លោក វង្សី វិស្សុត ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនក្នុងរង្វង់៧ភាគរយវិញ នៅឆ្នាំ២០២៤

19/02/2022 9:00 am ភ្នំពេញ

ដោយ៖ អ៊ូ​ សុខមាន

ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងមានកំណើនចំនួន៥,៦ភាគរយ នៅក្នុងឆ្នាំ២០២២ និង៦,៦ភាគរយក្នុងឆ្នាំ២០២៣។ នេះជាការលើកឡើងរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបន្ថែមថា កំណើននេះ នឹងកើនដល់រង្វង់៧ភាគរយវិញ នៅឆ្នាំ២០២៤។



លោក វង្សី វិស្សុត ដែលជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច បានថ្លែងក្នុងវេទិកាសាធារណៈស្តីពី«ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិ» នាព្រឹកថ្ងៃទី១៨កុម្ភៈ ថា ការព្យាករជាវិជ្ជមាននៃកំណើនសេដ្ឋកិច្ចជាតិនេះ គឺកើតចេញពីលទ្ធផល ដែលកម្ពុជាសម្រេចបានខ្ពស់នូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់ពលរដ្ឋ និងការសម្របខ្លួនរស់នៅជាមួយកូវីដ-១៩ រួមទាំងការបើកប្រទេសឡើងវិញ។ 
 
បើតាមលោក រង្សី វិស្សុត ការនាំចេញផលិតផលកសិកម្ម និងទទួលបានលំហូរទុនវិនិយោគផ្ទាល់ពីបរទេស(FDI) ក៏ជាសក្កានុពលខ្ពស់សម្រាប់កម្ពុជា ដើម្បីសម្រេចបាននូវកំណើនក្នុងរង្វង់៧ភាគរយវិញ  ខណៈរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវគោលនយោបាយស្តារសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣។
 
ដើម្បីស្តារសេដ្ឋកិច្ចកម្ពុជាក្នុងពេលចំពោះមុខ និងរយៈពេលមធ្យមឱ្យត្រឡប់ទៅរកកំណើនសក្តានុពល និងពង្រឹងភាពធន់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្រសួងសេដ្ឋកិច្ច បានដាក់ចេញនូវអភិក្រមចំនួន៣។ ក្នុងនោះ អភិក្រមទីមួយ៖ គឺការស្តារឡើងវិញនូវវិស័យជំរុញកំណើនសេដ្ឋកិច្ចសំខាន់ៗ ឱ្យវិលមករក្សាកំណើនឡើងវិញ ដើម្បីជំរុញបន្ថែមដល់វិស័យដែលមានសក្តានុពល។ អភិក្រមទីពីរ៖  ក្រសួងសេដ្ឋកិច្ចធ្វើការកែទម្រង់នូវរចនាសម្ព័ន្ធ ដើម្បីបង្កបរិយាកាសល្អដល់ការវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្មសម្រាប់ការវិនិយោគ និងធុរកិច្ច ក៏ដូចជាទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងមានស្រាប់។ ដោយឡែកអភិក្របទីបី៖ គឺការកសាងភាពធន់ តាមរយៈការពង្រឹងការត្រៀមខ្លួន និងការឆ្លើយតប ដើម្បីធានាបាននូវចីវភាព និងបរិយាប័ន្ននៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក៏ដូចជា ទប់ទល់នឹងជំងឺកាចសាហាវនាពេលអនាគត។
 
ជាមួយគ្នានេះ លោក រង្សី វិស្សុត បានបន្ថែមថា ស្របពេលស្តារសេដ្ឋកិច្ចឡើងវិញនេះ កម្ពុជាអាចនឹងប្រឈមហានិភ័យនិងភាពមិនប្រាកដប្រជាមួយចំនួន ប្រសិនបើវិបត្តិជំងឺកូវីដ-១៩នៅបន្តអូសបន្លាយ។ ក្រៅពីនេះ ការរអាក់រអួលនៃច្រវាក់ផ្គត់ផ្គង់សកលនិងសម្ពាធអតិផរណា,  ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ, ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់បណ្តាប្រទេសអភិវឌ្ឍន៍ និងភាពមិនច្បាស់លាស់នៃប្រព័ន្ធអនុគ្រោះពន្ធ ក៏ជាសម្ពាធធំសម្រាប់សា្តរសេដ្ឋកិច្ចឡើងវិញ ផងដែរ។ នេះបើតាមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច៕ 

 

ព័ត៌មានទាក់ទង