ម៉ាកសមូហភាព«អង្ករព្រះវិហារ»ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

24/02/2022 10:00 am ភ្នំពេញ

ដោយ៖ ស៊ុល រ៉វី 

ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្តព្រះវិហារ បានចុះបញ្ជីម៉ាកសមូហភាព «អង្ករព្រះវិហារ» និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ទុកជាទ្រព្យកម្មសិទ្ធិបញ្ញារួម។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២១កុម្ភៈ ឆ្នាំ២០២២ ក្នុងបំណងបម្រើផលប្រយោជន៍សមាជិកសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ។


 
តាមរយៈទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួង បានគូសបញ្ជាក់ថា ការចុះបញ្ជីម៉ាកសមូហភាពនេះ គឺជាការធានាផ្លូវច្បាប់ ដើម្បីឱ្យមានការប្រកួតប្រជែងដោយស្មោះត្រង់នៅលើទីផ្សារ និងទប់ស្កាត់ការក្លែងបន្លំផលិតផល “អង្ករព្រះវិហារ”  បង្កើនកេរ្តិ៍ឈ្មោះ និងជំនឿទុក ចិត្តពីអ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់។
លោក អ៊ុក ប្រជា បន្ថែមទៀតថា ការចុះបញ្ជីម៉ាកសមូហភាពនេះ មានគោលបំណងចម្បងៗចំនួន៥ រួមមានផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញា ដល់សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ដែលជាម្ចាស់ម៉ាកសមូហភាព និងអភិរក្សចំណេះដឹង ចំណេះធ្វើតាមបែបប្រពៃណី របស់ប្រជាកសិករក្នុងខេត្តព្រះវិហារ តាមរយៈការរៀបចំចងក្រងបទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព “អង្ករព្រះវិហារ”។

ការចុះបញ្ជីនេះ ក៏មានគោលដៅផ្សព្វផ្សាយពីកេរ្តិ៍ឈ្មោះម៉ាកសមូហភាព “អង្ករព្រះវិហារ” ចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ដាំដុះ និងទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាលើកកម្ពស់គុណភាព និងស្តង់ដាអនាម័យ“អង្ករព្រះវិហារ” ព្រមទាំងបង្កើនច្រវ៉ាក់តម្លៃ បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាកសិករក្នុងតំបន់។
«ម៉ាកសមូហភាពអង្ករព្រះវិហារ មិនត្រឹមតែជាអត្តសញ្ញាណផលិតផល របស់សហភាពសហគមន៍ក្នុងខេត្តព្រះវិហារតែមួយប៉ុណ្ណោះទេ ប៉ុន្តែម៉ាកសមូហភាពនេះ នឹងក្លាយជាផ្នែកមួយ នៃការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះ និងវប្បធម៌ប្រពៃណី របស់ប្រជាជនកម្ពុជាក្នុងឆាកអន្តរជាតិ»។ លោក អ៊ុក ប្រជា លើកឡើងយ៉ាងដូច្នេះ។

សូមជម្រាបថា នាឱកាសសម្ពោធម៉ាកសមូហភាពអង្ករព្រះវិហារនេះ ក៏មានការដាក់តាំងបង្ហាញ និងលក់ផលិតផលម៉ាកសមូហភាព សម្គាល់ភូមិសាស្ត្រមួយចំនួនទៀតដែរ ដូចជា ម្រេចកំពត, ស្ករត្នោតកំពង់ស្ពឺ, ក្រូចថ្លុងកោះទ្រង់ និងទឹកឃ្មុំព្រៃមណ្ឌលគិរី និងផលិតផលកសិកម្មដទៃទៀត។

សូមបញ្ជាក់ថា ក្រៅពី«អង្ករព្រះវិហារ» កន្លងមកក្រសួងពាណិជ្ជកម្ម ក៏បានចុះផលិតផល«គុយទាវភ្នំពេញ» និង«អំបុកកំពង់ធំ» ក្នុងបញ្ជីម៉ាកសមូហភាពដែរ។ ក្រសួង មានគម្រោងចុះផលិតផលមួយចំនួនទៀត ក្នុងបញ្ជីសមូហភាពនៅពេលខាងមុខដែរ រួមមាន «ដូងខ្ទិះបាត់ដំបង» «ក្រូចពោធិ៍សាត់» «នំបញ្ចុកសៀមរាប» និង«ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល»។
 
ក្រៅពីផលិតផលម៉ាកសមូហភាព  កន្លងមកក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញសក្តានុពលមួយចំនួន ដូចជាម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ និងទឹកឃ្មុំព្រៃមណ្ឌលគិរី ហើយនៅមានផលិតផលមួយចំនួនទៀត ដែលក្រសួងគ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដែរ គឺ«អំបិល និងផ្កាអំបិលកំពត» «ទឹកត្រីកំពត» និង«បង្កងតាកែវ»៕
 

 

ព័ត៌មានទាក់ទង