លោក វន់ ពៅ៖ពលរដ្ឋគួរតែងាកមកជិះរថយន្តក្រុងវិញ ដើម្បីកាត់បន្ថយចំណាយលើប្រេងឥន្ធនៈ និងហ្គាស

17/03/2022 5:00 pm ភ្នំពេញ

ដោយ៖ ឈុំ ចន្ថា

ភ្នំពេញ៖ស្របពេល កម្ពុជា​ និងពិភពលោក​ ជួបប្រទះបញ្ហាប្រេងសាំងឡើងថ្លៃ ដែលប៉ះពាល់ដល់កម្រិតជីវភាពពលរដ្ឋ លោក វន់ ពៅ បានជំរុញឱ្យពលរដ្ឋងាកមកប្រើប្រាស់សេវារថយន្តក្រុងវិញ ដើម្បីកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ និងហ្គាស។ ជាមួយគ្នានេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធរូបនេះ ក៏ស្នើ​ឱ្យរដ្ឋាភិបាល រៀបចំប្រព័ន្ធចរាចរណ៍ឱ្យច្បាស់លាស់ និងបង្កើនចំនួនរថយន្តបន្ថែមថែមទៀត ដើម្បីបង្កភាពងាយស្រួល។



លោក វន់ ពៅ បានប្រាប់សារព័ត៌មានថ្មី២៥ នៅថ្ងៃទី១៧មីនានេះថា ពលរដ្ឋគួរតែងាកមកប្រើប្រាស់សេវារថយន្តក្រុងរបស់រដ្ឋវិញ ដើម្បីកាត់បន្ថយការចំណាយលើសាំង និងហ្គាសប្រចាំថ្ងៃ។ ទន្ទឹមនឹងនេះ លោក ចង់ឱ្យពលរដ្ឋចូលរួមកាត់បន្ថយការប្រើប្រាស់យានយន្តផ្ទាល់ខ្លួន ហើយប្ដូរមកជិះកង់ ឬដើរថ្មើរជាងវិញ។

នាពេលបច្ចុប្បន្ន ពលរដ្ឋមិនទាន់ពេញនិយមប្រើប្រាស់សេវារថយន្តក្រុងនៅឡើយទេ ដោយសារក្រុងភ្នំពេញមានបញ្ហាកកស្ទុះចរាចរណ៍យូៗពេក។ ដូច្នេះ លោក ស្នើឱ្យរដ្ឋាភិបាល រៀបចំប្រព័ន្ធចរាចរណ៍ឱ្យច្បាស់លាស់ និងបង្កើនចំនួនរថយន្តឱ្យច្រើនថែមទៀត ដើម្បីបង្កភាពងាយស្រួលឱ្យពលរដ្ឋងាកមកប្រើប្រាស់រថយន្តក្រុងវិញ។


រូបភាពពីរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង

លោក ប្រាប់ដូច្នេះថា៖«ជាចំណុចល្អ ដែលពលរដ្ឋប្រើសេវារថយន្តក្រុងរបស់រដ្ឋ ព្រោះវាអាចជួយទៅលើការចំណាយ ការប្រើប្រាស់ប្រេងឥន្ធនៈ ឬហ្គាស។ មួយទៀត ប្រសិនបើ អ្នកគ្មានរថយន្ត ឬម៉ូតូ ក៏អាចជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់(ពលរដ្ឋ) ដោយមិនអស់លុយ។ ហើយការជិះរថយន្តក្រុង ក៏ចូលរួមកាត់បន្ថយការបំផ្លាញបរិស្ថានក្នុងទីក្រុងផងដែរ»។

លោក វន់ ពៅ អះអាងថា ប្រសិនបើ វិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន នៅតែអូសបន្លាយ នឹងធ្វើឱ្យតម្លៃប្រេងសាំង បន្តកើនឡើង។ ដូច្នេះ លោកចង់ឱ្យរដ្ឋរៀបចំយន្តការគ្រប់គ្រងតម្លៃប្រេងសាំងឱ្យល្អ និងធ្វើការបញ្ចុះពន្ធការនាំចូលប្រេងឥន្ធនៈ ឬក៏ឧបត្ថម្ភទុនទៅក្រុមហ៊ុនប្រេងឥន្ធនៈ ដើម្បីកុំឱ្យប្រេងឥន្ធនៈ ឬហ្គាសឡើងថ្លៃ។ លោក បន្តថា រដ្ឋាភិបាល គួរតែដំឡើងពន្ធលើថ្លៃស្រាបៀ ឬបារី ដើម្បីយកមកជួយទប់ទល់នឹងតម្លៃប្រេងសាំងកើនឡើងបន្តបន្ទាប់នេះ។



ចំណែក លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ២៥ថា សាលាក្រុងតែងតែជំរុញឱ្យពលរដ្ឋប្រើប្រាស់សេវារថយន្តក្រុង ដើម្បីចូលរួមកាត់បន្ថយការចំណាយរបស់ពលរដ្ឋ និងគ្រោះថ្នាក់ចរាចរណ៌ ដោយមិនផ្សារភ្ជាប់នឹងតម្លៃសាំងឡើងថ្លៃ​នោះឡើយ។ លោក បន្តថា ក្រោយបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ ការប្រើប្រាស់សេវារថយន្តក្រុងរបស់ពលរដ្ឋមានការថយចុះ ខណៈរដ្ឋនឹងបន្ថែមចំនួនរថយន្តឱ្យច្រើនទៀត ប្រសិនបើតម្រូវការប្រើប្រាស់ខ្ពស់។

លោក ប្រាប់ដូច្នេះថា៖«មិនមែនមកពីសាំងឡើងថ្លៃ ឬមិនឡើងថ្លៃទើបយើងជំរុញឱ្យពលរដ្ឋងាកមកប្រើប្រាស់រថយន្តក្រុងនោះទេ គឺយើងបានជំរុញទូទៅហើយ ដើម្បីចូលរួមកាត់បន្ថយការចំណាយ គ្រោះថ្នាក់ចរាចរណ៍ របស់ប្រជាពលរដ្ឋ»។

លោក ឃ្លី នរៈ ប្រធានរដ្ឋបាលការិយាល័យរដ្ឋបាល នៃរដ្ឋាករស្វយ័តដឹកជញ្ជូនសារធារណៈរថយន្តក្រុង បានបញ្ជាក់ថា ក្រោយកូវីដ-១៩ធូរស្រាល សាលាក្រុងបានដាក់ដំណើរការចំនួន៤ខ្សែ ដោយប្រើប្រាស់រថយន្ត៦០គ្រឿង និងប្រើប្រាស់ធនធានរដ្ឋតែ ៣០ភាគរយប៉ុណ្ណោះ។
 
គួរបញ្ជាក់ថា បច្ចុប្បន្ន សាំងធម្មតាលក់រាយនៅកម្ពុជា មានតម្លៃ៥៣០០រៀលក្នុងមួយលីត្រ ខណៈសាំងស៊ុបពែរ មានតម្លៃជិត៦០០០រៀលក្នុងមួយលីត្រ៕

ព័ត៌មានទាក់ទង