ចូលឆ្នាំខ្មែរ៖ តាក់ស៊ី និងរថយន្តដឹកភ្ញៀវ ឡើងថ្លៃ៥ពាន់ទៅ១ម៉ឺនរៀល ដោយសារសាំងឡើងថ្លៃ

13/04/2022 9:00 am ភ្នំពេញ

ដោយ: ផាត ដាណេ

ភ្នំពេញ៖ កៀកនឹងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពលរដ្ឋភាគច្រើន បានធ្វើដំណើរទៅស្រុកកំណើត ដើម្បីជួបជុំគ្រួសារ សាច់ញាតិ បងប្អូន តាមបណ្ដាខេត្តនានា។ អំឡុងពេលនៃពិធីបុណ្យចូលឆ្នាំ អ្នករត់តាក់ស៊ី និងរថយន្តដឹកភ្ញៀវ បានដំឡើងថ្លៃឈ្នួលចន្លោះពី៥ពាន់រៀល ទៅ១ម៉ឺនរៀល ដោយសារតែសាំងឡើងថ្លៃ។



អ្នករត់តាក់ស៊ី និងរថយន្តឈ្មួល៣-៤នាក់ នៅម្ដុំផ្សារដើមគរ ដែលដឹកភ្ញៀវចេញពីភ្នំពេញ ទៅខេត្តតាកែវ និងកំពត បានប្រាប់សារព័ត៌មានថ្មីៗថា គេយក១នាក់ ចន្លោះពី២៥០០០-៣០០០០រៀល សម្រាប់ភ្ញៀវទៅតាកែវ​ អាស្រ័យតាមគោលដៅជិត ឬឆ្ងាយ។ ចំណែកឯ ភ្ញៀវជិះទៅខេត្តកំពត ក្នុង១នាក់ ចន្លោះពី៣៥០០០-៤០០០០រៀល។ អ្នករត់តាក់ស៊ី និងរថយន្តឈ្នួលទាំងនោះ បានបញ្ជាក់ថា មិនបានដំឡើងថ្លៃឡើយ នៅរក្សាតម្លៃធម្មតា ព្រោះភ្ញៀវទាំងនោះសុទ្ធតែម៉ូយធ្លាប់ជិះ​​។


 កញ្ញា នួន កន្និកា 


តែយ៉ាងណាពលរដ្ឋ ដែលធ្លាប់ធ្វើដំណើរតាមតាក់ស៊ី និងរថយន្តឈ្នួលទាំងនោះ បានអះអាងថា តម្លៃធ្វើដំណើរអំឡុងពេលចូលឆ្នាំនេះ គឺឡើងថ្លៃចន្លោះពី៥ពាន់-១ម៉ឺនរៀលក្នុងម្នាក់។ កញ្ញា នួន កន្និកា ដែលជានិស្សិតឆ្នាំទី២ ឈររង់ចាំតាក់ស៊ី នៅចំណតរថយន្តម្ដុំផ្សារដើមគរ បានប្រាប់សារព័ត៌មានថ្មីៗថា ថ្លៃឈ្នួលតាក់ស៊ីឆ្នាំនេះ ឡើងថ្លៃ៥ពាន់រៀលក្នុង១នាក់។ «រាល់ឆ្នាំពីភ្នំពេញទៅស្រុក (តាកែវ) ខ្ញុំជិះ២ម៉ឺនរៀល។ ឥឡូវឡើង៥ពាន់ អ៊ីចឹង២៥០០០រៀលក្នុង១នាក់»។ នេះជាការលើកឡើងរបស់យុវតី នួន កន្និកា។
 
ជាមួយគ្នានេះ កន្និកា ក៏បញ្ជាក់បន្ថែមថា អ្នករត់ដំឡើងថ្លៃឈ្មួល ប្រហែលដោយសារតម្លៃសាំងឡើងថ្លៃ​ ព្រោះធម្មតាថ្ងៃបុណ្យទានកន្លងមក​ ពួកគេមិនបានឡើងថ្លៃឈ្នួលទេ ពោលគឺទើបតែឆ្នាំនេះប៉ុណ្ណោះ។
 

អ្នកស្រី បិន ចន្ថា

ដោយឡែក អ្នកស្រី បិន ចន្ថា ដែលធ្វើដំណើរទៅស្រុកកំណើតនៅខេត្តតាកែវផងដែរនោះ បានអះអាងថា តាក់ស៊ីយកតម្លៃ៣ម៉ឺនរៀល។ អ្នកស្រី ចន្ថា លើកឡើងដូច្នេះថា៖«ខ្ញុំមិនសូវជិះញឹកញាប់ទេ អ៊ីចឹងមិនដឹងថា គេយក៣ម៉ឺននេះ ឡើងឬអត់ទេ។ តែបើឡើងថ្លៃ ក៏ប្រហែលសាំងឡើងដែរ បានគេឡើងហ្នឹង»។ ស្រ្តីរូបនេះ បានបញ្ជាក់ទៀតថា តម្លៃនេះ ប្រហែលជាមិនថ្លៃពេកនោះទេ តែក៏មិនអាចដំឡើងឱ្យថ្លៃជាងនេះដែរ។
 
កាលពីពេលថ្មីៗនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវឱ្យអ្នករត់តាក់ស៊ី និងរថយន្តក្រុងទាំងអស់ កុំឆ្លៀតឱកាសដំឡើងតម្លៃរថយន្ត នាពិធីបុណ្យចូលឆ្នាំខ្មែរនេះ ជាពិសេសយកលេសសាំងឡើងថ្លៃ ដែលនាំឱ្យប៉ះពាល់ដល់អារម្មណ៍ពលរដ្ឋ៕ 
 
 

ព័ត៌មានទាក់ទង