៣ខែដើមឆ្នាំ២០២២ កម្ពុជា-អាម៉េរិក សម្រេចបានទំហំពាណិជ្ជកម្ម ២,២ពាន់លានដុល្លារ

20/04/2022 11:00 am ភ្នំពេញ

ដោយ៖ ធន់ សេងហុង

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាម៉េរិក សម្រេចបានក្នុងរង្វង់ទឹកប្រាក់ ២,២ពាន់លានដុល្លារនៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២២នេះ ។ ទំហំនេះ បានកើនឡើងរហូតដល់ ៤១,៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ដែលមានទឹកប្រាក់ជាង ១,៥ពាន់លានដុល្លារ ។



ស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញ ជាមួយបណ្តាប្រទេសសំខាន់ៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ការនាំចេញទំនិញពីកម្ពុជាទៅអាម៉េរិក ៣ខែនេះ មានទំហំទឹកប្រាក់រហូតដល់ ២,១៥ពាន់លានដុល្លារ ដែលកើនឡើងប្រមាណ៤៣,៧ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ដែលមានត្រឹមតែ ១,៤៩ ពាន់លានដុល្លារ។
 
ចំណែកឯការនាំចូលទំនិញពីអាម៉េរិកមកកម្ពុជាវិញ មានទំហំជាង៧៦លានដុល្លារ ដោយធ្លាក់ចុះប្រមាណ ០,៨ ភាគរយ បើធៀបរយៈពេលដូចគ្នា ដែលមានទំហំទឹកប្រាក់ ៧៧លានដុល្លារ ក្នុងឆ្នាំ២០២១។ 
 
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា នេះជាសញ្ញាល្អ សម្រាប់កំណើននាំចេញពីកម្ពុជាទៅអាម៉េរិក ។ លោកបន្តទៀតថា ស្របពេលដែលចិន និងអាម៉េរិក កំពុងដំឡើងពន្ធដាក់គ្នានេះ ក៏ជាឱកាសសម្រាប់កម្ពុជា ដែលអាចទាក់ទាញវិនិយោគិនកាន់តែច្រើន ខណៈកម្ពុជាដាក់ឱ្យអនុវត្តច្បាប់វិយោគថ្មីៗ ដើម្បីលើកទឹកចិត្តដល់អ្នកដែលមានបំណងរកស៊ីនៅកម្ពុជា ។
 
ទំនិញដែលកម្ពុជា នាំចេញទៅអាម៉េរិកភាគច្រើន វាយនភ័ណ្ឌ កាត់ដេរ និងវិស័យមួយចំនួន មិនមែនកាត់ដេរដូចជា ស្បែកជើង កាបូបជាដើម។ លោក លឹម ហេង បានបន្ថែមទៀតថា កម្ពុជាកំពុងត្រូវការវិនិយោគិនជាច្រើន ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជា ជាពិសេសទៅលើវិស័យកសិឧស្សាហកម្ម ដែលកែច្នៃផលិតកសិកម្ម និងវិស័យទេសចរណ៍ សំដៅលើការសាងសង់សណ្ឋាគារ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ។
 
សូមជម្រាបថា កាលឆ្នាំ២០២១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេស-តំបន់នៅលើពិភពលោក បានជាង៤៨ពាន់លានដុល្លារ។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា មាន១៩,៣ពាន់លានដុល្លារ។  រីឯការនាំចូលវិញ មាន២៨,៧ពាន់លានដុល្លារ។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

 

ព័ត៌មានទាក់ទង