កម្ពុជា នឹងមានឃ្លាំងស្តុកទំនិញត្រជាក់ ដើម្បីជំរុញដល់ការនាំចេញ-ចូលទំនិញរវាងកម្ពុជា និងពិភពលោក

23/03/2022 12:00 pm ភ្នំពេញ

ដោយ៖ ឈុំ ចន្ថា 

កម្ពុជា នឹងមានឃ្លាំងស្តុកទំនិញត្រជាក់ថ្មីមួយ នៅបរិវេណចំណតផែកុងតឺន័រ LM១៧ របស់កំពង់ផែ​ស្វយ័ត​ភ្នំពេញស្ថិតក្នុងភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ឃ្លាំងស្តុកទំនិញត្រជាក់នេះ នឹងរួមចំណែកលើកកម្ពស់ខ្សែច្រវាក់ភស្តុភាកម្មកម្ពុជាដូចជា ត្រី សាច់ កសិផល ឱសថ គ្រឿងសំអាង និងទំនិញច្រើនប្រភេទទៀតរហូតដល់ ២៥ភាគរយ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ឃ្លាំងស្តុកទុកទំនិញត្រជាក់នេះ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាបន្ថែមទៀតតាមរយៈការនាំចេញ-ចូល ផលិតផលកសិកម្ម និងទំនិញជាច្រើនមុខទៀត។ មិនតែប៉ុណ្ណោះ ការចរាចរណ៍ទំនិញ ឆ្លងកាត់កម្ពុជា នឹងមានសន្ទុះកើនឡើងតាមរយៈការផ្ដល់សេវាកម្មស្តុករក្សាទុកនូវទំនិញត្រជាក់នេះ។ 

បើតាមលោក ស៊ុន ចាន់ថុល ក្នុងវិបត្តិកូវីដ-១៩នេះ កំណើន កំណើនកុងតឺន័រឆ្លងកាត់ជាមធ្យមប្រចាំឆ្នាំមានចន្លោះពី១៥ ទៅ១៨ភាគរយ នៅក្នុងកំពង់ផែស្វយ័តភ្នំពេញ។ ជាក់ស្ដែង កាលពីឆ្នាំ ២០២០កំពង់ផែស្វយ័តភ្នំពេញទទួលបានកុងតឺន័រចំនួន២៩០ ៨៥៧ ទូ កើនចំនួន៣,៤៩ភាគរយ ធៀបនឹងឆ្នាំ២០១៩ ហើយនៅឆ្នាំ ២០២១មានចំនួន ៣៤៨ ៨៩៨ ទូ កើនឡើងចំនួនប្រមាណ២០ភាគរយ ធៀបនឹងឆ្នាំ២០២០។ លើសពី នៅឆ្នាំ២០២២នេះ កំពង់ផែស្វយ័តភ្នំពេញ បានព្យាករណ៍ថានឹងទទួលបានបរិមាណកុងតឺន័រចំនួន ៣៩៤ ៦៧៩ ទូ កើនឡើងចំនួន១៣% ធៀបនឹងឆ្នាំ២០២១។

រដ្ឋមន្រ្តីរូបនេះ បញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) និងធនាគារពិភពលោក បង្កើតផែនការមេតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម ដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធភាស្តុភារកម្មកម្ពុជាមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយការចំណាយលើការដឹកជញ្ជូន និងអនុញ្ញាតឱ្យកម្ពុជាអាចទាក់ទាញវិនិយោគិនបង្កើតការងារធ្វើបន្ថែមទៀត។  

ផែនការមេភស្តុភាកម្មនេះ នឹងត្រូវចំណាយទឹកប្រាក់វិនិយោគប្រមាណ៥០ ពាន់លានដុល្លារសម្រាប់រយៈពេល១០ឆ្នាំ លើគម្រោងវិនិយោគចំនួន៣០០ ដើម្បីធ្វើឱ្យប្រសើរឡើងដល់ហេដ្ឋារចនាសម្ព័ន្ធលើការដឹកជញ្ជូនរបស់កម្ពុជា។ គម្រោងនេះនឹងជួយបង្កើតការងារធ្វើបន្ថែម និងលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ពលរដ្ឋ នៅក្នុងតំបន់នេះ និងផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀតដល់វិនិយោគិន ពាណិជ្ជករ អាជីវករ ធុរជន និង សាធារណជនទូទៅដែលមានបំណងមកប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនដើម្បីសម្រួលដល់ដំណើរការនាំចេញ នាំចូលទំនិញ រវាងកម្ពុជា និងសកលលោក៕

ព័ត៌មានទាក់ទង