ស្រូវប្រាំងរាប់រយហិកតានៅស្រុកកោះធំ ខេត្តកណ្ដាល ត្រូវបានខូតខាត ដោយសារជំនន់ទឹកភ្លៀង

09/04/2022 11:00 am ភ្នំពេញ


ដោយ: ឈុំ ចន្ថា
ជំនន់ទឹកភ្លៀង បានធ្វើឱ្យស្រូវប្រាំងពលរដ្ឋរាប់រយហិកតាក្នុងស្រុកកោះធំខូចខាតធ្ងន់ធ្ងរ ខណៈស្រូវទាំងនោះកំពុងពេញប្រមូលផល។ កសិករក្នុងស្រុកកោះធំ អះអាងថា ឆ្នាំនេះ ពួកគេប្រឈមបាត់បង់ទិន្នផលស្រូវជាងពាក់កណ្ដាល ខណៈជី និងថ្នាំកសិកម្ម ឡើងថ្លៃបន្តបន្ទាប់ ដែលធ្វើឱ្យកសិករពិបាករកប្រាក់ចំណេញ និងជាប់បំណុលកាន់តែច្រើន។


លោក ជា ស៊ាង កសិករម្នាក់នៅភូមិពោធិរាម្មា ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល បានលើកឡើងថា ស្រូវប្រាំង របស់លោកចំនួន៤ហិកតា ត្រូវបានជនលិចដោយជំនន់ទឹកភ្លៀង។ ក្នុងនោះ ស្រូវ ២ហិកតា ខូចខាតទាំងស្រុង។ លោក ស៊ាង បន្តថា ស្រូវរបស់លោក និងកសិករឯទៀត កំពុងប្រមូលផល ប៉ុន្តែ បែជាមានភ្លៀងធ្លាក់ផ្ទួនៗជាង១សប្ដាហ៍។
លោក ជា​ ស៊ាង ប្រាប់សារព័ត៌មា​នថ្មីៗ២៥ ដូច្នេះ៖ « ឆ្នាំមុនៗ ខ្ញុំក៏ធ្លាប់ជួបបញ្ហាគ្រោះទឹកជំនន់នេះដែរ តែវាខូចខាតបន្តិចបន្តួច មិនដូចឆ្នាំនេះប៉ះពាល់ច្រើន»។
កសិកររូបនេះ អាចបាត់បង់ទិន្នផលស្រូវពី ៥០ទៅ៧០ ភាគរយ ខណៈលោកបារម្ភប៉ះពាល់ដល់ចំណូល បន្ទាប់ជី សាំង និងថ្នាំកសិកម្មឡើងថ្លៃទ្វេដង។ ជារៀងរាល់ឆ្នាំ លោក ស៊ាង តែងតែបណ្ដាក់ជី ឬថ្នាំកសិកម្មពីឈ្មួញ យកមកធ្វើស្រែ លុះដល់ពេលប្រមូលផលទើបសងគេវិញ។ ក្នុងដី ៤ហិកតា លោកត្រូវចំណាយដើមទន់ជាង ១០លានរៀល។ ក្រោយស្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរបែបនេះ លោកមិនរំពឹងថា មានលុយសងថ្លៃជី និងថ្នាំ គេគ្រប់ចំនួនឡើយ។
 
ក្រៅពីជី និងថ្នាំកសិកម្មឡើងថ្លៃ តម្លៃស្រូវក៏ធ្លាក់ចុះយ៉ាងគំហុកដែរ ដោយលក់ចេញទៅវៀតណាមបានត្រឹមជាង ៧០០រៀលប៉ុណ្ណោះក្នុងមួយគីឡូ។ លោក ស៊ាង អះអាងដូច្នេះ៖«បើនិយាយពី ផលប៉ះពាល់នៃចំណូលវិញ គឺវាប៉ះពាល់ខ្លាំងមែនទែន។ ព្រោះ យើងដឹងស្រាប់ហើយ ឆ្នាំនេះ ជីឡើងថ្លៃទ្វេដង ដូចជា ជីអ៊ុយរ៉េរបស់ វៀតណាម មានតម្លៃត្រឹមតែជាង៨ម៉ឺនរៀល តែឥឡូវឡើងដល់១៨ម៉ឺនរៀលក្នុងមួយប៉ាវ។ សម្រាប់ ខ្ញុំដឹងតែខាតហើយធ្វើស្រែឆ្នាំនេះ»។
 
កសិកររូបនេះ បានទទូចឱ្យអាជ្ញាធរ ពិសេសមន្ទីរកសិកម្មខេត្ត ចុះមកត្រួតពិនិត្យផលប៉ះពាល់ និងជួយរកដំណោះស្រាយបញ្ហាជំនន់ទឹកភ្លៀងនេះ។ សារព័ត៌មានថ្មីៗ២៥ បានទាក់ទងទៅលោក ប៊ុន នួនស៊ីម៉ូណា ប្រធានមន្ទីរកសិកម្មខេត្តកណ្ដាល តែលោក ថា មិនទាន់បានដឹងរឿងនេះនៅឡើយ។  

ចំណែក លោក ឈិន អ៊ិន អនុប្រធានឃុំព្រែកស្ដី បានឱ្យដឹងថា ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី២៥មីនា ដល់៤មេសា ដែលធ្វើឱ្យស្រូវជាង ២៤៦ហិកតាក្នុងឃុំរបស់លោករងការជនលិច។ ក្នុងនោះ ស្រូវ ១៣ហិកតាត្រូវបានខូចខាតទាំងស្រុង។  លោកបន្តថា អាជ្ញាធរ បានព្យាយាមរំដោះទឹកចេញ ប៉ុន្តែ ហាក់យឺតយ៉ាវដោយសារស្ថានភាពទឹកឆ្នាំកើនឡើងលឿន។
លោក ឈិន អ៊ិន ប្រាប់ថ្មីៗ២៥តាមទូរស័ព្ទដូច្នេះ៖«ប៉ះពាល់ធ្ងន់ធ្ងរហ្នឹង ដោយសារយើងបង្ហូរទឹកភ្លៀងអត់ចេញ ព្រោះប្រឡាយពេញ ហើយរាល់ឆ្នាំ អត់ដែលប៉ះពាល់ទេ ទើបតែឆ្នាំនេះខុសប្លែក»។
 
ក្រៅពីឃុំព្រែកស្ដី ក៏មានឃុំចំនួន៣ទៀត រងផលប៉ះពាល់ផងដែរដូចជា ឃុំកំពង់កុង និងលើកដែក ខណៈឃុំសំពៅពូន រងផលប៉ះពាលជាង ៧០០ហិកតា។ នេះជាការបញ្ជាក់បន្ថែមពី លោក ឈិន អ៊ិន៕

ព័ត៌មានទាក់ទង