​គីឡូក្រាម​។ 

«​ខ្ញុំ​បង្ហោះ​លក់​តាម​ហ្វេ​ស​ប៊ុ​ក ហើយ​មាន​ភ្ញៀវ​កម្មង់​ទិញ​ច្រើន មាន​ទីផ្សារ​។ ជា​មធ្យម​ខ្ញុំ​លក់ដាច់​២០-៣០​គីឡូក្រាម​ក្នុង​មួយថ្ងៃ បើ​ថ្ងៃ​ណា​តិចជាង​១០​គីឡូក្រាម ព្រោះ​ភ្ញៀវ​គេ​ទិញ​ម្នាក់​៤-៥​គីឡូក្រាម​ទុក​ហូប​អ៊ីចឹងទៅ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី ស្រ៊ុន លាង​ហ៊​ន ដោយ​បញ្ជាក់ថា អ្នកស្រី ទិញ​ហ៊ីង​ទាំងនេះ ពី​កសិករ​ខេត្តសៀមរាប ក្រចេះ និង​ខេត្តព្រះវិហារ​។​



​ក្រៅពីនេះ លោក ធី សុធា ជា​អាជីវ​ករលក់​ហ៊ីង​ម្នាក់ទៀត ក៏​ថា ហ៊ីង​មាន​ទីផ្សារ ហើយ​លក់បាន​តម្លៃ​ខ្ពស់​ទៀតផង​។ លោក សុធា លក់​ហ៊ីង​ស្រស់​នោះ​តម្លៃ​៤៥០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ អាជីវករ​រូបនេះ លើកឡើងថា​៖«​ខ្ញុំ​ប្រមូល​ទិញ​ពី​កសិករ​តាម​ខេត្ត ហើយ​យកមក​លក់បាន​តម្លៃ​៤៥០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ហ្នឹង​។ និយាយ​ទៅ​លក់ដាច់​ដែរ បាន​ជាង​១០-២០​គីឡូក្រាម​រាល់ថ្ងៃ​»​។ 

​តាម​ការបញ្ជាក់​ពី​អាជីវក​រទាំង​៣​ខាងលើ ហ៊ីង​ស្រស់​នេះ អតិថិជន​ភាគច្រើន​ទិញយក​ទៅធ្វើ​ម្ហូប​បាន​ច្រើន​ប្រភេទ​ដូចជា ឆា ស្ងោរ ប្រឡាក់​គ្រឿង​អាំង ចៀន បំពង​ជាដើម​៕

ព័ត៌មានទាក់ទង