មិនត្រឹមតែជាអាជីវកម្ម តែការចិញ្ចឹមទន្សាយ ក៏ជាផ្នែកមួយនៃជីវិតរបស់អ្នកស្រី កែវ ម៉ាឡែន

10/03/2022 11:00 am ភ្នំពេញ

ដោយ៖ ផាត ដាណេ

ភ្នំពេញ៖ អ្នកស្រី កែវ ម៉ាឡែន ជាម្ចាស់កសិដ្ឋានចិញ្ចឹមទន្សាយ CamboFarm Rabbitry ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ។ បច្ចុប្បន្នកសិដ្ឋានខេមបូហ្វាម មានទន្សាយជាង១ពាន់ក្បាល ដែលអ្នកស្រី ម៉ាឡែន ជាអ្នកចិញ្ចឹម និងមើលថែទាំដោយផ្ទាល់។ ម្ចាស់កសិដ្ឋានរូបនេះ ចាត់ទុកការងារចិញ្ចឹមទន្សាយ ជាផ្នែកមួយនៃជីវិត ដ្បិតវាមិនអាចផ្ដល់ចំណូលខ្ពស់ ដល់អ្នកស្រីក៏ដោយ។



មុនពេលបង្កើតកសិដ្ឋាន CamboFarm Rabbitry អ្នកស្រី កែវ ម៉ាឡែន បានចិញ្ចឹមទន្សាយតែ២ក្បាលប៉ុណ្ណោះ នាឆ្នាំ២០០៩។ ចិញ្ចឹមបាន៤ឆ្នាំ អ្នកស្រី ម៉ាឡែន ក៏ពង្រីកការចិញ្ចឹម ដោយបានបង្កាត់ពូជទន្សាយបានជាង៣០០ក្បាល រហូតមានទន្សាយជាង១ពាន់ក្បាល ក្នុងកសិដ្ឋាននាពេលបច្ចុប្បន្ន។ អ្នកស្រី ម៉ាឡែន ពន្យល់ថា ទន្សាយជាប្រភេទសត្វងាយស្រួលចិញ្ចឹម ប៉ុន្តែក៏ងាយងាប់ផងដែរ បើសិនគ្មានការថែទាំ និងផ្ដល់ចំណីបានត្រឹមត្រូវ។ អ្នកស្រី ម៉ាឡែន បានរៀនពីរបៀបចិញ្ចឹមទន្សាយពីអ្នកជំនាញ និងបានសិក្សាស្រាវជ្រាវបន្ថែមពីអ៊ីនធឺណិតផងដែរ មុនបើកកសិដ្ឋាននេះ។

ស្រ្តីវ័យ៣៣ឆ្នាំរូបនេះ រស់នៅជាមួយសត្វទន្សាយ រយៈពេល១១ឆ្នាំហើយ។ អ្នកស្រី ស្រឡាញ់ការងារនេះ ដោយចាត់ទុកសត្វទាំងនេះប្រៀបដូចកូនៗ ដែលជាផ្នែកមួយនៃជីវិតរបស់ខ្លួនទៀតផង។ «និយាយរួមទៅគឺខ្ញុំស្រឡាញ់ ហើយវាក្លាយជាផ្នែកមួយនៃជីវិតខ្ញុំ។ ការងារនេះ គ្មានចំណូលច្រើនទេ។ ដូចខ្ញុំចិញ្ចឹមរាល់ថ្ងៃទន្សាយជាង១ពាន់ក្បាល ហើយបើលក់អត់បានចំណូលអត់ចូល តែខ្ញុំក៏ត្រូវចំណាយលើចំណីឱ្យពួកវាដដែលហ្នឹង។ មិនមែនចិញ្ចឹមហើយ សម្លឹងឃើញតែផលចំណេញហើយអត់គិតពីសុខភាពពួកវាបានទេ»។ នេះជាការលើកឡើងរបស់អ្នកស្រី ម៉ាឡែន ដែលបន្តថា អ្នកស្រី មិនអាចបោះបង់អាជីពនេះឡើយ បើទោះបីជាពេលខ្លះអ្នកស្រី មានភាពនឿយហត់ខ្លះក៏ដោយ។

អ្នកស្រី អះអាងថា កសិដ្ឋានចិញ្ចឹមទន្សាយនេះ មិនអាចផ្ដល់ចំណូលឱ្យអ្នកស្រី ក្លាយជាអ្នកមានឡើយ ប៉ុន្តែកូនទន្សាយក្នុងកសិដ្ឋាន បានជួយកាត់បន្ថយភាពតានតឹង និងបញ្ហានានារបស់អ្នកស្រី។ «ពេលអត់សប្បាយចិត្ត ហត់នឿយ ស្រ្តេស ខ្ញុំតែងតែមកលេងជាមួយកូនទន្សាយទាំងហ្នឹង អ៊ីចឹងវាក៏ជួយកាត់បន្ថយបញ្ហា បន្ធូរអារម្មណ៍ខ្ញុំឱ្យប្រសើរផងដែរ។ និយាយទៅវាដូចជាទម្លាប់ អ៊ីចឹងទើបខ្ញុំមិនអាចអត់ពួកវាបានឡើយ»។ នេះជាការលើកឡើងរបស់អ្នកស្រី ម៉ាឡែន ដែលបន្តថា ទន្សាយទាំងអស់ក្នុងកសិដ្ឋានខេមបូហ្វាម គឺអ្នកស្រី ជាអ្នកចិញ្ចឹម និងថែទាំដោយផ្ទាល់។

អ្នកស្រី ម៉ាឡែន ពន្យល់ថា ទន្សាយដែលលក់ឱ្យអតិថិជនយកទៅចិញ្ចឹមបន្ត គឺអាយុចន្លោះពី១ខែកន្លះ ដល់២ខែ ហើយក្នុងមួយក្បាលតម្លៃចាប់ពី១០ដុល្លារឡើងទៅ។ ទន្ទឹមនឹងនេះ អ្នកស្រី ក៏មានការប្រឹក្សាពីរបៀបចិញ្ចឹម នឹងណែនាំពីចំណីសម្រាប់ប្រភេទទន្សាយនីមួយៗ ដល់អតិថិជនផងដែរ។ 

អ្នកស្រី ម៉ាឡែន បញ្ជាក់ថា កសិដ្ឋានខេមបូហ្វាមមានទន្សាយចំនួន១១ប្រភេទផ្សេងៗគ្នា ក្នុងនោះមានពូជ Local breed ,Long fur rabbit,Angora , Netherland Dwarf ,Mini Rex ,Holland Lop, New Zealand white , New Zealand Red , New Zealand Black , Flemish Giant និង English spot ( butterfly breed)។ ចំពោះពូជទន្សាយទាំងនេះ គឺអ្នកស្រី បង្កាត់ដោយផ្ទាល់ដៃខ្លួនឯង គ្មានការនាំចូលពីបរទេសឡើយ៕

 

ព័ត៌មានទាក់ទង