ក្រសួងពាណិជ្ជកម្ម ដាក់​​ដំណើរការផ្សារ CambodiaTrade សម្រាប់លក់ទំនិញខ្មែរលើទីផ្សារអន្តរជាតិ

04/04/2022 10:00 am ភ្នំពេញ

ដោយ៖ ធន់ សេងហុង​
 
ផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ខេមបូឌាត្រេដ (CambodiaTrade) ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សម្រាប់លក់ផលិតផលខ្មែរ នៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ​។​ បើតាមក្រសួងពាណិជ្ជកម្ម ការដាក់ឱ្យដំណើរការនូវផ្សារ CambodiaTrade នេះ គឺដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន ក្នុងគោលដៅលើកកម្ពស់ផលិតភាព បង្កើនការនាំចេញ បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ​។



CambodiaTrade ជាផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលក្រសួងពាណិជ្ជកម្មបង្កើតឡើង ដើម្បីពង្រីកការនាំចេញផលិតផលខ្មែរ របស់សហគ្រាសធុនតូច និងមធ្យម (SMEs) ទៅកាន់ទីផ្សារអន្តរជាតិ។ នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ​ផ្សារCambodiaTrade កាលពីថ្ងៃទី៣១​ ខែមីនា លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ផ្សារនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញនៃការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងនាំចេញផលិតផលខ្មែរ ទាំងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ 


លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
 
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការធ្វើពិពិធកម្មនេះ គឺដើរស្របទៅតាមចក្ខុវិស័យវែងឆ្ងាយ ក្នុងការចាប់យកកាលានុវត្តភាព ពីបដិវដ្តន៍ឧស្សាហកម្ម៤.០ របស់រាជរដ្ឋាភិបាល។ លោក ប៉ាន សូរស័ក្តិ បាននិយាយដូច្នេះ៖ «បរិបទបដិវដ្តឧស្សាហកម្ម៤.០ និងបច្ចេកវិទ្យាឌីជីថល គឺជាគន្លឹះដ៏សំខាន់ ក្នុងការជំរុញភាពប្រកួតប្រជែងរបស់សហគ្រាសពាណិជ្ជកម្ម និងដំណើរការអាជីវកម្ម ដែលរួមចំណែកដល់ការលើកកម្ពស់ផលិតភាព បង្កើនការនាំចេញ បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ»។​​​ 
 
នៅក្នុងពិធីសម្ពោធនេះ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម CambodiaTrade ជាសមាសភាគមួយយ៉ាងសំខាន់ ក្រោមគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (Go4eCAM) ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ពីកម្មវីធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF) និងរដ្ឋាភិបាល រហូតដល់ខែមិថុនា ឆ្នាំ២០២៣។ លោកស្រី តឹករ៉េត កំរង បានបន្ថែមថា គម្រោង Go4eCAM គឺជាគំនិតផ្តួចផ្តើមពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដ៏សំខាន់មួយ ដែលត្រូវបានអនុម័តឡើងកាលពីដើមឆ្នាំឆ្នាំ២០២០ ក្នុងគោលដៅបង្កើនឱកាសសេដ្ឋកិច្ច និងការចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល សម្រាប់សហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា។ 


លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម

 
ជាមួយគ្នានេះ លោក Ratnakar Adhikari នាយកប្រតិបត្តិនៃកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF) បានកោតសរសើរដល់កម្ពុជា ដែលបានដាក់ឱ្យដំណើរការ​​ផ្សារពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនេះ។  សម្រាប់លោក លោក Ratnakar Adhikari  កម្ពុជាគឺជាប្រទេសគំរូមួយដ៏ល្អ ដែលបានអនុវត្តគម្រោងពាណិជ្ជកម្ម ពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម ដោយមានការចូលរួមយ៉ាងសកម្ម ពីដៃគូក្នុងប្រទេស ដែលឈរលើគោលការណ៍ជាមូលដ្ឋានភាពជាម្ចាស់ការ»។ លោក Ratnakar Adhikari បានបន្តនិយាយដូច្នេះ៖ «វិស័យពាណិជ្ជកម្មកម្ពុជា កំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ដើម្បីធានាថា កម្ពុជានៅតែមានការប្រកួតប្រជែង ក្នុងបរិបទពាណិជ្ជកម្មពិភពលោក»។
 
លោក បន្ថែមថា ផ្សារCambodiaTrade  នឹងជួយពង្រើកការនាំចេញរបស់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែសក្តានុពល ខណៈកម្ពុជា កំពុងបើកទីផ្សារ ជាមួយប្រទេសក្នុង និងក្រៅតំបន់ តាមរយៈប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម, ពាណិជ្ជកម្មសេរីក្នុងតំបន់អាស៊ាន, កិច្ចព្រមព្រៀងសេរីទ្វេភាគីកម្ពុជា-ចិន (CC-FTA), កិច្ចព្រមព្រៀងសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CK-FTA), កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រាយ ក្នុងតំបន់ (RCEP) រួមទាំងកិច្ចព្រមព្រៀងពហុភាគីដែលមានជាធរមានផងដែរ៕

ព័ត៌មានទាក់ទង