ក្រុម​អ្នកជំនាញ ត្រូវការ​ពេល​ជិត​១​ឆ្នាំ ដើម្បីសរុប​ទិន្នន័យ​ ជំរឿន​ត្រយង​យក្ស​លើក​ទី​២​ក្នុងដែនលំផាត់

12/04/2022 2:00 pm ភ្នំពេញ

​ដោយ​៖ ប៉ូ សុភា​

​ភ្នំពេញ​៖ ជំរឿន​សត្វ​ត្រយង​យក្ស​ក្នុង​រដូវ​មិន​បន្ត​ពូជ នៅ​ចន្លោះ​ខែមករា ដល់​ខែមីនា ឆ្នាំ​២០២២ ត្រូវបាន​រាប់ និង​ចេញ​ជា​តួលេខ​សរុប​នៅ​ចុងឆ្នាំ​២០២២​។ លោក ប៊ូ វរ​សក្ស​ថា លទ្ធផល​ជំរឿន​សត្វ​ត្រយង​យក្ស អាច​បញ្ជាក់​ច្បាស់​បន្ទាប់ពី​ក្រុម​អ្នកជំនាញ​ផ្ទៀងផ្ទាត់​ជាក់លាក់​តាម​លក្ខណៈ​វិទ្យាសាស្ត្រ និង​ជំនាញ​ត្រឹមត្រូវ​។​



​លោក ប៊ូ វរ​សក្ស នាយក​កម្មវិធី​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើងថា​ការងារ​ជំរឿន​សត្វ​ត្រយង​យក្ស ត្រូវ​ទាមទារ​ការអត់ធ្មត់ ទាំង​ពេលវេលា​អំឡុង​ពេលធ្វើ​ជំរឿន និង​ក្នុងពេល​ផ្គួប​ទិន្នន័យ​។ «​សកម្មភាព​ធ្វើ​ជំរឿន​សត្វ​នេះ មិន​ងាយស្រួល​ទេ​។ យើង​ត្រូវ​ចាំ​ពេលព្រឹក​ព្រលឹម​ប៉ុណ្ណោះ ដើម្បី​ចាំ​ឃ្លាំមើល​ពួកវា​។ ពេលខ្លះ​មើលមិនឃើញ​ផង បាន​ត្រឹម​ស្ដាប់​សូរ ហើយ​ចាំ​វិភាគ​ថា តើ​ចំនួន​វា​មាន​មាន​ប៉ុន្មាន​ក្បាល​»​។ នេះ​ជាការ​លើកឡើង​របស់ លោក វរ​សក្ស ដោយបាន​បន្ថែមថា ពេល​ជំរឿន​ពិបាក​មួយ​ដំណាក់ ប៉ុន្ដែ​នៅពេល​បូកសរុប ក្រុមការងារ​ត្រូវ​ទាមទារ​នូវ​បច្ចេកទេស​តាម​លក្ខណៈ​វិទ្យាសាស្ត្រ និង​ជំនាញ​មុនពេល​អាច​ចេញ​ជា​លទ្ធផល​សរុប​បាន​។​

​បើតាម​នាយក​កម្មវិធី​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​ខាងលើ មូលហេតុ​ធ្វើឱ្យ​លទ្ធផល​ជំរឿន​ត្រយង​យក្ស​ត្រូវ​ចាំ​ដល់​ចុងឆ្នាំ​២០២២ ក៏​ព្រោះ​ទំនាក់ទំនង អេកូឡូស៊ី​របស់​សត្វ​ប្រភេទ​នេះ​ខុសពី​សត្វ​ផ្សេងៗ​។ លោក គូសបញ្ជាក់ថា ការធ្វើជំរឿន ត្មាត ឬ​សត្វ​ក្រៀល អាច​បង្ហាញ​លទ្ធផល​លឿន ក៏ដោយ​សារ​សត្វ​ទាំងនោះ​ស្រួល​រាប់  ព្រោះ​ពួកវា​រកស៊ី រស់នៅ​ជា​ក្រុម ខុស​ឆ្ងាយ​ពី​សត្វ​ត្រយង​យក្ស រស់នៅ​ដាច់ដោយឡែក ងាយ​ផ្អើល និង​វ៉ៃ​។ 


ក្រុមការងារកំពុងអង្កេតសត្វត្រយងយក្ស រូបភាពដោយBirdLife International Cambodia Programme

​កម្មវិធី​ជំរឿន​សត្វ​ត្រយង​យក្ស​នេះ ធ្វើឡើង​ពីរដង ដោយ​លើកទីមួយ​នៅ​ឆ្នាំ​២០១៩ សរុប​បាន​ចំនួន ៣២​ក្បាល និង​លើក​ទី​២ នៅ​ឆ្នាំ​២០២២ ខណៈ​ចំនួន​សរុប​នឹង​ចេញ​នាពេល​ចុងឆ្នាំ​។ លោក វរ​សក្ស បាន​លើកឡើងថា ចំពោះ​សារៈសំខាន់​នៃ​ការ​ជំរឿន​សត្វ​ស្លាប​ប្រភេទ​នេះ គឺអាច​កំណត់​ចំនួន ឬ​ការប្រែប្រួល សម្រាប់​កម្រិត​កើន ឬ​ថយចុះ​ដោយ​ផ្អែកលើ​ទិន្នន័យ​ជាក់លាក់​កម្រិត​ខ្ពស់​។​

​ជាមួយគ្នានេះ ទាក់ទង​ទិន្នន័យ​ទទួលបាន​បន្ទាប់ពី​ជំរឿន អាច​ក្លាយជា​ផ្នែក​មួយ​ជួយ​ដល់​ការបង្កើត​ផែនការ លើក​ការការពារ អភិរក្ស​ជា​បន្ត​។ ទន្ទឹមនឹងនេះ ក៏​ជួប​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា ការរំខាន​ដោយ​មនុស្ស​, ការកាប់​ព្រៃ​ជា​ជម្រក​របស់​សត្វ​, ការរំខាន​នៅ​រដូវ​បន្ត​ពូជ​, កត្តា​ធម្មជាតិ​ធ្វើឱ្យ​ត្រពាំង​បឹងបួ រីង រាក់​ពិបាក​ដល់​ការរក​ចំណី​សម្រាប់​សត្វ​ប្រភេទ​នេះ នៅមាន​ជា​បន្តបន្ទាប់ ទាំងនេះ​ជា​មូលហេតុ​គួរឱ្យ​ព្រួយបារម្ភ​៕

សត្វត្រយងយក្ស BirdLife International Cambodia Programme.


សកម្មភាពពេលធ្វើដំណើរជំរឿនសត្វត្រយងយក្ស BirdLife International Cambodia Programme.

 

ព័ត៌មានទាក់ទង