ខេត្តមួយចំនួន នឹងចុះត្រជាក់ដល់ ១៧អង្សា ខណៈខេត្តផ្សេងទៀត នឹងមានភ្លៀងបង្គួរ

22/02/2022 10:00 am ភ្នំពេញ

ដោយ៖ ប៉ូ សុភា 

ភ្នំពេញ៖ ខេត្តជាប់ជួរភ្នំដងរែក និងឦសាន នឹងចុះត្រជាក់ខ្លាំងរហូតដល់១៧អង្សារយៈពេល១សប្ដាហ៍។ ជាមួយគ្នានេះ ខេត្តផ្សេងៗ នឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅធម្យម។



ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា កម្ពុជានឹងទទួលរងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីជើងប្រទេសចិន ក្នុងកម្រិតខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះ អាចធ្វើឱ្យបណ្ដាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា អាចនឹងចុះត្រជាក់ចន្លោះពី១៧ទៅ១៩ អង្សា និងតំបន់ខ្លះអាចមានភ្លៀងដោយអន្លើ។  

បណ្ដាខេត្តមួយចំនួនដូចជា បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប នឹងចុះត្រជាក់ ក្នុងកម្រិតពី ១៨ ទៅ២០អង្សា។ ជាមួយគ្នានេះ ភ្លៀងនៅក្នុងអំឡុងមួយសប្ដាហ៍ខាងមុខ អាចមានកម្រិតតិចតួចប៉ុណ្ណោះ។ 

ចំពោះ បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងឦសាន ដូចជា បន្ទាយមានជ័យ ព្រះវិហារ រតនគិរី និងមណ្ឌលគិរី នៅថ្ងៃទី២៣-២៤ ខែកុម្ភៈ នឹងចុះត្រជាក់ ក្នុងកម្រិតពី១៧-១៩អង្សា។ ខេត្តទាំងនេះ អាចមានខ្យល់ក្នុងល្បឿនពី១០-១៥ម៉ែត្រ ក្នុងមួយនាទី។ រីឯស្ថានភាពភ្លៀងក្នុងរយៈពេលមួយសប្ដាហ៍នេះ អាចមានកម្រិតតិចតួច។ តំបន់ជាប់មាត់សមុទ្រ អាចនឹងមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើ៕

 

ព័ត៌មានទាក់ទង