លោក ធឿន ចាន់ថា ចំណាយពេលជិត១០ឆ្នាំ ច្នៃគ្រឿងអលង្ការ​ ពីសម្បកគ្រាប់កាំភ្លើង

04/04/2022 2:00 pm ភ្នំពេញ


ដោយ៖ សុង សុធាវី


ភ្នំពេញ៖ អតីតក្មេងកំព្រា លោក ធឿន ចាន់ថា បានចំណាយពេលជិត១០ឆ្នាំហើយ ក្នុងការ​កែច្នៃគ្រឿងអលង្ការ​ ពីសម្បកគ្រាប់កាំភ្លើង។ ម្ចាស់សិប្បកម្ម  Angkor Bullet Jewellery Cambodia រូបនេះ បានប្រាប់កម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗថា មូលហេតុដែលខ្លួនផលិតគ្រឿងអលង្ការពីសម្បកគ្រាប់នេះ ព្រោះចង់រំឭកពីអតីតកាលដែលលោកបានបាត់បង់ឪពុកម្តាយ ដោយសារតែសង្គ្រាម ហើយអ្នកខេត្តពោធិ៍សាត់រូបនេះ ក៏មិនចង់ឃើញគ្រាប់កាំភ្លើង បំផ្លាញភាពសុខដុម​លើគ្រួសារអ្នកណាម្នាក់ទៀតដែរ។ បើតាមបុរសវ័យ ៤៣ឆ្នាំរូបនេះ គ្រឿងអលង្ការរបស់ខ្លួន ទទួលបានការគាំទ្រច្រើនទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក មានទាំង​ទីផ្សារ​អាស៊ី និងអឺរ៉ុប។


 
 
«លោក ធឿន ចាន់ថា ប្រមូលសម្បកគ្រាប់ ច្នៃជាគ្រឿងអលង្ការ ជំរុញទីផ្សារក្នុង និងក្រៅប្រទេស»

លោក ធឿន ចាន់ថា បានចំណាយពេលជិត១០ឆ្នាំទៅលើមុខជំនាញកែច្នៃគ្រឿងអលង្ការច្រើនម៉ូត ពីសម្បកគ្រាប់កាំភ្លើង។ ម្ចាស់សិប្បកម្ម Angkor Bullet Jewellery Cambodia រូបនេះបានប្រាប់ថា គ្រឿងអលង្ការពីសម្បកគ្រាប់របស់លោក ធ្លាប់នាំចេញទៅទីផ្សារទាំង អាស៊ី និងអឺរ៉ុប ហើយជាពិសេសមានការគាំទ្រពីបណ្តាយុវជនខ្មែរផងដែរ។ ទម្រាំមកដល់ចំនុចនេះ លោក តែងតស៊ូព្យាយាម ជម្នះ ឧបសគ្គក្នុងជីវិត និងអាចផ្តល់ការងារឱ្យសហការីក្នុងតំបន់ខ្លួន ពិសេសអាចប្រើជំនាញដែលខ្លួនមាននាំកិត្តិនាមខ្មែរទៅកាន់ឆាកអន្តរជាតិទៀតផង។ តើគាត់ផលិតគ្រឿងអលង្ការទាំងនោះពីសម្បកគ្រាប់ដោយរបៀបណា និងជំរុញទីផ្សារដូចម្តេច? កម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ បានអញ្ញើញ លោក ធឿន ចាន់ថា ដើម្បីពិភាក្សាលើប្រធានបទនេះ។ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាង លោក ធឿន ចាន់ថា ជាមួយ កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖

Posted by Thmey Thmey on Monday, March 28, 2022

លោក ធឿន ចាន់ថា ជាម្ចាស់សិប្បកម្ម  Angkor Bullet Jewellery Cambodia ដែលជាសិប្បកម្មផលិតគ្រឿងអលង្ការចេញពីសម្បកគ្រាប់កាំភ្លើង។ រយៈពេលជិត១០ឆ្នាំមកហើយ ដែលលោក ធឿន ចាន់ថា  បានតស៊ូផលិតគ្រឿងអលង្ការជាច្រើនម៉ូត ហើយសុទ្ធសឹងតែមានលក្ខណៈខ្មែរ រួមមានចិញ្ចៀន កងដៃ ក្រវិល ខ្សែក ជារាងអក្សរខ្មែរ រូបផ្ការំដួល ស្លឹកឈូក ផ្កាឈូក ឬខ្លះបន្ថែមដោយត្បូងខ្មែរទៀតផង ពីសម្បកគ្រាប់កាំភ្លើង។ ម្ចាស់សិប្បកម្ម រូបនេះបានពន្យល់ថា ដើម្បីច្នៃចេញជាម៉ូតដ៏ស្រស់ស្អាត ហើយបង្ហាញពីលក្ខណៈជាតិផងនោះ រូបលោកផ្ទាល់ បានសិក្សាស្រាវជ្រាវ ប្រមូលនូវរូបភាពផ្សេងៗពីជុំវិញខ្លួន ដែលដូនតាខ្មែរបានបន្សល់ទុកឱ្យ ហើយម៉ូតខ្លះ លោកក៏រួមបញ្ជូលជាមួយម៉ូតពេញនិយម របស់បរទេសផងដែរ​។
 
បាត់បង់ឪពុកម្តាយនៅក្នុងរបបប៉ុល ពត អ្នកខេត្តពោធិ៍សាត់ វ័យ៤៣ឆ្នាំរូបនេះ បានរៀបរាប់ប្រាប់កម្មវិធី«គំនិតថ្មី» នៃសារព័ត៌មានថ្មីៗថា មូលហេតុដែលលោក សម្រេចចិត្តផលិតគ្រឿងអលង្ការរាប់សិបម៉ូតពីសម្បកគ្រាប់ផ្ទុះហើយនេះ ព្រោះលោកចង់រំលឹកនូវអនុស្សាវរីយ៍ជូរចត់ ដែលបានបាត់បង់ ឪពុក ម្តាយ ក្នុងសម័យសង្រ្គាម និងមើលឃើញពីការព្រាត់ប្រាស់របស់គ្រួសារជាច្រើន ដោយសាតែ​គ្រាប់កាំភ្លើង​​។ ទន្ទឹមនេះ លោក បានផ្តល់ឱកាសការងារទៅកាន់ប្រជាជនក្នុងតំបន់ខ្លួន ពិសេសស្រ្តីមេផ្ទះផងដែរ។



លោក ធឿន ចាន់ថា បញ្ជាក់យ៉ាង​ដូច្នេះ៖ «ខ្ញុំធ្វើគ្រឿងអលង្ការពីសម្បកគ្រាប់កាំភ្លើងនេះឡើង គឺដើម្បីចង់បង្ហាញអ្វីដែលខ្ញុំធ្លាប់រងគ្រោះ បាត់បង ហើយខ្ញុំមិនចង់ឱ្យទាំងអស់ហ្នឹងកើតឡើងបន្តទៅទៀត។ អ៊ីចឹងគ្រឿងអលង្ការពីគ្រាប់កាំភ្លើង មិនមែនមានន័យថា ខ្ញុំទៅគាំទ្រឱ្យមានការផលិតគ្រាប់កាំភ្លើងឱ្យច្រើន មានការកាប់សម្លាញ់ ឬក៏បាញ់ឱ្យច្រើន ដើម្បីបានសម្បកមកធ្វើគ្រឿងអលង្ការទេ។ យើងចង់បង្ហាញថា របស់មួយដែលធ្លាប់ធ្វើឱ្យគ្រួសារខ្ញុំបាត់បង់ ប៉ុន្តែខ្ញុំមិនចង់ឱ្យរបស់ហ្នឹងទៅធ្វើឱ្យអ្នកណាម្នាក់ទៀតបាត់បង់ទេ»។
 
បើយោងតាមម្ចាស់សិប្បកម្មរូបនេះ គ្រឿងអលង្ការ ពីសម្បកគ្រាប់របស់លោក ធ្លាប់នាំចេញទៅទីផ្សារទាំង អាស៊ី និងអឺរ៉ុប ហើយជាពិសេសមានការគាំទ្រពី​ពលរដ្ឋខ្មែរ​ផងដែរ។ ការបង្ហាញវត្តមានគ្រឿងអលង្ការរាប់សិបម៉ូត ពីសម្បកគ្រាប់កាំភ្លើងនៅលើទីផ្សារ ទាំងនៅក្នុងស្រុក និងក្រៅប្រទេសជាច្រើន មិនមែនជារឿងលំបាកសម្រាប់លោក ចាន់ថាឡើយ ព្រោះផលិតផលនេះ បានទាក់ទាញចិត្តអតិថិជនឱ្យទទួលបានអារម្មណ៍រំភើប សោកសៅលាយគ្នា និងចង់គាំទ្រនូវស្មារតី នៃការតស៊ូរបស់លោកផ្ទាល់។

លើសពីនេះ ចំពោះមធ្យោ បាយក្នុងការលក់វិញ ទាំងនៅក្នុងនិងក្រៅប្រទេស លោក ចាន់ថា មានដៃគូសហការជាច្រើន ដែលចាំទទួលគ្រឿងអលង្ការពីលោក ដើម្បីយកទៅលក់បន្ត ពោលគឺលោកគិតតែពីការបង្កើនគុណភាពផលិតប៉ុណ្ណាះ។ តែទោះជាយ៉ាងណា ទម្រាំមកដល់ចំណុចនេះ លោក ធឿន ចាន់ថា ក៏បានឆ្លងកាត់នូវការតស៊ូព្យាយាម និងបានជម្នះឧបសគ្គក្នុងជីវិតច្រើនដែរ ទម្រាំអាចប្រើជំនាញដែលខ្លួនមាននាំកិត្តិនាមខ្មែរ ទៅកាន់ឆាកអន្តរជាតិ​៕

ព័ត៌មានទាក់ទង