CDC អនុម័តឱ្យក្រុមហ៊ុន៨ទៀត បង្កើតរោងចក្រនៅកម្ពុជា ដែលបង្កើតការងារជិត៨ពាន់កន្លែង

20/02/2022 1:00 pm ភ្នំពេញ

ដោយ៖ អ៊ូ សុខមាន

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន៨ទៀត ដែលមានទុនវិនិយោគប្រមាណ៧០លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ឱ្យបង្កើតផ្សារទំនើប និងបង្កើតរោងចក្រនៅកម្ពុជា។ បើតាមCDC ក្រុមហ៊ុនទាំងនេះ អាចបង្កើតការងារដល់ពលរដ្ឋបានរហូតជិត៨ពាន់កន្លែង។


 
CDC បានអនុម័តឱ្យក្រុមហ៊ុនចំនួន៨ទៀត បង្កើតរោងចក្រនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កំពង់ស្ពឺ តាកែវ។ CDC បានបញ្ជាក់ថា ក្រុមហ៊ុនទាំងនេះ គឺមានទុនវិនិយោគសរុប ៧៤,៥លានដុល្លារ។
 
ក្រុមហ៊ុនដែលត្រូវបានCDCអនុញ្ញាតនោះ មានក្រុមហ៊ុន MEKO INTELLIGENT (CAMBODIA) CO., LTD គ្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់អេឡិចត្រូនិកគ្រប់ប្រភេទ នៅខេត្តតាកែវ។ ក្រុមហ៊ុននេះអាចបង្កើតការងារបានជិត២ពាន់កន្លែង ។ 
 
ចំណែកក្រុមហ៊ុន CAMBODIAN PAW SHIELD CO., LTD ក៏អាចបង្កើតការងារ បានជិត៥០០កន្លែងផងដែរ។ បើតាមCDC ក្រុមហ៊ុននេះ គ្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់សត្វចិញ្ចឹម នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
 
សម្រាប់ក្រុមហ៊ុន  K (CAMBODIA) CO., LTD គឺនឹងបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) និងក្រុមហ៊ុនX.Y.H. (CAMBODIA) GARMENT CO., LTD គ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅក្នុងស្រុកសំរោងទង។ រីឯក្រុមហ៊ុន XIN JIALE INTERNATIONAL (CAMBODIA) CO., LTDនឹងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ នៅស្រុកគងពិសី។ ក្រុមហ៊ុនទាំងបី គឺអាចបង្កើតការងារនៅក្នុងខេត្តកំពង់ស្ពឺ បានជាង៤ពាន់កន្លែង ផងដែរ។
 
ចំពោះក្រុមហ៊ុន៣ទៀត ត្រូវបានCDCឱ្យបង្កើតរោងចក្រ និងទីតាំងវិនិយោគនៅរាជធានីភ្នំពេញ ដែលផ្តល់ការងារដល់ពលរដ្ឋបានជាង១ ៣០០កន្លែង។ ក្រុមហ៊ុនទាំងនោះ មានក្រុមហ៊ុន B.E.C.I.S (CAMBODIA) CO., LTD គ្រោងបង្កើតរោងចក្រផលិតចំហាយទឹក និងខ្យល់ក្តៅផ្គត់ផ្គង់ឱ្យរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ, ក្រុមហ៊ុន XING KAI SEN GARMENT CO., LTD: គ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល និងក្រុមហ៊ុន KHALANDALE CO., LTD គ្រោងសាងសង់ផ្សារទំនើបនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ៕ 

 

ព័ត៌មានទាក់ទង