អ្នកស្រី ប៉ែន បុប្ផា ពន្យល់ពីសារៈសំខាន់ នៃចំណេះដឹងហិរញ្ញវត្ថុ ​​

04/03/2022 10:00 am ភ្នំពេញ



ដោយ៖ សុង សុធាវី

ភ្នំពេញ៖  អ្នកដែលមានចំណេះដឹងហិរញ្ញវត្ថុ គឺជាអ្នកដែលចេះចាត់ចែងលុយកាក់ប្រចាំថ្ងៃបានត្រឹមត្រូវ ចំណាយត្រូវតម្រូវការ។ នេះជាការលើកឡើងរបស់អ្នកស្រី ប៉ែន បុប្ផា នាយិកាក្រុមហ៊ុឫទ្ធិពល។ ក្នុងនាមជាអ្នកបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុមួយរូបផងនោះ អ្នកស្រី ប៉ែន បុប្ផា ក៏បានគូសបញ្ជាក់ដែរថា អ្នកដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏អាចអាចគេចផុតពីបញ្ហាបំណុលដែលកើតឡើងពីការចាយខុសគោលដៅ ឬគេចផុតពីបំណុលវណ្ឌកផងដែរ។

 

ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង អ្នកស្រី ប៉ែន បុប្ផា ដូចតទៅ៖
 
 
« ចំណេះដឹងហិរញ្ញវត្ថុអាចចូលរួមលើកស្ទួយជីវភាពពលរដ្ឋខ្មែរ បច្ចុប្បន្ន»

ក្នុងមួយថ្ងៃៗ មនុស្សម្នាក់ៗ ត្រូវចំណាយលុយជាច្រើន លើការចាយវាយប្រចាំថ្ងៃ។ ការចំណាយលើការចាយប្រចាំថ្ងៃ ហាក់ជារឿងធម្មតា ប៉ុន្តែបើយើងមិនគិតគូរឱ្យល្អិតល្អន់ទេ នោះនឹងប៉ះពាល់ដល់ជីវភាពយ៉ាងខ្លាំង។ តើហេតុអ្វី យើងត្រូវចាំបាច់គិតគូរពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ? អ្នកស្រី ប៉ែន បុប្ផា នាយិកាក្រុមហ៊ុន ឫទ្ធិពល ឯ.ក ដែលមានបទពិសោធបណ្តុះបណ្តាលក្នុងផ្នែកនេះ នឹងបង្ហាញពីគុណសម្បត្តិ និងគុណវិបត្តិជាច្រើន នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការ ចាយលុយខុស។ សូមលោក អ្នកនាង ទស្សនានូវបទសម្ភាសន៍ រវាងវាគ្មិនរូបនេះ ជាមួយ កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖

Posted by Thmey Thmey on Thursday, February 17, 2022

 
​អ្នកស្រី ប៉ែន បុប្ផា នាយិកាក្រុមហ៊ុឫទ្ធិពល និងជាអ្នកបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុបានបញ្ជាក់ថា ចំណេះដឹងហិរញ្ញវត្ថុ គឺជាផ្នែកមួយនៃជីវិត ហើយអ្នកដែល​មាននូវចំណេះដឹងទាក់ទងនឹងហិរញ្ញវត្ថុ ​គេនឹងអាចចាត់ចែង ទុកដាក់លុយកាក់បានត្រឹមត្រូវ ​ចៀសផុតពីបំណុលវណ្ឌក។ អ្នកស្រី បានលើកឡើងដូច្នេះ នៅក្នុងកិច្ចសម្ភាសជាមួយកម្មវិធី«គំនិតថ្មី»នៃសារព័ត៌មានថ្មីៗ។
 
«ទាំងអស់គ្នា សុទ្ធតែត្រូវការចាយលុយ អ៊ីចឹងយើងគួរតែត្រូវចាប់ផ្តើមមានចំណេះដឹង​រឿងលុយកាក់ ចំណេះដឹងហិរញ្ញវត្ថុ កាន់តែឆាប់ កាន់តែល្អ។ នៅពេលដែលគាត់នៅតូច ឱ្យគាត់យល់ថា តើលោកពុកអ្នកម៉ែគាត់ ធ្វើម៉េចបានលុយយកមកចិញ្ចឹមគាត់? អ៊ីចឹងគាត់ត្រូវប្រើប្រាស់លុយដែលឪពុកម្តាយឱ្យហ្នឹងបែបណា? បើឱ្យទៅសាលា ត្រូវយកទៅទិញអី? យកទៅប្រើម៉េច? ហើយត្រូវសន្សំ។ អ៊ីចឹងបន្តិចម្តងៗ គាត់អាចយល់ពីរបៀបចាត់ចែងលុយកាក់»។ អ្នកស្រី ប៉ែន បុប្ផា បានបញ្ជាក់ដូច្នេះ។
 
​​នៅក្នុងកិច្ចសម្ភាសដដែល សហគ្រិនរូបនេះ  បានលើកទឹកចិត្តពលរដ្ឋខ្មែរ ចាប់ផ្តើម​រៀបចំផែនកា​រសម្រាប់ជីវិត និងគិតគូរឱ្យល្អិតល្អន់ទៅលើការចំណាយដែលជាតម្រូវការចាំបាច់ និងចំណាយលើតម្រូវការបន្ទាប់បន្សំ។ លើសពីនេះ អ្នកស្រី ក៏ជំរុញឱ្យ​អាណាព្យាបាល គួរចេះបង្រៀន និងលើកទឹកចិត្តកូនតូចៗ​ឱ្យមានទម្លាប់​សន្សំលុយផងដែរ។ ស្រ្តីវ័យ៣៩ឆ្នាំរូបនេះ បញ្ជាក់ដូច្នេះ៖ «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺពិតជារឿងដ៏សំខាន់ហើយ​មនុស្សគ្រប់គ្នា គួរ​តែបង្កើនការយកចិត្តទុកដាក់ ពិសេសយុវជនកម្ពុជា ដែលជាធនធានមនុស្សរបស់ប្រទេស និងក្លាយទៅជាឪពុកម្តាយគេទៅថ្ងៃក្រោយ។ ពួកគាត់អាចនឹងក្លាយទៅជាជនរងគ្រោះ ដោយសារលុយ ឬបំណុលទៅវិញ»៕ 
 


 

ព័ត៌មានទាក់ទង