ចូលឆ្នាំខ្មែរ៖ ទេសចរ ជិត៤,៦ លាននាក់ ទៅកម្សាន្តទូទាំងប្រទេស

17/04/2022 3:00 pm ភ្នំពេញ


ដោយ៖ ហុង ស្រីណា 
ភ្នំពេញ៖រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ កម្ពុជាទទួលបានទេសចរជាតិ និងអន្តរជាតិជិត ៤,៦លាននាក់។ ខេត្តបាត់ដំបង ជាខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេសរុប ជាង៥៦ម៉ឺននាក់ ខណៈខេត្តកំពង់ចាម ឈរលេខរៀងបន្ទាប់ដែលមានទេសចរសរុបប្រមាណ ៥១ម៉ឺននាក់។

 
ទេសចរជាតិ និងអន្តរជាតិជាច្រើន បានទៅដំណើរកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍នាឱកាសបុណ្យឆ្នាំខ្មែរ ក្រោយខកខានប្រារព្ធអស់រយៈពេល២ឆ្នាំ។ ពលរដ្ឋខ្មែរមួយចំនួនបានទៅលេងស្រុកកំណើត ខណៈពលរដ្ឋមួយចំនួនទៀតបានទៅកម្សាន្តតាមបណ្តាខេត្តនានា។ ទន្ទឹមនេះ ខេត្តមួយចំនួនក៏បានរៀបចំកម្មវិធីសង្រ្កាន្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរផងដែរ។
 
ត្រឹមរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ កម្ពុជាទទួលបានទេសចរជាតិ-អន្តរជាតិ សរុបជិត ៤,៦លាននាក់ ដោយទេសចរជាតិមានជាង ៤,៥លាននាក់ និងទេសចរអន្តរជាតិមានប្រមាណ ៣ម៉ឺននាក់។ ក្នុងនោះ ខេត្តបាត់ដំបង ជាខេត្តដែលមានទេសចរទៅកម្សាន្តច្រើនជាងគេសរុបជាង ៥៦ម៉ឺននាក់ ដោយទេសចរជាតិមានចំនួន ៥៦ម៉ឺននាក់ និងទេសចរអន្តរជាតិប្រមាណ ១ពាន់នាក់។

ខេត្តកំពង់ចាមឈរនៅលេខរៀងទី២ ដែលមានទេសចរសរុបជាង ៥១ម៉ឺននាក់ ដោយទេសចរជាតិមានចំនួន ៥១ម៉ឺននាក់ និងអន្តរជាតិប្រមាណ ៥០០នាក់។ ចំពោះខេត្តសៀមរាប មានភ្ញៀវទេសចរសរុបប្រមាណ ៤០ម៉ឺននាក់ ខណៈទេសចរជាតិមានជាង ៣៩ម៉ឺននាក់ និងអន្តរជាតិមានប្រមាណ ៣០០០នាក់។ ខេត្តបន្ទាយមានជ័យ ជាលេខរៀងទី៤ ដែលមានទេសចរទៅកម្សាន្តជាង ៣៨ម៉ឺននាក់ ដោយទេសចរជាតិមានជាង ៣៨ម៉ឺននាក់ និងអន្តរជាតិមានប្រមាណ ៣០០នាក់។ 

សម្រាប់ខេត្តព្រៃវែង ឈរនៅលេខរៀងទី៥ ដែលមានភ្ញៀវទេសចរទៅកម្សាន្តសរុបប្រមាណ ៣៨ម៉ឺននាក់ ដោយទេសចរអន្តរជាតិមានចំនួន ៥នាក់ ។ ជាមួយគ្នានោះ កំពង់ស្ពឺ មានចំនួនជាង ៣៣ម៉ឺននាក់ ដោយទេសចរអន្តរជាតិមានប្រមាណ ១ពាន់នាក់។  ខេត្តពោធិ៍សាត់មានទេសចរទៅកម្សាន្តសរុបជាង ២៩ម៉ឺននាក់ ខណៈខេត្តកំពង់ឆ្នាំងមានប្រមាណ ២៧ម៉ឺននាក់។ 
ចំណែកខេត្តកំពត មានទេសចរទៅកម្សាន្តសរុបជាង ២៥ម៉ឺននាក់ ដោយទេសចរអន្តរជាតិមានប្រមាណ១ពាន់នាក់។ ខេត្តកំពត មានទេសចរទៅកម្សាន្តប្រមាណ ១៣ម៉ឺននាក់ ដោយទេសចរអន្តរជាតិមានប្រមាណ ១ពាន់នាក់។ ដោយឡែក ខេត្តកំពង់សោមមានប្រមាណ ២៣ម៉ឺននាក់ ដោយទេសចរអន្តរជាតិមានចំនួនជាង ១ម៉ឺននាក់។ ចំពោះខេត្តប៉ៃលិន មានទេសចរសរុបជាង ១២ម៉ឺននាក់ ។

ក្រៅពីនេះមានដូចជា ខេត្តឧត្តរមានជ័យ មានទេសចរសរុបជាង ២ម៉ឺននាក់, ខេត្តកំពង់ធំ ៤ម៉ឺននាក់, ព្រះវិហារ ជាង៣ម៉ឺននាក់, ខេត្តកោះកុង ៣ម៉ឺននាក់, ខេត្តក្រចេះ ជិត៤ម៉ឺននាក់, ខេត្តមណ្ឌលគិរី ប្រមាណ២ម៉ឺននាក់, ខេត្តរតនគិរី ជិត៤ម៉ឺននាក់, ខេត្តស្ទឹងត្រែង ជាង២ម៉ឺននាក់, ខេត្តកណ្តាល ជាង៦ម៉ឺននាក់, ស្វាយរៀង ជាង៣ម៉ឺននាក់, តាកែវ ជាង៤ម៉ឺននាក់ និងត្បូងឃ្មុំ ជាង៦ម៉ឺននាក់៕
 

ព័ត៌មានទាក់ទង