តើបណ្តាលមកពីកត្តាមនុស្ស ឬធម្មជាតិ ដែលធ្វើឱ្យទន្លេមេគង្គប្រែប្រួល?

05/08/2022 4:00 pm ភ្នំពេញ

ដោយ៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ

ទន្លេមេគង្គ ចាប់ពីទីរូមខេត្តស្ទឹងត្រែង ក្នុងប្រទេសកម្ពុជា លាតសន្ធឹងដល់ព្រំដែនឡាវ ប្រវែង ៤០គីឡូម៉ែត្រ គឺជាប៉ូលអេកូទេសចរណ៍ដ៏ទាក់ទាញមួយ។ ថ្មប៉ប្រះទឹក ទឹកជួរ អន្លង់ជ្រៅៗ ប្រជុំកោះ ដើមឈើធំៗ បានបង្ហាញទេសភាព ដ៏ត្រកាល គួរចង់ឱ្យគយគន់។



ប៉ុន្តែ ចាប់ពីឆ្នាំ ២០០០មក គេសង្កេតឃើញថា ដើមឈើធំៗ  បានបាក់រលំជាបណ្តើរៗ។ ឆ្នាំ ២០១៥ ដល់ ២០២០ សន្ទុះនៃការបាក់រលំដើមឈើនេះ បានកើនឡើងដល់កម្រិតគួរឱ្យព្រួយបារម្ភ។ 


លោក ផយ វណ្ណា Phoy Vanna ជាតំណាងអេកូទេសចរណ៍ព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានឱ្យដឹងថា ពាក់ព័ន្ធនឹងដើមឈើដែលបាក់នោះ គឺបាក់ខ្លាំងក្នុងឆ្នាំ ២០០០ ចូលសហសវត្យរ៍។ ចាប់ផ្តើមម្តងបន្តិចៗ។ ប៉ុន្តែឆ្នាំ ២០១៥ ដល់ ២០២០ គឺបាក់ខ្លាំង។ ប៉ុន្តែ ឆ្នាំ ២០២០-២០២១ មិនបាក់ ដោយសារទឹកមិនឡើងខ្លាំង។ គឺដោយសារវាគ្មានដើមឈើបាក់ទៀត។

លោក ផយ វណ្ណា បានពន្យល់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គដូច្នេះថា៖«វាបាក់តៗ គ្នា។ ខាងលើទឹកបាក់ ខាងក្រោមទឹកក៏បាក់ដែរ។ ព្រោះថាពេលដើមឈើនៅខាងលើខ្សែទឹកបាក់ហើយ អានៅខាងក្រោម គ្មានអ្វីបាំង ពេលកម្លាំងទឹកបុកមកខ្លាំងក៏បាក់បន្តទៀត។» នេះជាការបញ្ចាក់របស់លោក ផយ វណ្ណា ។ 

បច្ចុប្បន្ននេះ ទាំងរដូវប្រាំង និងវស្សា កម្រិតកម្ពស់ទឹកក្នុងទន្លេ ស្ទើរប្រហាក់ប្រហែលគ្នា ដែលបានសម្លាប់ពពួករុក្ខជាតិតូចៗ ស្ទើរអស់ ហើយរុក្ខជាតិថ្មី ក៏ពុំអាចដុះឡើងបានដែរ។ ពពួករុក្ខជាតិតូចៗ ទាំងនោះ គឺជារបាំងយ៉ាងសំខាន់ ជួយទប់ចរន្តទឹក ដែលហូរបុកគល់ឈើ និងច្រោះខ្សាច់តាមគល់ឈើ។ ប៉ុន្តែ នៅពេលដែលពពួករុក្ខជាតិតូចៗ ទាំងនោះងាប់អស់ ខ្សាច់ជុំវិញគល់ឈើ ក៏ចាប់ផ្តើមហូរច្រោះបន្តិចម្តងៗ រហូតអស់។
 
លោក ផយ វណ្ណា បានសន្និដ្ឋានថា៖ «ដោយសារតែកម្រិតកម្ពស់ទឹកទន្លេនាពេលបច្ចុប្បន្ននេះ មិនស្រកតាមធម្មជាតិ នាំឱ្យដើមឈើគ្មានឳកាសដកដង្ហើម។ តាមធម្មជាតិ របស់ទន្លេ នៅក្នុងតំបន់នេះ ក្នុងរដូវប្រាំង មានកន្លែងខ្លះ ទឹកស្រកអស់ មនុស្ស និងសត្វ អាចដើរឆ្លងកាត់ទន្លេបាន ហើយក៏ជាឳកាស ផ្តល់ឱ្យដល់ពពួករុក្ខជាតិថ្មីផ្សេងៗ អាចដុះលូតលាស់ឡើងបាន»។

លោក គោគ និមល ប្រធានស្នាក់ការតំបន់រ៉ាមសារស្ទឹងត្រែង នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែ បានកត់សម្គាល់ឃើញថា ចាប់ពីលោកចូលបម្រើការជាឧទ្យានុរករហូតមកដល់បច្ចុប្បន្ន ធនធានធម្មជាតិក្នុងតំបន់នេះ មានការប្រែប្រួលយ៉ាងខ្លាំង គួរឱ្យកត់សម្គាល់។

លោកបានឱ្យដឹងថា៖«ខ្ញុំចូលបម្រើការងារជាមន្ត្រីឧទ្យានុរក្សនៅក្នុងឆ្នាំ២០០០។ ខ្ញុំសង្កេតឃើញថា ធនធានធម្មជាតិពីមុន និងបច្ចុបន្បន្ន គ្រាន់តែខុសគ្នាត្រង់ថា កាលពីឆ្នាំ ២០០០ គឺសម្បូរត្រី និងសត្វស្លាបជាច្រើន។ ដើមឈើក៏មិនសូវមានងាប់ដូចសព្វថ្ងៃទេ។ តែបច្ចុប្បន្ននេះ ដើមឈើក៏ដួលច្រើន សត្វស្លាបក៏ថយចុះ ត្រីក៏ថយចុះ។ ចំពោះដើមឈើនៅក្នុងទន្លេ និយាយទៅ ពុំមាននរណាទន្ទ្រានវាទេ គឺវាដួលដោយធម្មជាតិ»។
 
ប៉ុន្តែ ទោះយ៉ាងណា លោក ភោគ និមល បានសន្និដ្ឋានថា ការបាក់រលំដើមឈើនៅក្នុងទន្លេមេគង្គនេះ អាចបណ្តាលមកពីកត្តាមនុស្សផង និងកត្តាធម្មជាតិ។ ប៉ុន្តែ កត្តាមនុស្ស ហាក់ជាកត្តាចម្បង។ មនុស្ស បានធ្វើឱ្យបាត់បង់ព្រៃឈើនៅលើដីគោក និងធ្វើឱ្យរបរទឹកទន្លេមេគង្គ ប្រែប្រួល ឡើងចុះមិនទៀងទាត់តាមធម្មជាតិ។ 
 
អេកូទេសចរណ៍ក្នុងតំបន់នេះ ហាក់ពឹងអាស្រ័យច្រើនទៅលើធនធានធម្មជាតិ ពិសេស ដើមឈើធំៗ ដែលដុះក្នុងទន្លេទាំងនេះ។ ប៉ុន្តែ ជារៀងរាល់ឆ្នាំ ដើមឈើទាំងនេះ បានបាក់រលំជាបណ្តើរៗ ហើយក៏ពុំមានដើមឈើថ្មីដុះមកជំនួស បានធ្វើឱ្យប្រជាសហគមន៍អេកូទេសចរណ៍ មានការព្រួយបារម្ភយ៉ាងខ្លាំង។
 
ក្រៅពីជាប៉ូលអេកូទេសចរណ៍ តំបន់នេះ ក៏ជាទីជម្រកលាក់ខ្លួន ក្នុងរដូវប្រាំងយ៉ាងសំខាន់ សម្រាប់ត្រីមេពូជ ដែលជាពពួកត្រីធ្វើចរាចរផ្លាស់ទី ។ ជារៀងរាល់ឆ្នាំ ត្រីមេពូជក្នុងតំបន់នេះ បានបង្កកំណើតដល់កូនត្រីថ្មី រាប់សិបលានក្បាល សម្រាប់ផ្គត់ផ្គង់ដល់ទន្លេមេគង្គ និងប្រព័ន្ធបឹងទន្លសាប៕
 

ព័ត៌មានទាក់ទង