យុវជន ម៉េងឃាង ចាប់ផ្តើមអាជីវកម្មធ្វើសម្ភារៈតុបតែងគេហដ្ឋាន ពីស៊ីម៉ងត៍ស

15/02/2022 9:00 am ភ្នំពេញ

ដោយ៖ ស៊ុល រ៉វី 

ភ្នំពេញ៖ យុវជនវ័យក្មេង លីម ម៉េងឃាង ជាសិប្បករផលិតសម្ភារៈតុបតែងពីស៊ីម៉ងត៍ស ដែលទើបនឹងចាប់ផ្ដើមអាជីវកម្មរបស់ខ្លួន កាលពីពាក់កណ្ដាលឆ្នាំ២០២១កន្លងទៅ។ អាជីវកម្មខ្នាតតូចមួយនេះ កំពុងទាក់ទាញអ្នកនិយមតុបតែងបន្ទប់ ឫផ្ទះជាដើម។ យុវជនរូបនេះ ចេះជំនាញផលិតគ្រឿងតុបតែង ពីការសិក្សាស្រាវជ្រាវតាមអ៊ីនធឺណិត។

 

មានជំនក់ចិត្តលើការងារហត្ថកម្ម និងការតុបតែងផ្ទះ យុវជន លីម ម៉េងឃាង ងាកចាប់បើកអាជីវកម្មតូចមួយ គឺកែច្នៃស៊ីម៉ងត៍ស (White Concrete)  ទៅជារបស់របរប្រើប្រាស់ សម្រាប់តុបតែងលម្អក្នុងគេហដ្ឋានជាដើម។ ការប្រឡូកចូល ក្នុងវិស័យរកស៊ីនេះ ក្រោយខ្លួនបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ Interior Design (តុបតែងលម្អនៃស្ថាបត្យកម្ម) ។

ចំណាយពេលសិក្សាស្រាវជ្រាវ ក្នុងការបង្កើតរបស់របរតុបតែងពីស៊ីម៉ងត៍ស ប្រមាណ ជា៣ខែ យុវជនវ័យ ២២ឆ្នាំរូបនេះ សម្រេចចិត្តបើកអាជីវកម្មរបស់ខ្លួន តែម្នាក់ឯង។ លោកប្រាប់ពីមូលហេតុនៃការចាប់ផ្ដើម អាជីវកម្មខ្នាតតូចរបស់ខ្លួនដូច្នេះថា៖«មូលហេតុដែលខ្ញុំចាប់យកជំនាញមួយហ្នឹង ដោយសារខ្ញុំជាមនុស្សម្នាក់ដែលស្រឡាញ់របស់ដែលធ្វើពីដៃ ហើយខ្ញុំក៏ជានិស្សិតផ្នែក Interior Design។ អ៊ីចឹងខ្ញុំក៏បាន research (ស្រាវជ្រាវ) ពីស៊ីម៉ង់ត៍សហ្នឹង ដែលយើងអាចយកមកកែច្នៃ បានជារបស់អ្វីមួយ»។ 

អាជីវកម្មរបស់លោក ម៉េងឃាង ដែលបានចាប់ផ្តើមនាពាក់កណ្ដាល ឆ្នាំ២០២១ ក្រោមយីហោ «Dai Studio 99» បានផលិតគ្រឿងតាំងលម្អ និងសម្រាប់ដាក់របស់របរប្រើប្រាស់ ចម្រុះពណ៌មួយចំនួន ដូចជា ចានទម្រកែវ ទម្រដាក់ទៀន កែវដាក់ប៊ិច និងសម្ភារៈតាំងលម្អក្នុងគេហដ្ឋានមួយចំនួនទៀត។ បើតាមសម្ដីរបស់លោក ម៉េងឃាង ការចាប់ផ្ដើមអាជីវកម្មនេះដំបូង មានភាពលំបាកខ្លាំងដែរ ក្នុងការរកវត្ថុធាតុដើម យកមកផលិត។ ដូច្នេះខ្លួនត្រូវបញ្ជារទិញវត្ថុដើមទាំងអស់ពីក្រៅប្រទេសមក។ ការណ៍នេះ ធ្វើឱ្យដំណើរការផលិត មានសភាពយឺតយ៉ាវ ដោយត្រូវរង់ចាំទំនិញ។ ប៉ុន្តែបញ្ហាខាងលើ ត្រូវបានដោះស្រាយវិញ ដោយសហគ្រាសផ្គត់ផ្គង់ក្នុងស្រុក នាពេលបច្ចុប្បន្ន។ 

ក្រៅពីបញ្ហាខាងលើនេះ ការចាប់ផ្ដើមដំបូង ក៏ជួបបញ្ហាលើការគ្រប់គ្រងពេលវេលាផងដែរ ដោយសារស្ថាបនិកវ័យក្មេងរូបនេះ ត្រូវធ្វើការពេញម៉ោងផង និងឆ្លៀតពេល២ ទៅ៣ម៉ោង ក្នុងការងារហត្ថកម្មនេះ។ 
«ដំបូងៗ ការងារដែលយើងធ្វើ ដោយដៃនេះវាពិបាកមែនទែន! វាចំណាយរពេលយូរ អ៊ីចឹងយើងគិតថាវាពិបាក។ ប៉ុន្តែយូរទៅយើងចាប់ផ្ដើមស៊ាំ ឬចាប់ផ្ដើមមានអារម្មណ៍ថា យើងចាប់ផ្ដើមចេះស្ទាត់ នឹងការងារមួយហ្នឹង យើងអាចបែងចែកពេលវេលាច្បាស់លាស់ជាមួយនឹងវា»។ 

បច្ចុប្បន្ន យុវជនវ័យក្មេងរូបនេះ ត្រូវរ៉ាប់រងខ្លួនឯងទាំងអស់លើអាជីវកម្មរបស់ខ្លួន រាប់ចាប់ពីបញ្ជាទិញវត្ថុធាតុដើម ការផលិត ផ្សព្វផ្សាយផលិតផល និងការវេចខ្ចប់ផ្សេងៗ។ ការណ៍នេះ បានធ្វើឱ្យលោក ម៉េងឃាង សប្បាយចិត្ត និងមានមោទកភាពលើការងារខ្លួន ខណៈបច្ចុប្បន្នផលិតផលធ្វើដោយដៃ របស់ខ្លួនមានការគាំទ្រ និងបញ្ជាទិញពីអតិថិជន ជាបន្តបន្ទាប់។ 

ជាមួយគ្នានេះ យុវជនរូបនេះ មានគោលបំណងក្នុងការពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួនផងដែរ។ លោកលើកឡើងដូច្នេះថា៖«សម្រាប់អនាគត ខ្ញុំចង់បង្កើត Dai Studio ឱ្យធំជាងហ្នឹង។ ខ្ញុំចង់បង្កើតឱ្យមានរបស់របរប្រើប្រាស់ច្រើនជាងហ្នឹង ទាក់ទងនឹងគ្រឿង Interior»៕

 

ព័ត៌មានទាក់ទង