១០ឆ្នាំក្នុងរបរកាត់ស្បែកជើង អ្នកស្រី ផល្លី មានមោទកភាព ដែលបានស្រាយបញ្ហាឱ្យអតិថិជន

09/03/2022 10:00 am ភ្នំពេញ

ដោយ៖ អ៊ូ សុខមាន

ភ្នំពេញ៖ ប្រមាណ១០ឆ្នាំមកហើយ ដែលអ្នកស្រី ហួន ផល្លី ធ្វើជាជាងកាត់ស្បែកជើងម៉ូតទំនើបនានា នៅក្នុងទឹកដីនៃខេត្តកណ្តាល។  បច្ចុប្បន្ន ដ្បិតថា មុខរបរហាក់មិនសូវទទួលបានការគាំទ្រច្រើនពីអតិថិជន ក៏ពិតមែន ប៉ុន្តែស្ត្រីវ័យ៣១ឆ្នាំរូបនេះ នៅតែបង្ហាញភាពសប្បាយចិត្ត និងមានមោទកភាពលើខ្លួនឯង ដែលបានបំពេញនូវតម្រូវការ និងដំណោះស្រាយបញ្ហារបស់អតិថិជន ដែលមកកាត់ស្បែកជើងនៅសាជីវកម្មខ្មែរ (Khmer Corp)។


 
«ភ្ញៀវដែលកន្លែងមកខ្ញុំ គឺមានបញ្ហាជើងតូចពេក និងធំពេក ដែលពិបាកក្នុងការស្វែងរកស្បែកជើងនៅលើទីផ្សារសម្រាប់ប្រើប្រាស់។ អ៊ីចឹង! នៅពេលដែលខ្ញុំដោះស្រាយបញ្ហាឱ្យភ្ញៀវបាន គឺសប្បាយចិត្ត និងមានមោទកភាពមែនទែន»។ នេះជាការលើកឡើងរបស់អ្នកស្រី ហួន ផល្លី ដែលបានបន្តមុខរបរជាជាងកាត់ស្បែកជើងពីឪពុកក្មេកតាំងពីឆ្នាំ២០១២មក។ 
 
សាជីវកម្មខ្មែរ ឬ Khmer Corp គឺជាយីហោនៃការផលិតផលស្បែកជើង ធ្វើដោយដៃជាលក្ខណៈគ្រួសាររបស់អ្នកស្រី ផល្លី។ ការផលិតស្បែកជើងមួយគូៗ សម្រាប់កុមារ ស្រី្ត និងបុរស  អ្នកស្រីផល្លី គឺធ្វើឡើងដោយសម្រិតសម្រាំង ទាំងគុណភាព និងម៉ូតរចនា Unique   ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ប្រើប្រាស់ និងទាន់សម័យ មិននចាញ់ស្បែកនាំចូលពីបរទេសឡើយ។  អ្នកស្រី បានអះអាងប្រាក់សារព័ត៌មានថ្មីៗ ពីភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល  តាមទូរសព្ទ នាថ្ងៃទី៨មីនា ថា ស្បែកដែលសាជីវកម្មខ្មែរផលិត អាចប្រើប្រាស់មិនក្រោមមួយឆ្នាំ នោះទេ។
 
អ្នកស្រី ផល្លី មានគម្រោងបើកហាងមួយកន្លែង នៅរាជធានីភ្នំពេញ ទោះបីជាការប្រើប្រាស់ស្បែកជើងខ្មែរធ្វើពីស្បែកគោនេះច្រើននៅឡើយក៏ដោយ។ ស្ត្រីរូបនេះ ពន្យល់បន្ថែមដូច្នេះថា៖ « ចំពោះអាជីវកម្មនេះ ខ្ញុំស្រលាញ់។ ស្រលាញ់ក្នុងការចេញម៉ូតស្បែកជើង ដែលមានភាពជា Unique  របស់ខ្លួន ផ្តល់ឱ្យអតិថិជនប្រើប្រាស់ដោយមានផាកសុខភាព។ ខ្ញុំគ្រោងបើកហាងមួយកន្លែងនៅភ្នំពេញ នៅឆ្នាំ២០២២ ដើម្បីឱ្យអតិថិជននៅភ្នំពេញ អាចមើលម៉ូតស្បែកស្អាតៗ និងវាស់កាត់ស្បែកជើងនៅហាងផ្ទាល់តែម្តង ដោយពុំចាំបាច់ទៅដល់សិប្បកម្ម នៅខេត្តកណ្តាលផ្ទាល់»។ 
 
គម្រោងនៃការពង្រីកអាជីវកម្មនេះ គឺអ្នកស្រី ផល្លី  មានឆន្ទៈក្នុងការលើកស្ទួយ និងចូលរួមអភិរក្ស ការប្រើប្រាស់ស្បែកជើងខ្មែរ ដែលឪពុកក្មេករបស់ខ្លួន បង្កើតឡើងតាំងពីឆ្នាំ១៩៨៦មកម្ល៉េះ។ អ្នកស្រី ផល្លី រួមជាមួយក្រុមការងារ៣នាក់ទៀត អាចផលិតស្បែកជើងបាន៤ទៅ៥គូក្នុងមួយថ្ងៃ ដែលមានអតិថិជនភាគច្រើន បញ្ជាទិញតាមរយៈបណ្តាញសង្គមហ្វេសប៊ុក។
 
បើតាមអ្នកស្រី ផល្លី ស្បែកជើងសម្រាប់កុមារ មានតម្លៃពី៧ ទៅ៩ដុល្លារ ក្នុងមួយគូ, សម្រាប់ស្ត្រីមានតម្លៃពី១៥ ដល់១៩ដុល្លារក្នុងមួយគូ និងសម្រាប់បុរសវិញមានតម្លៃពី២៥ ដល់២៩ដុល្លារក្នុងមួយគូ ដោយតម្លៃទាំងនេះ គឺអាស្រ័យទៅលើម៉ូតនីមួយៗ និងទំហំ នៃស្បែកជើង៕ 

 

ព័ត៌មានទាក់ទង