សហគ្រាសមួយ បានផលិតបំពង់បឺតធ្វើពីអង្ករ ជំនួសបំពង់បឺតប្លាស្ទិក រហូតមានទីផ្សារក្រៅប្រទេស

26/09/2022 10:00 am ភ្នំពេញ

ដោយ៖ ឈុំ ចន្ថា 

ភ្នំពេញ៖ TK&D Manufacturing គឺជាសហគ្រាសដំបូងគេរបស់កម្ពុជា ដែលបានផលិតបំពង់បឺតចេញពីម្សៅអង្ករ ជំនួសការប្រើប្រាស់បំពង់បឺតប្លាស្ទិក។ លក្ខណៈពិសេសនៃបំពង់បឺតនេះ គឺអាចរក្សាទុកក្នុងទឹកត្រជាក់បាន ១ម៉ោង ហើយអាចពិសាបាន ដោយមិនប៉ះពាល់ដល់សុខភាព និងបរិស្ថាន។



លោក ហ៊ួត រិទ្ធី ក្រុមប្រឹក្សាភិបាលសហគ្រាស TK&D Manufacturing បានប្រាប់សារព័ត៌មានថ្មីៗ២៥កាលពីថ្ងៃទី១៨កុម្ភៈថា ប៉ុន្មានឆ្នាំចុងក្រោយនេះ បំពង់បឺតដែលផលិតពីអង្ករ ឬផលធម្មជាតិជាច្រើន ត្រូវបានចរាចរលក់នៅលើទីផ្សារកម្ពុជារួចហើយ តែភាគច្រើនជាការនាំចូល។ ដូច្នេះ ទើបលោកសម្រេចផលិតបំពង់បឺតនេះដោយខ្លួនឯង ដើម្បីជំនួសការប្រើប្រាស់បំពង់បឺតប្លាស្ទិក ដែលកំពុងបំផ្លាញបរិស្ថាន និងបង្កើតការងារដល់ពលរដ្ឋ។ 

លោក បន្តថា បំពង់បឺតរបស់លោក ត្រូវបានផលិតចេញពីម្សៅអង្ករ១០០ភាគរយ ខុសពីផលិតផលបំពង់បឺតប្រទេសជិតខាង ដែលបានដាក់បញ្ចូលសាធាតុគីមីដើម្បីឲ្យរឹង ឬទុកបានយូរជាដើម។ 

លោក រិទ្ធី បញ្ជាក់ដូច្នេះថា៖«បំពង់បឺតនេះ គឺយើងផលិតជាពីម្សៅអង្ក១០០ភាគរយ ដោយមិនបានលាយសារធាតុប្លាស្ទិកនោះទេ ទោះបី យើងបោះចោលទៅក្នុងធម្មជាតិក៏អត់ប៉ះពាល់ដល់បរិស្ថានដែរ។ ទាក់ទងនឹងការប្រើប្រាស់បំពង់បឺតនេះវិញ ប្រសិនបើ យើងប្រើជាមួយការញាំកាហ្វេ ឬទឹកត្រជាក់ អាចរក្សាទុកបានដល់១ម៉ោង ទើបវាទុន តែយើងនៅតែអាចបឺត ឬផឹកបានធម្មតា។ មួយវិញទៀត ពេលដែលវាទន់ យើងអាចញាំក៏បានដែរ»។ 

លោក ហ៊ួត រិទ្ធី រៀបរាបថា ការផលិតបំពង់បឺតនេះ មានច្រើនដំណាក់កាល ដោយជំហ៊ានដំបូងត្រូវយកម្សៅអង្ករសុទ្ធ ទៅលាយជាមួយម្សៅផ្លែឈើ ដូចជាចេក ស្វាយ ឬស្លឹកតយជាដើម។ បន្ទាប់មក ដាក់ចូលក្នុងម៉ាស៊ីន ដើម្បីវាយបញ្ចូលគ្នា រួចយកបំពង់គំរូរុញច្រានម្សៅទាំងនោះឲ្យចេញជាបំពង់បឺតតែម្ដង។ ដំណាក់កាលចុងក្រោយ យកបំពង់បឺតដែលសម្រេចទាំងនោះ ទៅដាក់ក្នុងទូកកម្ដៅ ដើម្បីឲ្យបានរឹង និងបន្ថែមកាំរស្មី UV សម្លាប់មេរោគ និងចុងក្រោយគឺការវេចខ្ចប់។

សហគ្រាស TK&D Manufacturing បានបើកដំណើរការកាលពីខែកញ្ញា ឆ្នាំ២០២១ ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលបានផ្ដល់ការងារឲ្យដល់ពលរដ្ឋ១៥០នាក់។ សព្វថ្ងៃ សហគ្រាសនេះអាចផលិត បំពង់បឺតពីអង្ករបាន១លានដើមក្នុងមួយថ្ងៃ ដោយលក់ចេញក្នុងមួយកញ្ចប់មាន៥០ដើម តម្លៃ២.៥ដុល្លារ។ 

បើតាមលោក ហ៊ួត រិទ្ធី រហូតមកដល់ពេលនេះ បំពង់បឺតរបស់លោក ទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកស្រឡាញ់បរិស្ថាន ពិសេសការបញ្ជាទិញបីហាងការហ្វេ សណ្ឋាគារ ឬភោជនីយដ្ឋានផ្សេងៗ។ 

លោកប្រាប់ដូច្នេះថា ៖«បច្ចុប្បន្ន ខ្ញុំគិតថាមានការគាំទ្រច្រើន។ អ្នកបោះដុំមួយចំនួនដែលគាត់ធ្លាប់នាំពីក្រៅប្រទេស ងាក់មកទាក់ទងយើងវិញ និងយកផលិតរបស់យើងទៅចែកចាយបន្តដែរ។ ហើយហាងមួយចំនួន ក៏គាត់មកទាក់ទងទិញពីយើងផ្ទាល់ៗដែរ។ ជាក់ស្ដែងនៅដើមខែនេះ យើងលក់បានជិត៥ម៉ឺនដើម»។

ទោះជាយ៉ាង ក្រុមប្រឹក្សាភិបាលសហគ្រាស TK&D Manufacturing រូបនេះ កំពុងស្វះស្វែងរកទីផ្សារបន្ថែមនៅក្រៅប្រទេស។ ថ្មីៗនេះ លោក បានផ្ញើគំរូទៅកាន់អូស្រ្តាលី និងអាមេរិក។ លោក ឲ្យដឹងថា ភាគីអូស្រ្តាលី បានគាំទ្រ និងឯកភាពទទួលទិញរួចហើយ តែគេតម្រូវយសហគ្រាសរបស់លោកចុះបញ្ជីរ ISO ឲ្យបានត្រឹមត្រូវជាមុនសិន ដើម្បីធានាគុណភាព សុវត្ថិភាព និងអនាម័យ។

លោក បន្ថែមថា ទោះបីពលរដ្ឋយល់ដឹងច្រើនពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន ប៉ុន្តែបំពង់បឺតអង្កររបស់លោកនៅតែពិបាកប្រកួតប្រជែងជាមួយបំពងបឺតប្លាស្ទិក ដោយតម្លៃអគ្គិសនីខ្ពស់ និងតម្លៃខ្ពស់ជាង។ លោកស្នើឲ្យអាជីវកម្មពាក់ព័ន្ធងាក់មកប្រើប្រាស់បំពង់បឺតអង្ករនេះវិញ ដើម្បីចូលរួមជួយបរិស្ថាន និងសេដ្ឋសង្គម។ 

ទន្ទឹមគ្នានេះ វិបត្តិកូវីដ១៩ ក៏បានធ្វើឲ្យសហគ្រាសរបស់លោក រងផលប៉ះពាល់ខ្លាំងដែរ ដោយសារការផលិតកើនឡើង តែតម្រូវការបញ្ជារទិញពីហាងការហ្វេ សណ្ឋាគារ ឬភោជនីយដ្ឋានធ្លាក់ចុះ។ 

លោក ប្រាប់ដូច្នេះថា៖«ក្នុងវិបត្តិកូវីដ១៩នេះ តម្រូវការបំពង់បឺតធ្លាក់ចុះ។ ព្រោះ បើហាងការហ្វេ ឬភោជនីដ្ឋានផ្សេងៗគាត់លក់ដាច់ គាត់ប្រាកដជាត្រូវការបំពង់បឺតច្រើន តែបើគាត់លក់អត់ដាច់យើងក៏ពិបាកដែរ។ អ៊ីចឹង ផលប៉ះពាល់របស់យើង ជាលក្ខណៈប្រព័ន្ធ ដោយសារអតិថិជនរបស់យើងភាគច្រើនអ្នកផ្គត់ផ្គង់ខាងម្ហូបអាហារ និងទេសចរណ៍»៕ 



  





 

ព័ត៌មានទាក់ទង