លោក ហ៊ុល វាសនា ច្នៃដូងទុំ ជាស៊ុមប៉ាន់តែបែបបុរាណ ទទួលបានការគាំទ្រច្រើន

20/04/2022 2:00 pm សៀមរាប


ដោយ៖ ផាត ដាណេ
លោក ហ៊ុល វាសនា បានយកផ្លែដូងទុំ ច្នៃធ្វើជាស៊ុមប៉ាន់តែបែបបុរាណយ៉ាងស្រស់ស្អាត។ រយៈពេលជិត១ឆ្នាំហើយ ដែលអ្នកខេត្តសៀមរាប វាសនា បានចាប់ផ្ដើមអាជីវកម្មមួយនេះ ហើយក៏ទទួលបានការគាំទ្រច្រើនពីអតិថិជន។ ស៊ុមប៉ាន់តែច្នៃពីផ្លែដូងទុំរបស់លោក លក់បានតម្លៃខ្ពស់ចន្លោះពី១៥-២០ដុល្លារក្នុងមួយឈុត។



លោក ហ៊ុល វាសនា ជាពលរដ្ឋរស់នៅក្នុងភូមិអារញ្ញ  ស្រុកសៀមរាប ខេត្តសៀមរាប បានធ្វើស៊ុមប៉ាន់តែបែបបុរាណពីផ្លែដូង លក់តាមបណ្ដាញសង្គមហ្វេសប៊ុក។ ដ្បិតអាជីវកម្មមួយនេះ ទើបចាប់ផ្ដើម តែលោកវាសនា ទទួលបានការគាំទ្រពីអតិថិជនជាច្រើន។ ក្នុងមួយខែ អាជីវករវ័យ៣៨ឆ្នាំរូបនេះ អាចលក់ស៊ុមប៉ាន់តែ បានចន្លោះពី៥០ ទៅ១០០ឈុតឯណោះ។



លោក វាសនា លក់ស៊ុមប៉ាន់តែជាឈុត ក្នុងនោះមាន ប៉ាន់តែ១ និងស៊ុមធ្វើពីដូង១ ដែលលក់ក្នុងតម្លៃចន្លោះពី១៥-២០ដុល្លារ។ លោក អះអាងដូច្នេះ៖«តម្លៃខុសគ្នានោះ អាស្រ័យលើទំហំស៊ុម។ ស៊ុមដូងធំតម្លៃ២០ដុល្លារ តូច១៥ដុល្លារ។ ខ្ញុំលក់ទាំងឈុតជាមួយប៉ាន់ ព្រោះខ្លាចភ្ញៀវទិញស៊ុមទៅហើយពិបាករកប៉ាន់។ អ៊ីចឹងធ្វើស៊ុមហើយ ខ្ញុំត្រូវរកទិញប៉ាន់តែណាល្មម ដាក់ទៅជាមួយគ្នា»។ 

លោកវាសនា  បានចេះជំនាញនេះតពីឪពុក ព្រោះចាស់ៗពីមុន តែងតែប្រើប្រាស់ស៊ុមប៉ាន់តែ ដើម្បីជួយរក្សាកម្ដៅទឹក និងការពារកុំឱ្យបែកផងដែរ។ លោក វាសនា បញ្ជាក់ថា ស៊ុមប៉ាន់តែដូងមួយ ត្រូវចំណាយពេលធ្វើប្រមាណ១សប្ដាហ៍ឯណោះ ព្រោះត្រូវកាប់ច្រៀកដូង ដើម្បីឆ្កៀលយកត្រឡោកខាងក្នុងចេញ រួចដាក់ហាលឱ្យស្ងួត និងខាត់ឱ្យស្អាតទៀតផង។



បច្ចុប្បន្នអាជីវកម្មរបស់លោក វាសនា ទទួលបានការគាំទ្រច្រើនពីអតិថិជន ទើបធ្វើឱ្យអ្នកសៀមរាបរូបនេះ មិនអាចផ្គត់ផ្គង់គ្រប់តាមតម្រូវការឡើយ ព្រោះលោកពិបាករកផ្លែដូងដែលអាចយកមកធ្វើជាស៊ុមប៉ាន់បាន។  លោក វាសនា បានបញ្ជាក់ដូច្នេះ៖ «ដូងទុំទើបងាយស្រួលធ្វើ មិនទន់ពេក ហើយក៏មិនរឹងពេក អាចប្រើប្រាស់បានយូរ។ ខ្ញុំដើរទិញពីអ្នកភូមិជិតៗ តែឥឡូវមិនសូវសម្បូរទេ ពិបាករកដែរ ពិសេសដូងធំៗ»៕ 
 

ព័ត៌មានទាក់ទង