លោក សិរី មុនី យកឈើម៉ៃសាក់ធ្វើជ្រញ់ និងគ្រោងនាំចេញទៅប្រទេសអាស៊ាន

15/02/2022 12:00 pm ភ្នំពេញ

ដោយ៖ ជឿន ស្រីណយ

លោក សិរី មុនី បង្កើតអាជីវកម្មធ្វើជ្រញ់ និងសម្ភារៈផ្ទះបាយ ពីដើមម៉ៃសាក់ កាលពីអំឡុងខែមិថុនាឆ្នាំ២០២១។ ក្រោយចរាចរក្នុងទីផ្សារស្រុកខ្មែរប្រមាណ៨ខែ លោក សិរី មុនី មានសុទិដ្ឋិនិយមថា ផលិផលរបស់លោកនឹងអាចប្រជែងជាមួយទីផ្សារក្នុងតំបន់អាស៊ាន និងបណ្ដាប្រទេសផ្សេងទៀត។



ដើមម៉ៃសាក់ ដែលលោក សិរី មុនី យកមកផលិតធ្វើជាជ្រញ់ និងសម្ភារៈផ្ទះបាយនេះ គឺលូតលាស់ឡើងក្នុងចម្ការ នាខេត្តរតនគិរីលើផ្ទៃដីប្រមាណ១០០ហិកតា ដែលមានអាយុកាលប្រមាណ២០ឆ្នាំ ។ ជ្រញ់មួយ មានតម្លៃពី ១០ដុល្លាឡើងទៅ ។ បើស្ដាប់ទៅវាហាក់ដូចជាថ្លៃបន្តិច ប៉ុន្តែជ្រញ់ទាំងនោះ ទទួលបានការគាំទ្រជាច្រើនពី ភោជនីយដ្ឋានធំៗ។ 

លោក សិរី មុនី ម្ចាស់អាជីវកម្ម MC ជ្រញ់ប្រណីត ប្រាប់សារព័ត៌មានThmeyThmey25ថា ជ្រញ់ និងសម្ភារៈផ្ទះនេះ ភាគច្រើនលក់ទៅឱ្យភោជនីយដ្ឋានធំៗ និងពលរដ្ឋរស់នៅក្នុងបុរីជាដើម។ « យើងទទួលបានគាំទ្រពីប្រជាជនយើង និងជនបរទេសដែលនិយមប្រើជ្រញ់បែបទំនើប សម្រាប់យកទៅធ្វើស្តេក ស៊ូស៊ី ព្រោះដើមម៉ៃសាក់មិនមែនជ័រ វាមិនប៉ះពាល់បរិស្ថាន។ ប្រជាជនគាំទ្រ ជ្រញ់ប្រណីត ដោយសារយើងធ្វើពីឈើម៉ៃសាក់ ដែលយើងដាំផ្ទាល់ដៃ ហើយឈើម៉ៃសាក់ជាប្រភេទឈើជាប់ធន់ និងប្រើបានយូរ ហើយវាជាឈើអត្តសញ្ញាណ វាមានហុងស៊ុយ ហើយស្រាល។ មួយចំណុចទៀត គឺចូលរួមកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ និងការពារបរិស្ថាន »។ នេះជាការលើកឡើករបស់លោក សិរី មុនី។

ក្រោយចរាចរលើទីផ្សារក្នុងស្រុកប្រមាណ៨ខែ ម្ចាស់អាជីវកម្ម MC ជ្រញ់ប្រណីត កំពុងសិក្សាពីការនាំចេញទៅប្រទេសក្នុងតំបន់អាស៊ាន ។ កន្លងមកផលិតផលជ្រញ់របស់លោក មុនី ក៏ត្រូវបានអតិថិជនបញ្ជាទិញទៅក្រៅប្រទេសដែរ។ លោកកំពុង សម្លឹងមើលទីផ្សារប្រទេស ថៃ វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី។

បុរសវ័យ៣២ឆ្នាំរូបនេះ បញ្ជាក់ដូច្នេះ៖ « គោលដៅយើងនាំចេញទៅក្រៅប្រទេស ដោយយើងសម្លឹងទីផ្សារក្នុងតំបន់គឺនៅប្រទេសអាស៊ាន ។ ទីផ្សារដែលយើងគិតថាអាចនាំចេញទៅបានដូចជាប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី ចំណែកប្រទេសវៀតណាមមិនទាន់មានឈើម៉ៃសាក់នេះលក់ទេ។ ចំណែកសិង្ហបុរី គេលក់ថ្លៃជ្រញ់មួយតម្លៃ ៥០-៦០ ដុល្លារ ហើយយើងលក់តែ ប្រមាណ២៥ដុល្លារទេ ចំណែកគុណភាពគេធ្វើឱ្យម៉ាស៊ីន ហើយយើងធ្វើដោយដៃ ។ អ៊ីចឹងយើងគិតថា យើងមានលទ្ធភាពប្រកួតប្រជែងជាមួយគេបាន»។ ក្រៅពីទីផ្សារនៅតំបន់អាស៊ាន លោក មុនី ក៏សិក្សាពីទីផ្សារក្នុងប្រទេសកូរ៉េ និងជប៉ុនផងដែរ។
បើតាមលោក មុនី ជ្រញ់ និងសម្ភារៈផ្ទះបាយ ក្នុងហាង MC ជ្រញ់ប្រណីត ត្រូវបានធ្វើឡើងដោយជាងឈើ នៅខេត្តរតនគិរីផ្ទាល់ ហើយយកមកលក់នៅរាជធានីភ្នំពេញ។ នៅចុងឆ្នាំ២០២២នេះ លោក មុនី នឹងបង្កើតរោងជាងមួយទៀតនៅរាជធានីភ្នំពេញ ដើម្បីបំពេញតម្រូវការទីផ្សារបច្ចុប្បន្ន៕

 

ព័ត៌មានទាក់ទង