លោក ប៉ែន ប៉ូលី ផលិតសាប៊ូ ទឹកអប់ និងតែពីស្លឹកគ្រៃខ្មៅ ដើម្បីជំរុញផលិតផលខ្មែរ

23/04/2022 9:00 am ភ្នំពេញ


ដោយ៖ សុង សុធាវី
ភ្នំពេញ៖ លោក ប៉ែន ប៉ូលី ជាម្ចាស់សហគ្រាសខ្នាតតូចពេញហឫទ័យ ដែលមានទីតាំងនៅក្នុងខេត្តបាត់ដំបង។ សហគ្រាសនេះ បានចាប់ផ្តើមផលិត ​សាប៊ូ ទឹកអប់ និងតែ ពីស្លឹកគ្រៃខ្មៅតាមរូបមន្តបែបបុរាណ ជិត៥ឆ្នាំហើយ។ ក្នុងកិច្ចសម្ភាសន៍ជាមួយ កម្មវិធី«គំនិតថ្មី»នៃសារព័ត៌មានថ្មីៗ លោក ប៉ែន ប៉ូលី ​បញ្ជាក់ថា មូលហេតុនៃការកែផលិតប្រេងស្លឹកគ្រៃខ្មៅ និងផលិតផលមួយចំនួននេះ គឺដើម្បីជំរុញការប្រើប្រាស់ និងកែច្នៃផលិតផលក្នុងស្រុក ពិសេសរួមចំណែករកទីផ្សារជូនកសិករ។


ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និងលោក ប៉ែន ប៉ូលី ដូចតទៅ៖
 
 
«សហគ្រាសពេញហឫទ័យ ផលិតទឹកអប់ សាប៊ូ និងតែ ពីស្លឹកគ្រៃខ្មៅ ជំរុញទីផ្សារក្នុងស្រុក» =======

លោក ប៉ែន ប៉ូលី ម្ចាស់សហគ្រាសខ្នាតតូច ពេញហឫទ័យ បានដំណើរការផលិត ទឹកអប់ សាប៊ូដុសខ្លួន និងតែស្លឹកគ្រៃខ្មៅ ជិត៥ឆ្នាំហើយ នៅលើទឹកដីខេត្តបាត់ដំបង។ លោក ប៉ូលី បានសហការជាមួយអ្នកជំនាញ ដើម្បីរក្សារបៀបផលិតបែបបុរាណ និងជំរុញទីផ្សារក្នុងស្រុក ពិសេសការគ្រប់គ្រងធនធានមនុស្ស និងច្រវ៉ាក់ផលិតកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។ ទម្រាំផលិតចេញជាទឹកអប់ សាប៊ូ និងតែស្លឹកគ្រៃខ្មៅ តើត្រូវឆ្លងកាត់ដំណាក់កាលសំខាន់អ្វីខ្លះ? កម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ បានអញ្ជើញលោក ប៉ែន ប៉ូលី ចូលរួមជាវាគ្មិន ដើម្បីពិភាក្សាលើប្រធានបទនេះ។ សូមលោក លោកស្រី អ្នកនាងកញ្ញា ទស្សនាបទសម្ភាសន៍ រវាងវាគ្មិន លោក ប៉ែន ប៉ូលី ជាមួយ កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖

Posted by Thmey Thmey on Monday, March 21, 2022


ផ្តើមចេញពីការផលិតប្រេង ចេញពីស្លឹកគ្រៃខ្មៅ សហគ្រាសពេញហឫទ័យ បានបន្តពង្រីកការផលិតផលិតផលរបស់ខ្លួនបន្ថែមទៀត រួមមានសាប៊ូ ទឹកអប់សម្រាប់ដាក់ក្នុងរថយន្ត និងតែស្លឹកគ្រៃខ្មៅ។ មានដំណើរការអាជីវកម្មជិត ៥ឆ្នាំមកហើយ លោក ប៉ែន ប៉ូលី តាមរយៈ កម្មវិធី«គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ បានឱ្យដឹងថា ដើមឡើយលោកគ្រាន់តែចង់ស្វែងរកទីផ្សារជូនប្រជាកសិករតែប៉ុណ្ណោះ។ ប៉ុន្តែក្រោយមើលឃើញថា ប្រេងស្លឹកគ្រៃទទួលបានការគាំទ្រច្រើន ទាំងក្នុងស្រុក និងក្រៅស្រុក ដោយសារតែអត្ថប្រយោជន៍របស់វា លោក បានបន្តធ្វើការជាមួយអ្នកជំនាញ ដើម្បីផលិតផលិតផលជាច្រើនមុនទៀត ដែលកែច្នៃពីស្លឹកគ្រៃខ្មៅនេះ។



ទន្ទឹមនឹងនេះ សហគ្រាសពេញហឫទ័យ ក៏បានបោះទុនក្នុងការទិញដីទំហំ៨ហិក​តា ដើម្បីដាំដុះស្លឹកគ្រៃខ្មៅ ដែលជាវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់ដល់ច្រវ៉ាក់ផលិតកម្មនៅក្នុងសហគ្រាសវិញដែរ។ លោក ប៉ែន ប៉ូលី រៀបរាប់ដូច្នេះ៖«ពីដំបូងហ្នឹង ប្រេងយើងនាំចូលទេ។ យើងសាកទិញមកពីថៃ ទិញមកពីប្រទេសណាដែលគិតថាល្អ យើងទិញចូល។ ក្រោយមកដោយសារថា យើងចង់បាន ផលិតផលខ្មែរហើយ ដាំដុះនៅស្រុកខ្មែរទៀត ឱ្យវាកាន់តែមានតម្លៃ»។

ដ្បិតថាផលិតផលខ្លួន មានការទទួលស្គាល់ច្រើនពីអតិថិជនមែន ប៉ុន្តែ​ម្ចាស់សហគ្រាសវ័យ៥០ឆ្នាំរូបនេះ  ក៏ព្រួយបារម្ភពីការប្រកួតប្រជែងទីផ្សារដែរ ខណៈ​ការផលិតផលិតផលនីមួយៗ គឺធ្វើតាមរូបមន្តបុរាណដែលត្រូវការរយៈពេលយូរ។ ​

«ក្នុង(សាប៊ូ)មួយដុំ យើងប្រើពេល៤៥ថ្ងៃ។ មានន័យថាបើស្តាប់ថា ៤៥ថ្ងៃ ម៉េចក៏យូរម្ល៉េះ? ដោយសារអ៊ីចេះទេ ដោយសារសាប៊ូដូចយើងស្លអ៊ីចឹង យើងលាយគ្រឿងគ្រប់អស់ សាប៊ូផ្សេងៗទៀត គេយកទៅដាក់ក្នុងម៉ាស៊ីន មួយថ្ងៃ ពីរថ្ងៃ ស្ងួតតាមកម្តៅ។ ដោយឡែកសាប៊ូខ្ញុំ យើងនៅរក្សាភាពបុរាណ រូបមន្តខ្មែរបុរាណ ហើយយើងទទួលបានផល បានយើងនៅព្យាយាមធ្វើ»។ នេះជាការរៀបរាប់ពីដំណើរការផលិតនៅក្នុងសហគ្រាសពេញហឫទ័យ៕

 

ព័ត៌មានទាក់ទង