លោក ប៊ុន វុធឌីកា ច្នៃត្នោតទុំ  ខ្វិត និងល្មុត ទៅជានំបុ័ង និងចង់នាំទៅទីផ្សារក្រៅប្រទេស  

08/03/2022 2:00 pm ភ្នំពេញ


ដោយ៖ សុង សុធាវី

ភ្នំពេញ៖ លោក ប៊ុន វុធឌីកា បានដំណើរការហាង គ្រីសប៊ែន រយៈពេលជាងមួយឆ្នាំមកហើយ ដោយយកត្នោតទុំ ខ្វិតទុំ និងល្មុត មកច្នៃចេញជានំប៉័ងដំបូងគេនៅកម្ពុជា។ លោក ឌីកា គឺជា អ្នកចូលចិត្តដើរភ្លក្សអាហារដែលមានរសជាតិប្លែកៗ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ ចំណង់ចំណូលចិត្តនេះ បានធ្វើឱ្យម្ចាស់ហាងនំ គ្រីសប៊ែន មានគំនិតច្នៃនំប៉័ង ដែលមានរសជាតិខុសពីគេ មកដាក់លក់លើទីផ្សារ។ ទៅថ្ងៃអនាគត លោក វុធឌីកា ចង់យកនំបុ័ងដែលមានរសជាតិប្លែកនេះ នាំទៅទីផ្សារក្រៅប្រទេស ដើម្បីចង់លើកតម្លៃផលិតផលអត្តសញ្ញាណជាតិ ជាពិសេសគឺនំបុ័ងដែលធ្វើពីផ្លែ​ ​​ត្នោត។


 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ និង លោក ប៊ុន វុធឌីកា ដូចតទៅ៖
 
«លោក ប៊ុន វុធឌីកា ច្នៃត្នោតទុំ ខ្វិតទុំ និងល្មុត ជានំប៉័ង» =======

អតីតនិស្សិតច្បាប់ លោក ប៊ុន វុធឌីកា បានច្នៃត្នោតទុំ ខ្វិតទុំ និងល្មុត ធ្វើជានំប៉័ង ដែលទាក់ទាញចិត្តអ្នកគាំទ្រ ទាំងជនជាតិខ្មែរ និងបរទេសជាច្រើន។ ទម្រាំមានការទទួលស្កាល់ផលិតផលថ្មីនេះ រូបលោកផ្ទាល់ បានបង្កើតរសជាតិប្លែកបែបខ្មែរ ពង្រឹងគុណភាពស្តង់ដារអនាម័យ សេវាកម្មល្អ ពិសេសចូលរួមផ្តល់ការងារដល់យុវជនជិត៥០នាក់នៅរាជធានីភ្នំពេញ និងនៅខេត្តកំពង់ស្ពឺផងដែរ។ បច្ចុប្បន្នម្ចាស់ហាង គ្រីសប៊ែន បានពង្រីកហាងចំនួនពីរសាខាត្រឹមតែរយៈពេលជិតមួយឆ្នាំ ពោលគឺក្នុងវិបត្តិជំងឺកូវីដនេះតែម្តង។ តើសហគ្រិនថ្មីថ្មោងរូបនេះដំណើរការអាជីវកម្មប្រភេទហ្នឹងយ៉ាងដូចម្តេច? កម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ បានអញ្ញើញលោក ប៊ុន វុធឌីកា ចូលរួមជាវាគ្មិនដើម្បីពិភ្សាលើប្រធានបទនេះ។ សូមលោក លោកស្រី អ្នកនាងកញ្ញា ទស្សនានូវបទសម្ភាសន៍រវាង វាគ្មិនរូបនេះ ជាមួយ កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» ដូចតទៅ៖

Posted by Thmey Thmey on Monday, March 7, 2022

 
ក្នុងកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ លោក ប៊ុន វុធឌីកា បានបញ្ចាក់ថា ទម្រាំមានការគាំទ្រនូវផលិតផលថ្មី និងប្លែកនេះ លោកបានសម្រិតសម្រាំង ទាំងរសជាតិ ក្លិន គុណភាពចំណីអាហារ ស្តង់ដារ SOP ឱ្យត្រូវតាមចំណូលចិត្តរបស់ជនជាតិខ្មែរ និងបរទេស។
លោក វុធឌីកា បានរៀបរាប់ដូច្នេះ៖  « ចាប់ផ្តើមអាជីវកម្មមួយគឺតែងមានការលំបាកជាច្រើន តែយើងអាចធ្វើវាទៅបាន ពិសេសផ្នែកចំណីអាហារនេះតែម្តង ដំបូងខ្ញុំត្រូវសិក្សារៀនសូត្រពីជំនាញមួយចំនួន និងចុះធ្វើផ្ទាល់តែម្តង មានខុសមានត្រូវច្រើនដង ទម្រាំទទួលបាននូវរសជាតិ និងរូបមន្តប្រចាំហាងដូចសព្វថ្ងៃនេះ»។ 
បើតាមលោក វុធឌីកា មកទល់ពេលនេះ ហាងនំប៉័ងរសជាតិត្នោត គ្រីស្តប៊ែនមួយនេះ ទទួលបានការគាំទ្រពីអតិថិជនជាច្រើន ទាំងខ្មែរ និងជនជាតិបរទេស។ ម្ចាស់ហាងមាឌមាំរូបនេះ បញ្ជាក់ថា៖ « ដើម្បីអាចតម្រូវចិត្តអតិថិជនបានទាំងជនជាតិខ្មែរ និងបរទេស ហើយយើងត្រូវដឹងពីភាពប្លែកគ្នា នៃរសជាតិនំប៉័ងឱ្យស្របតាមចំណង់ចំណូលចិត្តរបស់ពួកគាត់រៀងៗខ្លួន។ ពិសេស គឺភាពខុសគ្នានៃធាតុផ្សំថែមទៀតផង»។
 
ក្នុងដំណើរការអាជីវកម្មរយៈពេលជាង១ឆ្នាំនេះ លោកឌីកា បានពង្រីកខ្លួនបានចំនួនពីរសាខា នៅរាជធានីភ្នំពេញ ដោយផ្តល់ឱកាសការងារដល់បុគ្គលិកជិត៥០នាក់ និងជួយទិញត្នោតទុំ ពីក្មេងៗ នៅខេត្តកំពង់ស្ពឺ ដើម្បីបានលុយទៅរៀន។ ទៅថ្ងៃមុខ ម្ចាស់ហាងរូបនេះ ចង់នាំយកផលិតផលខ្លួនទៅក្រៅប្រទេស ព្រោះចង់លើកតម្លៃផលិតផលអត្តសញ្ញាណជាតិជាពិសេសគឺនំបុ័ងដែលធ្វើពីផ្លែត្នោត៕
 

 

ព័ត៌មានទាក់ទង