ក្រសួងពាណិជ្ជកម្ម នឹងកំណត់ថ្លៃលក់ប្រេងឥន្ធនៈនៅកម្ពុជា ចំនួន១០ថ្ងៃម្តង

16/03/2022 9:00 am ភ្នំពេញ

ដោយ: អ៊ូ សុខមាន (OU Sokmean)

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងបន្ថយពេលពី១៥មក នៅត្រឹម១០ថ្ងៃវិញ ក្នុងការកំណត់ថ្លៃប្រេងឥន្ធនៈ ដែលលក់រាយនៅលើទីផ្សារកម្ពុជា។ នេះបើតាមការលើកឡើងរបស់ លោក ប៉ាន សូរស័ក្តិ កាលពីថ្ងៃទី១៤មីនា ដោយបានបញ្ជាក់ថា ការកាត់បន្ថយពេលកំណត់តម្លៃនេះ គឺដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈសកលលោក។​



ពាក់ព័ន្ធនឹងការផ្លាស់ប្តូរពេលវេលា ក្នុងការកំណត់តម្លៃលក់រាយនៃប្រេងឥន្ធនៈនៅកម្ពុជានេះ លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់សារព័ត៌មានថ្មីៗ នារសៀលថ្ងៃទី១៥ មីនា ថា ក្រសួងពាណិជ្ជកម្ម កំពុងរៀបចំនីតិវិធីនៃការកំណត់ពេលវេលាថ្មីនេះ បន្ទាប់ពីទទួលបានការឯកភាពជាអន្តរក្រសួង និងក្រុមហ៊ុននាំចូលប្រេង រួមទាំងអ្នកចែកចាយប្រេងឥន្ធនៈ។
 

 សកម្មភាពពលរដ្ឋមកចាក់សាំងម៉ូតូ នៅស្ថានីយប្រេងឥន្ធនៈនៅកន្លែង នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥មីនា ឆ្នាំ២០២២។​

បើតាមអ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរូបនេះ លោក ប៉ាន សូរស័ក្តិ នឹងផ្ញើលិខិតស្នើសុំការឯកភាពពីលោក អូន ព័ន្ធមុនីរ័ត្ន  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីការផ្លាស់ប្ដូរពេលវេលាកំណត់ថ្លៃប្រេងឥន្ធនៈពី១៥ថ្ងៃ មក១០ថ្ងៃវិញនេះ។ លោក ស៊ាង ថៃ បានអះអាងដូច្នេះ៖ «ពេលបានការឯកភាព ក្រសួងពាណិជ្ជកម្មនឹងចាប់ផ្ដើមអនុវត្តភ្លាម ដោយយើងអាចយកថ្ងៃទី១០, ២០, ៣០ នៃខែនីមួយៗ[សម្រាប់កំណត់តម្លៃប្រេងឥន្ធនៈ]។
 
សូមជម្រាបថា ប្រេងឥន្ធនៈនៅកម្ពុជាបន្តឡើងថ្លៃជាបន្តបន្ទាប់ រហូតដល់ជាង៥០០០រៀលក្នុងមួយលីត្រ។ ការឡើងថ្លៃប្រេងឥន្ធនៈនេះ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ ជាពិសេសអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕ 
 

ព័ត៌មានទាក់ទង