អ្នករត់កង់បី ត្អូញត្អែរពីតម្លៃសាំង និងហ្គាសឡើងថ្លៃ ខណៈថ្លៃដឹកភ្ញៀវនៅដដែល  

18/03/2022 9:34 am ភ្នំពេញ

ដោយ៖ ផាត ដាណេ

ភ្នំពេញ៖ បច្ចុប្បន្ន តម្លៃសាំងធម្មតា និងម៉ាស៊ូត បានកើនដល់៥៣០០រៀលក្នុងមួយលីត្រ ខណៈសាំងស៊ុបពែមានតម្លៃ ៥ ៨០០រៀលក្នុងមួយលីត្រ។ ក្រសួងពាណិជ្ជកម្ម បានកំណត់តម្លៃថ្មីនេះ ចាប់ពីថ្ងៃទី១៦ ខែមីនា រហូតដល់បំណាច់ខែ។ ពាក់ព័ន្ធនឹងតម្លៃសាំងឡើងថ្លៃនេះ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចអ្នករត់កង់បី ម៉ូតូឌុប តាក់ស៊ី និងអ្នករត់ កង់បីឥណ្ឌា មានការព្រួយបារម្ភ​ និងត្អួញត្អែរ ពីផលប៉ះពាល់ដល់ចំណូលរបស់ពួកគេ។



សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 


លោក អ៊ូ សាវន អ្នករត់កងបី
នៅក្បែរផ្សារស្ទឹងមានជ័យ បានអះអាងថា បច្ចុប្បន្នមធ្យោបាយធ្វើដំណើររបស់ពលរដ្ឋមានច្រើនធ្វើឱ្យ
លោក ក៏ពិបាកស្រាប់ទៅហើយ ហើយពេលនេះ តម្លៃសាំងឡើងថ្លៃទៀត
លោក រឹតតែពិបាក គ្មានប្រាក់សល់សម្រាប់ផ្គត់ផ្គង់គ្រួសារ និងបង់ធនាគារឡើយ។ 

បុរសវ័យ៥៧ឆ្នាំរូបនេះ លើកឡើងដូច្នេះថា៖«សាំងឡើងថ្លៃពិបាករក
គ្រាន់តែម្សិលមិញឡើង៥ ៣០០រៀលក្នុងមួយលីត្រ អត់មានទាំងលុយចាក់ទៀត។
បើលុយរកបានតែ២ម៉ឺនរៀល ហូបបាយ និងចាក់សាំងអស់រលីង គ្មានបានអី។ ហើយឥឡូវសាំងឡើងថ្លៃ
ហើយរកមិនបានអ៊ីចឹង»។ លោក បន្តថា បើតម្លៃសាំងនេះត្រឹម ៣ ០០០រៀលក្នុងមួយលីត្រ
គឺសមល្មមសម្រាប់លោក។



ចំណែកឯ លោក រស់ ឌីណា អ្នករត់កង់បីឥណ្ឌាម្នាក់ទៀត
ក៏ត្អួញត្អែរពីតម្លៃសាំងបច្ចុប្បន្នផងដែរ។ លោក អះអាងថា ទោះបីតម្លៃសាំងឡើង
ប៉ុន្តែតម្លៃដែលលោក ដឹកអតិថិជននោះ មិនឡើងដូចសាំងឡើយ។ «អ្នកជិះគេមិនគិតរឿងឡើងមិនឡើងទេ។
ធម្មតាភ្ញៀវ គេធ្លាប់ជិះ១ម៉ឺន គឺ១ម៉ឺន ៥ពាន់ គឺ៥ពាន់ហើយ គ្មានឡើងទេ
ប៉ះពាល់តែយើងអ្នករត់ហ្នឹង អ្នកជិះគេមិនអីទេ»។ នេះជាការលើកឡើងរបស់លោក
ឌីណា អ្នករត់កង់បីឥណ្ឌា មកពីខេត្តតាកែវ។ លោក បញ្ជាក់បន្ថែមថា តម្លៃសាំង ឬហ្គាស
ឡើងថ្លៃនេះវាប៉ះពាល់ដល់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ និងបង់ធនាគារផងដែរ។

ងាកមកលោក ហាវ គាម ឯណេះវិញ
ក៏មិនខុសគ្នាពីបុរសទាំង២នាក់ខាងលើនោះដែរ។ តម្លៃសាំង និងហ្គាសឡើងថ្លៃ ខណៈលោក រកចំណូលមិនសូវបានផងនោះ
បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារលោកយ៉ាងខ្លាំង ។ «តម្លៃភ្ញៀវឱ្យនៅដដែល
ហើយហ្គាសឡើងថ្លៃ។ ពិបាក យើងរកអត់បាន អ៊ីចឹងរត់មិនរួចសម្រាប់ការចំណាយប្រចាំថ្ងៃ។
ពីមុនអាចរកបាន៣-៥ម៉ឺនរៀលក្នុងមួយថ្ងៃ តែឥឡូវអត់បានទេ»។
នេះជាការលើកឡើងរបស់លោក ហាវ គាម ដែលបន្តថា ពេលរកមិនបានដូច្នេះ លោក គ្មានប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារឡើយ៕
 

 

ព័ត៌មានទាក់ទង