
ដោយ៖ ស៊ុល រ៉វី
ភ្នំពេញ៖ ភ្ញៀវទេសចរដើរកម្សាន្តនៅទូទាំងប្រទេស សម្រាប់សប្ដាហ៍ទី៤ខែកុម្ភៈ មានជាង១៦ម៉ឺននាក់ ក្នុងនោះទេសចរបរទេសផ្ទៃក្នុងមានជាង៧ពាន់នាក់។
បើតាមក្រសួងទេសចរណ៍ ទិន្នន័យខាងលើនេះ មានការថយចុះប្រមាណ១៧,០៩ភាគរយ ប្រៀបធៀបនឹងសប្ដាហ៍ទី៣ក្នុងខែកុម្ភៈ។ ការធ្លាក់ចុះនៃចំនួនទេសចរនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កត់សម្គាល់ឃើញថា ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង។
យោងតាមទិន្នន័យក្រសួងទេសចរណ៍ សប្ដាហ៍ទី៤នៃខែកុម្ភៈ មានភ្ញៀវទេសចរដើរកម្សាន្តទូទាំងប្រទេស នៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ សរុប១៦៥ ០៤៦នាក់ ក្នុងនោះទេសចរបរទេសផ្ទៃក្នុងចំនួន ៧ ៦០៣នាក់។ ខេត្តគោលដៅដែលទទួលបានទេសចរច្រើនជាងគេ រួមមានខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ បាត់ដំបង រាជធានីភ្នំពេញ និងខេត្តកំពត។
យ៉ាងណាមិញ ទិន្នន័យទេសចរសប្ដាហ៍ទី៤ខែកុម្ភៈនេះ ថយចុះ១៧,០៩ភាគរយ ប្រៀបធៀបនឹងចុងសប្ដាហ៍កន្លងមក។ ការណ៍នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អះអាងលើទំព័រហ្វេប៊ុកក្រសួងថា ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង។ ម្យ៉ាងគាកនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ សន្សំប្រាក់ចំណូលទុក ដើម្បីដំណើរកម្សាន្តបន្ទាប់ពីធូរស្បើយ នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។
សូមជម្រាបផងដែរថា គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្ពុជាមានអ្នកឆ្លងសរុបមាន ១៣០ ២៧៦នាក់ សះស្បើយ ១២០ ៤៦២នាក់ និងស្លាប់ ៣ ០៣២នាក់។ ចំណែកករណីអូមីក្រុងវិញ ការឆ្លងចូលក្នុងសហគមន៍មានឡើងដល់ ៨ ៩៥៦នាក់៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

