ADF គាំទ្រសហគមន៍ភ្នំគូលែនអភិរក្សសិប្បកម្មតម្បាញកន្ទេល

02/03/2022 5:00 pm សៀមរាប

ដោយ៖ អ៊ីសា រ៉ហានី

សៀមរាប៖ សម្ភារប្រើប្រាស់របស់សហគមន៍ភ្នំគូលែនច្រើនប្រភេទ ត្រូវបាននាំមកតាំងបង្ហាញក្នុងពិព័រណ៍មួយនៅខេត្តសៀមរាប កាលពីចុងសប្ដាហ៍កន្លងទៅ។ អង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ ហៅកាត់ថា ADF បង្កើតគម្រោងលើកម្ពស់កម្រិតជីវភាពសហគមន៍ ដោយជំរុញ និងគាំទ្រសហគមន៍ភ្នំគូលែន បង្កើតសម្ភារប្រើប្រាស់បុរាណមួយចំនួន ក្នុងន័យដើម្បីអភិរក្សរបរនេះតទៅថ្ងៃក្រោយ។

អ្នកគ្រប់គ្រងមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍អន្លង់ធំ និងជាអ្នកសម្របសម្រួលគម្រោងកសិកម្មនៃអង្គការ ADF កញ្ញា  ឈន់ ភិរម្យ ប្រាប់ថា សម្ភារដូចជា កន្ទេល កាំបិតផ្គាក់ កាំបិតបន្ទោះ កញ្ជើ ចង្អេរ និងគ្រុះ (ប្រដាប់ដងទឹកត្បាញពីឫស្សីលាយជ័រទឹក) របស់សហគមន៍ភ្នំគូលែន ត្រូវបានយកមកតាំងបង្ហាញ និងលក់ ក្នុងពិព័រណ៍មួយនៅមុខប្រាសាទអង្គរវត្ត កាលពីថ្ងទី១២-១៣ កុម្ភៈកន្លងទៅ។ 

កញ្ញាបន្តថា ADF បានបង្កើតគម្រោងលើកកម្ពស់ជីវភាពសហគមន៍នេះឡើង ដើម្បីលើកកម្ពស់ជីវភាពសហគមន៍តាមរយៈសម្ភារដែលសហគមន៍ផលិតបាន និងចូលរួមអភិរក្សវប្បធម៌ប្រពៃណីសិប្បកម្មធ្វើដោយដៃរបស់អ្នកភូមិគូលែន។ សម្រាប់កញ្ញា ឈន់ ភិរម្យ ការងារនេះពិតជាសំខាន់ណាស់ ដើម្បីថែរក្សាមរតកពីដូនតាកុំឱ្យបាត់បង់ និងរួមចំណែកបង្កើនចំណូលបន្ថែមដល់សហគមន៍ ក៏ដូចជាទប់ស្កាត់ការទន្រ្ទានព្រៃឈើខុសច្បាប់។

សម្ភារប្រើប្រាស់ដែលអង្គការ ADF ជំរុញឱ្យសហគមន៍អភិរក្សមានច្រើន តែការត្បាញកន្ទេលរំចេកមានសន្ទុះច្រើន ដោយសារតែអ្នកភូមិភាគច្រើននិយមត្បាញ និងមានភាពងាយស្រួលជាងសម្ភារដទៃ។ អ្នកកាន់គម្រោង អង្គការ ADF ពន្យល់ថា ស្រ្ដីក្នុងភូមិសង្កែឡាក់ ជិត១០គ្រួសារកំពុងចូលរួមក្នុងគម្រោងនេះ ដោយមានចាស់ទុំម្នាក់ដែលមានស្នាដៃល្អលើតម្បាញនេះ កំពុងបណ្ដុះបណ្ដាលជំនាញបន្ថែម។ កន្ទេលមួយត្រូវការពេលត្បាញចន្លោះពី១០ ទៅ១៥ថ្ងៃ​ ហើយសិប្បកម្មនេះ ធ្វើបានតែនៅរដូវភ្លៀងប៉ុណ្ណោះ ដ្បិតថារដូវនេះងាយស្រួលបត់ និងត្បាញ ខណៈរដូវក្ដៅ រំចេកស្រួល ត្បាញមិនសូវល្អទេ។​ កន្ទេលខ្នាតធំមួយ អាចលក់បានពី២០ទៅ៣០ដុល្លារ។ 

«គម្រោងនេះ ជារបរបន្ទាប់បន្សំទេ និងលើកទឹកចិត្តអ្នកភូមិ ក្រៅពីចម្ការគាត់អាចធ្វើ អាចនាំជាចំណូលដល់គ្រួសារគាត់ ហើយចំណូលបន្ថែមនេះ ក៏អាចទប់ស្កាត់ការទន្រ្ទានព្រៃឈើដែរ ប្រសិនគាត់ទំនេរ គាត់កាប់នេះកាប់នោះ យើងរំពឹងថាពួកគាត់ងាកមកធ្វើសិប្បកម្មច្រើន»។ នេះជាការលើកឡើងរបស់កញ្ញា ឈន់ ភិរម្យ។

បញ្ហាទីផ្សារ ជាការងារមួយដែលអង្គការ ADF  កំពុងពុះពារ និងដោះស្រាយ ដើម្បីធ្វើយ៉ាងណាឱ្យសាធារណជនកាន់តែច្រើនបានស្គាល់ និងគាំទ្រស្នាដៃតម្បាញរបស់សហគមន៍។ ដោយសារពុំទាន់មានធនធានគ្រប់គ្រាន់ កញ្ញា ឈន់ ភិរម្យ បានយកសម្ភារទាំងនោះ មកតាំងលក់នៅផ្ទះរបស់ខ្លួននៅក្នុងក្រុងសៀមរាប និងបង្កើតផេកបណ្ដាញសង្គម ជួយផ្សព្វផ្សាយ និងលក់ផលិតផលទាំងនោះ។ ដោយសារតម្លៃនៃកន្ទេលរៀងខ្ពស់បន្ដិច ធៀបនឹងសេដ្ឋកិច្ចបច្ចុប្បន្ន អ្នកកាន់គម្រោងនេះ បានលើកទឹកចិត្តសហគមន៍ផលិតសម្ភារប្រើប្រាស់ខ្នាតតូចៗ ដូចជាទ្រនាប់កែវ ចាន ជាដើម ដែលអាចដាក់លក់ក្នុងតម្លៃទាបៗ ក៏ដូចជាបង្កើតផលិតផលថ្មីៗបំពេញតម្រូវការអតិថិជន៕

ព័ត៌មានទាក់ទង