​ក្រសួងបរិស្ថាន កំពុងចងក្រងឯកសារដាក់«ភ្នំណាមលៀ»ជាតំបន់ភូគព្ភសាស្ត្រ នៃ UNESCO

11/04/2022 3:00 pm ភ្នំពេញ


ដោយ៖ ស៊ុល រ៉វី 
ក្រុមការងារជំនាញនាយកដ្ឋានជីវៈចម្រុះ នៃក្រសួងបរិស្ថាន ជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃពីស្ថានភាពជីវៈចម្រុះ នៅដែនជម្រកសត្វព្រៃភ្នំណាមលៀ ខេត្តមណ្ឌលគិរី ដើម្បីចងក្រងឯកសារ ដាក់ភ្នំនេះ ជាតំបន់ភូគព្ភសាស្ត្រ (Geopark) នៃអង្គការ UNESCO។ សកម្មភាពខាងលើនេះ នឹងត្រូវបញ្ចប់នៅចុងខែមេសានេះ។



បើតាមក្រសួងបរិស្ថាន ការសិក្សានេះ បែងចែកជាក្រុមនីមួយៗ ក្នុងនោះក្រុមថនិកសត្វធំ ក្រុមប្រចៀវ និងជ្រឹង ក្រុមសត្វស្លាប ក្រុមល្មូន និងថលជលិក ក្រុមសត្វល្អិតក្នុងទឹក ពពួកសិប្បីសត្វ និងក្រុមរុក្ខជាតិ។ ការសិក្សាខាងលើនេះ មន្ត្រីជំនាញនៃក្រសួងបរិស្ថាន ប្រើប្រាស់វិធីសាស្ត្រសិក្សារួមមាន បំពាក់កាមេរ៉ាថតរូបស្វ័យប្រវត្តិ ខ្សែបន្ទាត់ត្រង់ស៊ិក, ការដាក់អន្ទាក់មង និងអន្ទាក់ចាប់តាមផ្លូវ ពេលយប់, ការស្ដាប់សំឡេង, មើលដោយកែវឆ្លុះ, ប្រើសំណាញ់ដួសដោយដៃ, ការដាក់ជម្រកសិប្បនិម្មិត និង ការជួបសម្ភាសផ្ទាល់ និងប្រជាជនក្នុងតំបន់នោះ។ 

បន្ទាប់ពីសិក្សាស្រាវជ្រាវ ជាលទ្ធផលបឋម ក្រុមអ្នកជំនាញបានរកឃើញ នូវថនិកសត្វធំៗចំនួន៧ប្រភេទ រួមមាន ពពួកប្រចៀវ១៤ប្រភេទ, បក្សី៩៧ប្រភេទ, ល្មូនថលជនិក ៣៨ប្រភេទ, សត្វល្អិតក្នុងទឹកបានប្រមូលសំណាលចំនួន១៨កែវ និង៥៤បំពង់តូចៗផងដែរ។ ជាមួយគ្នានេះ ក្នុងចំណោមពពួកសត្វខាងលើនេះ មានប្រភេទមួយចំនួន​ ត្រូវបានអ្នកជំនាញសង្ស័យអាចជាប្រភេទថ្មីសម្រាប់ពិភពលោក និងកំណត់ត្រាថ្មីសម្រាប់ប្រទេសកម្ពុជា ព្រមជាមួយប្រភេទដែលទើបមានសំណាកដំបូង សម្រាប់ប្រទេសកម្ពុជា។

សូមជម្រាបផងដែរថា « ភ្នំណាមលៀ» ជាតំបន់ទេសចរណ៍ធម្មជាតិមួយ និងសម្បូរដោយជីវៈចម្រុះ និងរុក្ខជាតិ។ ភ្នំនេះមានទីតាំងស្ថិតក្នុងភូមិទី១ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រដា ខេត្ត​មណ្ឌលគីរី និងមាន​ចម្ងាយ​ប្រមាណ​ជិត ៥០​គីឡូម៉ែត្រ ​ពី​រួម​ខេត្ត៕


 

ព័ត៌មានទាក់ទង