អ្នកស្រី សៅបូរី៖ អត្តចរិតល្អ និងឆន្ទៈខ្ពស់ ជាស្ពានដំបូងគេក្នុងការបំពេញការងារឱ្យបានជោគជ័យ

08/03/2022 11:00 am ភ្នំពេញ


ដោយ៖ សុង សុធាវី

ភ្នំពេញ៖  ការងារបច្ចុប្បន្នមានការប្រកួតប្រជែងគ្នាខ្លាំងទៅលើសមត្ថភាព បទពិសោធ និងចំណេះជំនាញផ្សេងៗ ដែលស្របទៅតាមតម្រូវការទីផ្សាររបស់បណ្តាក្រុមហ៊ុនជាច្រើននៅកម្ពុជា។ អ្នកស្រី ប៉េងទី សៅបូរីណា នាយិកាក្រុមហ៊ុន ភ្នំលីស ឯ.ក ដែលមានបទពិសោធជាង៥ឆ្នាំ ទៅលើផ្នែកផ្គត់ផ្គង់ធនធានមនុស្ស លើកឡើងថា សម្រាប់អ្នកធ្វើការ ចំណុចសំខាន់ដំបូងគេបង្អស់គឺ ការរៀបចំអត្តចរិតឱ្យបានល្អ បន្ទាប់មកគឺសមត្ថភាព ចំណេះជំនាញ និងបទពិសោធ ដែលសមស្របតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ននេះ។ ជាពិសេសនោះ បុគ្គលិកនោះ ត្រូវមានឆន្ទៈខ្ពស់ចំពោះការងារខ្លួន ពោលគឺហ៊ានលះបង់ ដឹងគុណស្ថាប័ន និងរៀបចំខ្លួនឱ្យត្រូវនឹងតំណែងណាមួយ។



ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី 
អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង អ្នកស្រី  ប៉េងទី សៅបូរីណា ដូចតទៅ៖
 
 
«ការត្រៀមខ្លួនរបស់និស្សិត សម្រាប់ឱកាសការងារនៅតាមបណ្តាក្រុមហ៊ុន» =========

ទីផ្សារការងារ បច្ចុប្បន្នកំពុងប្រកួតប្រជែងលើផ្នែកសមត្ថភាព ឬ ចំណេះជំនាញ បទពិសោធ និងអត្តចរិត។ នាយិកាក្រុមហ៊ុនភ្នំលីស ឯ.ក អ្នកស្រី ប៉េងទី សៅបូរីណា មានបទពិសោធជាង៥ឆ្នាំ ទៅលើផ្នែកផ្គត់ផ្គង់ធនធានមនុស្សនៅកម្ពុជា បានបង្ហាញជំនាញពីរ ដែលមានសក្តានុពលលើទីផ្សារការងារ និងទទួលបានប្រាក់ខែខ្ពស់ ពិសេសចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិបានទៀតផង។ ជំនាញទាំងពីរនោះគឺ ផ្នែកបច្ចេកទេស និងផ្នែកអភិវឌ្ឍអាជីវកម្ម។ តើក្រៅពីនោះ និស្សិតកម្ពុជាគួរត្រៀមខ្លួនបែបណាទៀត? កម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ បានអញ្ជើញ អ្នកស្រី ប៉េងទី សៅបូរីណា ចូលរួមជាវាគ្មិន ដើម្បីពិភាក្សាលើប្រធានបទខាងលើនេះ។ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងវាគ្មិន អ្នកស្រី ប៉េងទី សៅបូរីណា ជាមួយ កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព៍ត៌មានថ្មីៗ ដូចតទៅ៖

Posted by Thmey Thmey on Monday, February 7, 2022

  
អ្នកស្រី ប៉េងទី សៅបូរីណា បានអភិវឌ្ឍខ្លួនពីបុគ្គលិកផ្នែកលក់ រហូតក្លាយជានាយិកាប្រតិបត្តិក្រុមហ៊ុនចំនួនបី ដែលភាគច្រើនគឺផ្តោតសំខាន់ទៅលើផ្នែកបំរើសេវាកម្មជូនអតិថិជន។ 
ក្នុងបទសម្ភាសជាមួយកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ អតីតនិស្សិតជំនាញ អភិវឌ្ឍអាជីវកម្មមកពីប្រទេសកូរ៉េខាងត្បូងរូបនេះ បានឱ្យដឹងថា បុគ្គលិកភាគច្រើន តែងតែចង់បានប្រាក់ខែខ្ពស់ តំណែង  និងទាមទារអត្ថប្រយោជន៍ជាច្រើនពីក្រុមហ៊ុន ប៉ុន្តែពួកគេភ្លេចគិតពីលទ្ធភាពការងាររបស់ខ្លួន ជាពិសេសគឺការចុះសម្រុងជាមួយក្រុមការងារ។  

អ្នកស្រី ប៉េងទី សៅបូរីណា  បានអះអាងដូច្នេះ «សម្រាប់អ្នកធ្វើការហើយចង់បានប្រាក់ខែខ្ពស់ និងឱកាសអភិវឌ្ឍខ្លួនបានលឿន ចំណុចសំខាន់ដំបូងបង្អស់គឺ ត្រូវចេះរៀបចំអត្តចរិត កុំធ្វើការដោយប្រើអារម្មណ៍ខ្លាំងពេក ឬក៏ឆាប់ផ្លាស់ប្តូរការងារដោយសារប្រាក់ខែខុសគ្នាតិចតួច។ បន្ថែមពីលើនេះគឺត្រូវធ្វើការប្រកបដោយទំនួលខុសត្រូវ និងស្របតាមតម្រូវការរបស់ស្ថាប័នខ្លួនដែលពួកគាត់ចង់បានផងដែរ»។

សហគ្រិនវ័យ ២៨ឆ្នាំរូបនេះបន្ថែមថា តាមរយៈការផ្គត់ផ្គង់ធនធានមនុស្សនៅកម្ពុជា ក្រុមហ៊ុន ហ៊ានផ្តល់ជូន ប្រាក់ខែខ្ពស់ដល់បុគ្គលិក ដែលមានសមត្ថភាពខ្លាំង ពិសេសមានចរិតល្អ និងអាចដើរទៅមុខជាមួយក្រុមហ៊ុនបានវែងឆ្ងាយ។ ក្រៅពីនេះ គឺឱកាសទទួលបានការឡើងតំណែងក្នុងស្ថាប័ននីមួយៗ គឺពួកគាត់ត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ ហ៊ានលះបង់ ដើម្បីប្រយោជន៍ការងាររួម និងយល់ពីដំណើរការងារគ្រប់ផ្នែករបស់សហការីទាំងអស់។

សហគ្រិនរូបនេះ បញ្ជាក់ដូច្នេះ៖ « ទម្រាំតែទទួលបានតំណែងមួយដែលល្អ បានប្រាក់ខែខ្ពស់ មនុស្សម្នាក់ៗខិតខំប្រឹងប្រែង តស៊ូណាស់ មិនឆាប់បោះបង់ងាយៗឡើយ ហើយកុំខ្លាចធ្វើការងារថែមថ្ងៃសៅរ៍ អាទិត្យ ឬ ថ្ងៃបុណ្យយូរៗម្តង»។


ក្រៅពីនេះ អ្នកស្រី សៅបូរីណា បានលើកទឹកចិត្តដល់បុគ្គលិកក្នុងផ្នែកឯកជនដែលកំពុងធ្វើការខុសពីជំនាញសិក្សារបស់ខ្លួនផងដែរឱ្យចេះប្រើប្រាស់ឱកាសមានក្នុងដៃប្រកបដោយគុណភាព ដោយត្រូវរៀនសម្របខ្លួនក្នុងបរិយាកាសការងារថ្មី ដែលខ្លួនបានជ្រើសរើស និងបើកចិត្តរៀនសូត្រពីរៀមច្បង ក៏ដូចជាមុជឱ្យជ្រៅក្នុងបទពិសោធការងាររបស់ខ្លួនផងដែរ។  ជាពិសេស អ្នកធ្វើការ មិនគួរផ្លាស់ប្តូរការងារញឹកញាប់ពេកទេ ព្រោះវាបង្ហាញពីភាពក្មេងខ្ចី ខ្វះនូវទំនួលខុសត្រូវចំពោះការងារខ្លួន និងអាចធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃរបស់ពួកគាត់តែម្តង៕

  
 
 
 
 

ព័ត៌មានទាក់ទង