កំពង់ផែខេត្តកំពត នឹងក្លាយជាច្រកទ្វារស្រូបទាញទេសចរអន្តរជាតិ ក្រោយបញ្ចប់ការសាងសង់

31/03/2022 9:00 am កំពត

ដោយ: ស៊ុល រ៉វី

គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត គ្រោងបញ្ចប់ជាស្ថាពរ នៅចុងខែមិថុនា ខាងមុខនេះ បន្ទាប់ពីបើកការដ្ឋានសាងសង់ នៅអំឡុងឆ្នាំ២០១៨ ​ក្រោម​គម្រោង​ហិរញ្ញប្បទាន ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។



កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត បានសម្រេចការសាងសង់ជាង៩០ភាគរយហើយ ។ កំពង់ផែនេះ កសាងឡើងក្រោមគម្រោង​ហិរញ្ញប្បទាន ជិត១០លានដុល្លារអាមេរិក ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដោយគ្រោងបញ្ចប់ជាស្ថាពរ នៅថ្ងៃទី៣០ មិថុនា ឆ្នាំ២០២២។
 
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន កំពង់ផែនេះ ជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រសំខាន់ ក្នុងការដឹកជញ្ជូនទេសចរ ទៅកាន់បណ្ដាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពត ទៅកាន់ពិភពលោក។ កំពង់ផែមួយនេះ ក៏នឹងជួយជំរុញបន្ថែមលើការអភិវឌ្ឍទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានា ក្នុងខេត្តកំពត ,រមណីយដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា។ 
 
ក្រោយបញ្ចប់ការសាងសង់ហើយ កំពង់ផែនេះ ក៏រួមចំណែកក្នុង​ការ​កាត់បន្ថយភាពក្រីក្រ តាមរយៈឱកាសការងារ បង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពពលរដ្ឋផងដែរ។ នេះបើតាមក្រសួងសាធារណការ។ 


គម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន។


បើតាមក្រសួងសាធារណការដដែល ក្រោយបញ្ចប់ការសាងសង់នាពេលខាងមុខ កំពង់ផែទេសចរណ៍អន្តរជាតិនេះ នឹងស្រូបទាញទេសចរណ៍ទាំងជាតិ និងអន្តរជាតិ ធ្វើដំណើរតាមផ្លូវទឹក ជាពិសេសទេសចរមកពីប្រទេសថៃ និងប្រទេសវៀតណាម មកកាន់កម្ពុជាផងដែរ។
 
គួរជម្រាបផងដែរថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ត្រូវបានបានស្ថាបនា លើផ្ទៃដីទំហំ៤ហិកតា ជម្រៅ ៤,៥ម៉ែត្រ ស្ថិតក្នុងស្រុកទឹកឈូ និងអាចផ្ទុកមនុស្ស និងទទួលភ្ញៀវទេសចរ បានពី៣០០នាក់ ទៅ៤០០នាក់៕ 
 

ព័ត៌មានទាក់ទង