ក្រសួងពាណិជ្ជកម្ម សម្ពោធ«សៀវភៅមគ្គុទេសក៍ស្តីពីការចរចាពាណិជ្ជកម្មសម្រាប់កម្ពុជា»

18/03/2022 10:27 am ភ្នំពេញ

«សៀវភៅមគ្គុទេសក៍ស្តីពីការចរចាពាណិជ្ជកម្ម សម្រាប់កម្ពុជា» ដែលជាមគ្គុទេសក៍ណែនាំលើការរៀបចំយុទ្ធសាស្រ្ត និងយុទ្ធវិធីចរចាពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព ដោយផ្អែកលើគោលនយោបាយពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្មីៗនេះ។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រំពឹងថា សៀវភៅនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសជួយពង្រឹងសមត្ថភាពរបស់អ្នកចរចាពាណិជ្ជកម្មកម្ពុជា ក្នុងការការពារផលប្រយោជន៍កម្ពុជា ក្នុងវិស័យពាណិជ្ជកម្ម។



«សៀវភៅមគ្គុទេសក៍ស្តីពីការចរចាពាណិជ្ជកម្ម សម្រាប់កម្ពុជា» (Trade Negotiation Practitioner Manual for Cambodia) ដែលរៀបចំដោយគម្រោង ARISE Plus Cambodia និងក្រសួងពាណិជ្ជកម្ម ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១៥ មីនា កន្លងទៅ។ នេះបើតាមការផ្សាយនៅទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម។ 
 
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានបញ្ជាក់ក្នុងពិធីសម្ពោធនេះថា ការរៀបចំសៀវភៅនេះឡើង គឺក្នុងគោលបំណងផ្តល់ជាមគ្គុទេសក៍ណែនាំ លើការរៀបចំយុទ្ធសាស្រ្ត និងយុទ្ធវិធីចរចាពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាព ដោយផ្អែកលើគោលនយោបាយពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ជាពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា សម្រាប់អ្នកចរចាពាណិជ្ជកម្ម និងមន្រ្តីជំនាញគោលនយោបាយពាណិជ្ជកម្ម។


លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងពិធីសម្ពោធសម្ពោធ«សៀវភៅមគ្គុទេសក៍ស្តីពីការចរចាពាណិជ្ជកម្មសម្រាប់កម្ពុជា» នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។ រូបថត៖ ហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម

បើតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង លើកិច្ចខំប្រឹងប្រែង ក្នុងការធ្វើសមារណកម្មពាណិជ្ជកម្ម និងពិពិធកម្មទីផ្សារនាំចេញ តាមរយៈការចូលរួមការចរចា ក្នុងក្របខណ្ឌទ្វេភាគី តំបន់ និងពិភពលោក ព្រមទាំងកិច្ចចរចាពាណិជ្ជកម្មសេរីនានា។ លោក ប៉ាន សូរស័ក្តិ បន្តគូសបញ្ជាក់ថា កាលពីពេលថ្មីៗនេះ កម្ពុជាបានបញ្ចប់ និងអនុម័ត លើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជាកូរ៉េ (CKFTA) ហើយកម្ពុជា ក៏បាន និងកំពុងចូលរួមការចរចាបន្ថែមទៀត ក្នុងក្របខណ្ឌអង្គការ WTO ព្រមទាំងកំពុងសិក្សាលទ្ធភាព ក្នុងការចរចាពាណិជ្ជកម្មសេរីជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗផ្សេងទៀតដែរ។
 
«ការពង្រឹងសមត្ថភាពលើជំនាញចរចាពាណិជ្ជកម្ម ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់អ្នកចរចា ហេតុនេះសៀវភៅមគ្គុទេសក៍នេះ គឺជាឯកសារដ៏សំខាន់មួយ សម្រាប់ជួយពង្រឹងសមត្ថភាពបន្ថែម ដល់អ្នកចរចាកម្ពុជា ក្នុងការត្រៀមខ្លួន ចូលរួមកិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មនានា ក្នុងពេលបច្ចុប្បន្ន និងអនាគត»។ នេះជាការបន្ថែមរបស់លោក ប៉ាន សូរស័ក្តិ ដោយលោកបន្តជាមួយនឹងជំនឿថា សៀវភៅមគ្គុទេសក៍នេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសជួយពង្រឹងសមត្ថភាពរបស់អ្នកចរចាពាណិជ្ជកម្មកម្ពុជា ក្នុងការការពារផលប្រយោជន៍កម្ពុជា ក្នុងវិស័យពាណិជ្ជកម្ម។ លោកក៏សង្ឃឹមដែរថា សៀវភៅមគ្គុទេសក៍នេះ នឹងក្លាយជាឯកសារយោងសម្រាប់និស្សិត និងអ្នកសិក្សាស្រាវជ្រាវក្នុងផ្នែកនេះ។
 
សូមជម្រាបថា «សៀវភៅមគ្គុទេសក៍ស្តីពីការចរចាពាណិជ្ជកម្ម សម្រាប់កម្ពុជា» នេះរៀបចំឡើង ក្រោមសមាសធាតុទី២នៃគម្រោង ARISE+ Cambodia ដែលផ្តោតលើការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស សម្រាប់ការរៀបចំ និងអនុវត្តន៍ គោលនយោបាយនានាពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម។ ក្រៅពីវត្តមាន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  និងមន្រ្តីចរចានៃក្រសួងពាណិជ្ជកម្ម ក្នុងពិធីសម្ពោធសៀវភៅនេះ ក៏មានវត្តមានមន្ត្រីតំណាងពីក្រសួងសេដ្ឋកិច្ច  ក្រសួងការងារ ក្រសួងកសិកម្ម  អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រុមការងារគម្រោង ARISE+ Cambodia តំណាងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងតំណាងស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ព្រមទាំងដៃគូអភិវឌ្ឍន៍មួយចំនួនទៀតដែរ៕
 

ព័ត៌មានទាក់ទង